ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ បានបង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ បើកលេងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតហើយ នេះយោងតាមលិខិតរបស់រដ្ឋបាលខេត្តតាកែវ ដែលអង្គភាព ស៊ី អេស អិន ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់យ៉ាងច្បាស់ថា មិនអនុញ្ញាត ឲ្យកើតមាន អាជីវកម្ម ឆ្នោតឡូតូ ល្បែងផ្សងសំណាង និងល្បែងគ្រប់ប្រភេទទៀត រដ្ឋបាលខេត្តនិងចាត់វិធានការបង្ក្រាប ល្បែងស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តតាកែវ។ ដើម្បីថែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបាន សុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋ ឱ្យមានភាពរីកចម្រើនជាលំដាប់ អភិបាលក្រុង ស្រុក ត្រូវចូលរួមអនុវត្តការបញ្ឈប់ ឬ បញ្ចប់ ការផ្តល់អាជ្ញាបណ្ណ បើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាប នូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ ឱ្យបានម៉ឹងម៉ាត់បំផុត។ ហើយករណីនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ជាមួយនឹងការដាក់ចេញនូវបទបញ្ជាថ្មីនេះ ប្រជាពលរដ្ឋជាច្រើនរស់នៅ ខេត្តតាកែវ បានសម្តែងការសាទរ និងសុំឱ្យរដ្ឋបាលខេត្ត ពិសេស ឯកឧត្តម អ៊ូច ភា ជំរុញដល់ការអនុវត្តឱ្យបានម៉ឺងម៉ាត់
ជៀសវាងសមត្ថកិច្ច កន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង ធ្វើឱ្យបទបញ្ជារដ្ឋបាលខេត្តគ្មានប្រសិទ្ធិភាព។
គួររំលឹកផងដែរថា កាលពីអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាអាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជារួចមកហើយ ទៅតាមរដ្ឋបាលខេត្ត ឱ្យបង្ក្រាបនិងលុបបំបាត់ ឱ្យបាននូវល្បែងស៊ីសង។ បទបញ្ជានេះ ត្រូវបានរដ្ឋបាលខេត្ត ក៏ដូចជាសមត្ថកិច្ច ស្ទុះស្ទារ និងចាត់វិធានការក្តៅ បង្ក្រាបដោយមិនមានការលើកលែង។ តែបទបញ្ជានេះ ហាក់មានសុពលភាព ត្រឹមតែមួយចំអិនកំពិសប៉ុណ្ណោះ ក្រោយមកល្បែងទាំងអស់ ក៏កម្រើកឡើងវិញជាធម្មតា និងពាសពេញ រាជធានី ក្រុង ខេត្ត ដដែល៕