មន្ត្រីបរិស្ថានរុញដាក់គ្នា ករណីលួចរុះរើលំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន ៣គ្រួសារ នៅភូមិស្រែពកធំ

ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅក្នុងភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី បានរៀបរាប់ប្រាប់ អ្នកយកព័ត៌មាន ស៊ី អេស អិន យើងថា ពួកគាត់កំពុងមានការភ័យខ្លាច បាត់បង់លំនៅដ្ឋាន នៅពេលពួកគេចេញទៅប្រកបការងារប្រចាំថ្ងៃ ។

ប្រជាពលរដ្ឋម្នាក់ មានឈ្មោះ ចៅ គឹមសេង ភេទប្រុស អាយុ ៦២ឆ្នាំ ជាម្ចាស់ផ្ទះដែរត្រូវបានបរិស្ថានរុះរើ រស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា ផ្ទះរបស់គាត់ត្រូវបានក្រុមមន្ត្រីបរិស្ថាន រុះរើខូចខាតស្ទើតែទាំងស្រុង កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៤ កន្លងមកនេះ ខណៈរូបគាត់មិនបាននៅផ្ទះ ។ ហើយលោកពូ ចៅ គីមសេង បានបញ្ជាក់ថា ផ្ទះមួយនេះ ក្រុមគ្រួសារគាត់ ខំប្រឹងប្រែងធ្វើជាកម្មករក្រុមហ៊ុន ជាង១០ឆ្នាំ ដើម្បីសន្សំលុយមកធ្វើ តែឥឡូវត្រូវក្រុមមន្ត្រីបរិស្ថានទាំងនេះ មកធ្វើសកម្មភាព លួចរុះរើផ្ទះដោយមិនបានជូនដំណឹងជាមុន ធ្វើដូចជាចោរ បាត់ទាំងមាន់ និង របោះរបរមួយចំនួន សូម្បីតែអង្កររបស់គាត់ ក៍ត្រូវបានមន្ត្រីបរិស្ថានទាំងនោះ យកទៅបោះចោលក្នុងព្រៃផងដែរ ។

ពាក់ព័ន្ធករណីក្រុមមន្ត្រីបរិស្ថាន ចុះរុះរ់ើកម្ទេចលំនៅដ្ឋានប្រជាពលរដ្ខ ចំនួន ៣គ្រួសារ នៅក្នុងភូមិស្រែពកធំ លោកមេឃុំសេរីមង្គល បានបញ្ជាក់តាមរយ:ទូរស័ព្ទថា លោកអត់បានដឹងទេ ថ្ងៃដែរបរិស្ថានរុះរើន លោកទើបដឹងពេលដែរប្រជាពលរដ្ឋ ៣គ្រួសារ មកសូមឲ្យជួយរកដំណោះស្រាយ ក្រោយពីបានទទួលព័ត៌មាន លោកបានឲ្យមេប៉ុស្តិ៍ចុះទៅពិនិត្យមើល ឃើញថា ផ្ទះប្រជាពលរដ្ឋមានការរុះរើពិតមែន ។ ហើយលោកបានបញ្ជាក់ថា លោកបានរាយការណ៍ជូនទៅស្រុកហើយ តែមិនទាន់ឃើញឆ្លើយតប ។

ពាក់ព័ន្ធករណីខាងលើ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមួយរូប បានខ្សឹបប្រាប់ថា ករណីនេះ លោក សុង បរិស្ថានស្រុកកូនមុំ ជាអ្នកដឹកនាំក្រុមមន្ត្រីបរិស្ថានចុះរុះរើ តែទោះជាយ៉ាងណា អ្នកយកព័ត៌មានយើង ខិតខំស្វែងរកការពិត ដើម្បីជូនមហាជន ជាពិសេសជូនដល់ថ្នាក់ដឹងនាំបានជ្រាបផងដែរ។ ហើយពាក់ព័ន្ធករណីនេះ អ្នកយកព័ត៌មានយើង ក៍បានធ្វើការទំនាក់ទំនង ទៅលោក សុង បរិស្ថានស្រុកកូនមុំ តាមរយៈទូរស័ព្ទ ដើម្បីសុំការបកស្រាយពន្យលជុំវិញបញ្ហានេះ ក៍ប៉ុន្តែ ត្រូវបានលោក សុង បដិសេធថា លោកមិនដឹងទេ សួរទៅខាងបរិស្ថានស្រុកលំផាត់ តែនៅពេលអ្នកព័ត៌មានយើង សុំលេខទូរស័ព្ទ បរិស្ថានស្រុកលំផាត់ លោកថា មិនហ៊ានឲ្យទេ ព្រោះគ្មានការអនុញ្ញាតពីគេ ៕

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author