បើទោះជាមានការរិះគន់ពីក្រុមមន្ត្រីសិទ្ធិមនុស្សជាបន្តបន្ទាប់ក៏ដោយ ក៏នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះសមត្ថកិច្ចចម្រុះរបស់សាលារាជធានីភ្នំពេញបានបន្តឃាត់ខ្លួនព្រះសង្ឃ និងសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ចំនួន៤នាក់បន្ថែមទៀត ដោយគ្មានខ្វល់ខ្វាយជាមួយនឹងការរិះគន់នោះឡើយ។
សកម្មភាពឃាត់ខ្លួនព្រះសង្ឃ និងសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ចំនួន៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ត្រូវបានគេសង្កេតឃើញថា ធ្វើឡើងក្នុងពេលដែលពួកគាត់ និងក្រុមអ្នកតវ៉ាផ្សេងទៀតប្រមាណជា៦០នាក់ នាំគ្នាមកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ចំនួន៧នាក់ផ្សេងទៀត ដែលត្រូវឃាត់ខ្លួនពីថ្ងៃម្សិលមិញ។
គួរកត់សម្គាល់ថានៅថ្ងៃម្សិលមិញនេះ ប្រជាសហគមន៍បឹងកក់ប្រមាណជាជិត១០០នាក់បាននាំគ្នាមកធ្វើការតវ៉ានៅសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យស្ថាប័នមួយនេះជំរុញការដោះស្រាយបញ្ហាជម្លោះដីធ្លី និងបញ្ហាជំនន់ទឹកភ្លៀងលិចភូមិដ្ឋានរបស់ពួកគាត់។
ក្រុមអ្នកតវ៉ាបានពន្យល់ថា ទំនាស់ដីធ្លីរបស់ពួកគាត់បានកើតឡើងជិត១០ឆ្នាំទៅហើយ តែអាជ្ញាធរពាក់ព័ន្ធរបស់សាលារាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែមិនអាចដោះស្រាយបញ្ហានេះជូនពួកគាត់ឲ្យបានចប់សព្វគ្រប់ និងមានភាពយុត្តិធម៌នោះទេ។
សកម្មភាពឃាត់ខ្លួនក្រុមអ្នកតវ៉ាអហិង្សា ដោយកំរោលពីសំណាក់សន្តិសុខស៊ីឈ្នួល ក្រោមការគាំពារកងកម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃម្សិលមិញ និងនៅថ្ងៃនេះ ត្រូវបានក្រុមមន្ត្រីសិទ្ធិមនុស្សថ្កោលទោសចំពោះការចាប់ឃាត់ខ្លួននេះថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាការរំលោភបំពានគោលការណ៍ច្បាប់។
អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជាបានលើកឡើងថា មន្ត្រី និងស្ថាប័នក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល តែងតែប្រើអំណាច និងបង្គាប់បញ្ជាសមត្ថកិច្ចម្រុះឲ្យមានការចាប់ឃាត់ខ្លួនប្រជាពលរដ្ឋរងគ្រោះ ក្នុងរឿងជម្លោះដីធ្លី តែពួកគេមិនបានយកចិត្តទុកដាក់ឲ្យអស់លទ្ធភាពតាមរយៈគោលការណ៍ច្បាប់ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះទេ។
អាជ្ញាធរក្រោមការគ្រប់គ្រងដោយរដ្ឋបាលគណបក្សប្រជាជនកម្ពុជាកន្លងមក ត្រូវបានម្ចាស់ជំនួយបរទេសស្តីបន្ទោសដោយយោងទៅលើរបាយការណ៍ក្រុមមន្ត្រីសិទ្ធិមនុស្សថា មិនត្រឹមតែ មិនយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីរវាងភាគីក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានយុត្តិធម៌នោះទេ តែផ្ទុយទៅវិញមានមន្ត្រីខ្លះបែរជាទៅឃុបឃិតជាមួយក្រុមនាយទុនទុច្ចរិតទៅរំលោភទន្ទ្រានយកដីប្រជាពលរដ្ឋដោយខុសច្បាប់ទៅវិញ។
ប្រភពដដែលបានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងសមត្ថកិច្ច និងស្ថាប័នតុលាការ ទៅបំភិតបំភ័យ និងចាប់ឃុំខ្លួនប្រជាពលរដ្ឋរងគ្រោះដីធ្លីដាក់ពន្ធនាគារ មិនមែនជាដំណោះស្រាយដោយយុត្តិធម៌នោះទេ តែវានឹងបង្កឲ្យសង្គមកម្ពុជាមានវិបត្តិកាន់តែធ្ងន់ធ្ងរ៕