ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ សង្កាត់​កណ្ដោ​ដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​​ទាំង​ថ្ងៃ តាមរបៀប​ជិះសេះ​លែង​ដៃ !

កំពង់ស្ពឺ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ ភូមិ​កាប​ទូក​ សង្កាត់​កណ្ដោ​ដុំ ក្រុង​ច្បារមន បានឲ្យដឹងថាពួកគាត់តែងតែសង្កេតឃើញ រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​ បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ ឬ​អ្នកបើកបរ​រថយន្ត រ​ត់យ៉ាង​ប្រសេចប្រសាច​ ទៅ​បង់លុយ​ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង តាម​ការកំណត់ ដោយ​មិន​អាច​តវ៉ា​បានទេ​។

ប្រភពពីក្រុម​ឈឈ្មួញ និង​អាជីវករ​មួយចំនួន​ បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុលេីតុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ ផ្លូវជាតិ​លេខ​4 ស្ថិតនៅសង្កាត់​កណ្តា​ដុំ ក្រុង​ច្បារមន
ខេត្ត​កំពង់ស្ពឺ នោះដែរ​។​

​​ក្រុមអាជីវករ ដឹកទំនិញនិងកសិផលផ្សេងៗ អំពាវនាវ​ឲ្យ​សូមលោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ ផ្លូវជាតិ​លេខ​4 សង្កាត់​កណ្ដោ​ដុំ​ ក្រុង​ច្បារមន និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាបន្ទាន់​ផង។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ ខេត្ត​កំពង់ស្ពឺ លក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ ផ្លូវជាតិ​លេខ​4 ក្នុង​សង្កាត់​កណ្ដោ​ដុំ​ ក្រុង​ច្បារមន ធ្វើអ្វីៗបានតាមអំពើចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​ នៅ​ខាងលើ​ផងដែរ​។ ហើយប្រភពបានបញ្ជាក់ទៀតថា ​ជា​ការពិត​ឈ្មួញ​មួយចំនួន​ បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ ផ្លូវជាតិ​លេខ​4 ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ ដោយ​មិន​ខ្វល់​ពី​រឿង​ម្ចាស់រថយន្ត​ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​ ហើយ​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី​ ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ ថ្លឹង​រថយន្ត​ខាងលើ រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​ តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជា​មិនខាន់ឡេីយ។​ ​ហេតុនេះហើយ​ ទើប​រថយន្ត​តូច ធំ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​ នៅតែ​អាច​បើកបរ​លើ​ផ្លូវ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ ផ្លូវជាតិ​លេខ​4 សង្កាត់​កណ្ដោ​ដុំ យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូចផ្លូវ ខូច​សស្ពានជា​បន្តបន្ទាប់​។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធការលើកឡើងពីប្រភពខាងលើ អង្គភាព ស៊ី អេស អិន មិនទាន់អាច ស្វែងរកសុំការបកស្រាយបំភ្លឺ ពីប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត ខាងលើបានទេ ដោយពំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ប្រសិនបើសាមីពាក់ព័ន្ធ គិតថាព័ត៌មានខាលើនេះ មិនពិតត្រង់ចន្លោះណាមួយ សូមទំនាក់ទំនង មកអង្គភាពយើងខ្ញុំ រងចាំការបកស្រាយបំភ្លឺបាន រាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕ សូមអរគុណ លេខទូរស័ព្ទទំនាក់ទំនង 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author