កាកបាទក្រហមកម្ពុជា បដិសេធ មិនទទួល យកថវិកា ៤០០០ដុល្លារ ពីលោកជំទាវ សម មុន្នីកា

ភ្នំពេញ ៖ ថវិកា៤០០០ដុល្លារ ដែលលោកជំទាវ សម មុន្នីកា ទទួលបានពីបុរស រត់រថយន្ដ ឈ្នួលនៅខេត្ដរតនគិរី តាម រយៈការជួយ ឧបត្ថម្ភជាបន្ដបន្ទាប់ ពីសប្បុរជននានា ក្រៅពីទទួល រងព្យុះរិះគន់ យ៉ាងខ្លាំងនៅ ក្នុងបណ្ដាញ ទំនងទំនង សង្គម Facebook នោះ ឥឡូវនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានប្រកាស មិនទទួលយកថវិកា ទាំងនេះពីលោកជំទាវនោះឡើយ ។

យោងតាម សេចក្ដីជូន ដំណឹងរបស់ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានបញ្ជាក់ថា «កាក បាទក្រហមកម្ពុជា មានការសោកស្ដាយ យ៉ាងខ្លាំង ចំពោះលោកជំទាវ សម មុន្នីកា ដែលមានតួនាទី ជារដ្ឋ លេខាធិការ ក្រសួងទេសចរណ៍ បានធ្វើបទសម្ភាសន៍នៅ ក្នុងកម្មវិធី BTV TOP STORY Live ជាមួយ ទូរទស្សន៍បាយ័ន កាលពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១៨ដល់ម៉ោង១៨និង៤៥នាទី ។ នៅក្នុងកិច្ចសម្ភាសន៍នោះលោកជំទាវ សម មុន្នីកា បានគូសបញ្ជាក់ថា និងយកថវិកា ចំនួន៤០០០ដុល្លារ ដែលជាសំណងទទួលបាន ពីអ្នកបើកបរ តាក់ស៊ីមក បរិច្ចាគដល់កាកបាទក្រហមកម្ពុជា»។

សេចក្ដីជូនដំណឹង របស់កាកបាទក្រហម បានបញ្ជាក់ទៀតថា «កាកបាទក្រហមកម្ពុជា មានកិត្ដិយស សូមជូនដំណឹង ដល់សាធារណៈជនទាំងអស់ មេត្ដាជ្រាបថា ៖ រហូតមកដល់ពេលនេះ កាកបាទ ក្រហមកម្ពុជា មិនទាន់មាន ទំនាក់ទំនងជាមួយលោកជំទាវ សម មុន្នីកា ពាក់ព័ន្ធការ ប្រគល់ថវិកានេះនៅឡើយទេ ។ ផ្អែកតាមគោលការណ៍គ្រឹះភាព មនុស្សធម៌នៃចលនាអន្ដរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងព្រះរាជក្រឹត្យ ស្ដីពីការ ទទួលស្គាល់ កាកបាទ ក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា សូមបដិសេធមិនទទួលយកថវិកាទាំងនេះទេ» ។

សូមបញ្ជាក់ថា លោកជំទាវ សម មុន្នីកា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងមិត្តភក្តិ របស់ខ្លួន ៣នាក់ផ្សេងទៀត ទទួលសំណងថវិកា ៤ពាន់ដុល្លារ បានសម្រេច ពីបុរសរត់តាក់ស៊ី នៅខេត្តរតនៈគិរី ដោយគ្មានការយោគយល់ឡើយ ទោះបីបុរស រត់តាក់ស៊ី ធ្លាប់បាន សរសេរលិខិត សុំទោស និងសុំក្តីអនុគ្រោះ ពីលោកជំទាវទាំង៤នាក់ យ៉ាងណាក្តី ។

ទឹកប្រាក់ ទាំងអស់មិនមែន ជាទឹកប្រាក់របស់បុរស រត់តាក់ស៊ីនោះទេ ពោលលុយទាំងនេះ បានមកពីការ រ៉ៃអង្គាស របស់សប្បុរសជន ដែលមានទឹកចិត្តសប្បុរស ក្នុងនោះមានទាំង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយ៥០០ដុល្លារ ខណៈបុរសម្ចាស់ រថយន្តឈ្នួល គ្មានប្រាក់១រៀលនោះទេ។

លោក ផែង វណ្ណៈ អ្នកផ្តើមគំនិត រៃអង្គាសប្រាក់ ពីសប្បុរសជន ជាមួយលោក ព្រំ សាន មន្រ្តីក្រសួងព័ត៌មាន បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ទឹកប្រាក់ទាំង ៤ពាន់ដុល្លារ ត្រូវបានរូបលោក និងភរិយា របស់បុរសរត់ រថយន្តឈ្នួល ព្រមទាំងលោក ព្រំ សាន យកទៅប្រគល់ ជូន លោកជំទាវ សម មុន្នីកា រួចរាល់ហើយ ។ រីឯរថយន្ត ត្រូវបានសមត្ថកិច្ច ប្រគល់ជូន ម្ចាស់វិញហើយ ក្រោយបានផ្តល់សំណង រួចរាល់ ។

លោក ខឹម មករា បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា វេលាម៉ោងជិត ៨ព្រឹក រថយន្តតាក់ស៊ីប្រភេទទេស ចរម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AA-8934 បើកបរដោយបុរស ឈ្មោះ ខឹម មករា ចេញដំណើរពី ចំណតរថយន្តមុខស្ថានីយ៍រថភ្លើង ភ្នំពេញឆ្ពោះទៅខេត្តរតនគីរី ដោយដឹក អ្នកដំណើរ១៥នាក់។

លុះដល់វេលាម៉ោងប្រហែល ៤និង៣០នាទី រសៀលថ្ងៃទី១៩ ខែតុលា ខណ:ពេលកំពុងបើកបរ រថយន្តបានខូចដាច់ រ៉ូទីលធ្លាក់ចេញពីផ្លូវចម្ងាយប្រហែល ៤,៥ម៉ែត្រ នៅចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ។ ក្នុងការខូចរថយន្តធ្លាក់ផ្លូវនេះ មិនបង្កឲ្យអ្នកដំណើរ មានរងរបួសគ្រោះថ្នាក់អ្វីទេ ប៉ុន្តែបានបង្កការភ័យខ្លាច ដល់អ្នកដំណើរ។

ក្រោយកើតហេតុ ខូចរថយន្ត អ្នកដំណើរចំនួន១០នាក់ បាននាំគ្នាជិះរថយន្ត ផ្សេងបន្ត ដំណើរទៅមុខទៀត លើកលែងតែ លោកជំទាវ សម មុន្នីកា និងមិត្តិភក្តិ៣នាក់ផ្សេងទៀត កើតទុក្ខមិនសុខចិត្ត និងប្ដឹងឲ្យនគរបាល ឃាត់រថយន្តតាក់ស៊ីនោះ ដោយទាមទារ សំណងសម្រាប់ការភ័យខ្លាច របស់ពួកគាត់ម្នាក់ ១.០០០ដុល្លារ ៤នាក់ស្មើនឹង ៤.០០០ដុល្លារ។ ដោយម្ចាស់រថយន្ត គ្មានលុយឲ្យរថយន្តត្រូវ បាននគរបាលឃាត់ ទុករហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា នៅតែមិនដោះស្រាយ។

ក្រោយពីមានការប្ដឹង ពីអ្នកដំណើរ ម្ចាស់រថយន្តតាក់ស៊ី លោក ខឹម មករា បានសរសេរលិខិត សុំទោសចំនួន២ លើករួចហើយ ផ្ញើជូនទៅលោកជំទាវដើមបណ្ដឹង។ នៅក្នុងលិខិតសុំទោសម្ចាស់ រថយន្តបានសារភាពថា គាត់ពិតជា មានការខ្វះខាតត្រួត ពិនិត្យលក្ខណៈបច្ចេកទេសរថយន្តមែន។ ប៉ុន្តែលោកជំទាវដើមបណ្ដឹងមិនព្រមអនុ គ្រោះនោះឡើយ ដោយនៅ តែទទូចចង់ទាមទារសំណង ៤.០០០ដុល្លារដដែល។

ទន្ទឹមនឹងការដោះស្រាយមិនទាន់ចប់ម្ចាស់រថយន្តបានស្នើសុំរថយន្តទៅជួសជុសប្រើប្រាស់ ដើម្បីប្រកបរបរ ចិញ្ចឹមជីវិត តែគ្មានសមត្ថកិច្ចណាហ៊ានអនុញ្ញាតទេ ដោយសមត្ថកិច្ច លួចបង្ហើបប្រាប់ថា មានអ្នកមានអំណាច បញ្ជាមកមិនឲ្យដោះលែងរថយន្តនោះទេ ។

ដោយក្តី អាណិតអាសូរ និងមើលឃើញថា បុរសរត់រថយន្តទួរីសមានជីវភាពខ្វះខាត មិនមានលទ្ធភាពសង លោក ផែង វណ្ណៈ រួមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានអំពាវនាវស្វែង រកការជួយឧត្ថម្ភពីអ្នកមានទឹកចិត្ត សប្បុរស រ៉ៃអង្គាសលុយគ្នា តាមទឹកចិត្តសទ្ធា រកលុយបានរហូតគ្រប់ ៤០០០ដុល្លារ ប្រគល់ជូនលោកជំទាវទាំង ៤នាក់ ដើម្បីបញ្ចប់សំណុំរឿងយករថយន្ត ប្រគល់ជូនទៅម្ចាស់ប្រកបរបរ ចិញ្ចឹមជីវិតបន្ត។

សប្បុរសជនដែលមានទឹកចិត្ត សប្បុរសធម៌រូមមាន៖ លោក ខៀវ កាញ៉ារីទ្ធ ៥០០ដុល្លារ, លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន និង លោក នឹម ច័ន្ទតារា ឧបត្ថម្ភ ៣០០ដុល្លារ, លោកស្រី LaLa Dalin ១លានរៀល, លោកស្រី នឹម វណ្ណ: ១០០ដុល្លារ, កញ្ញា Sou Chhi ២០០ដុល្លារ,លោក ជុំ កុសល ១០០ដុល្លារ, លោក. គឹម សន្តិភាព ១០០ដុល្លារ, លោក ផែង វណ្ណៈ ២០ម៉ឺនរៀល…រួមនិងសប្បុរសជនជាច្រើននាក់ផ្សេងទៀត ក្នុងនោះ ក៏មានការ ជួយឧបត្ថម្ភពីក្រុមចលនាយុវជន១៥៧ផងដែរ។

សំណុំរឿងប្តឹងផ្តល់ ទារសំណងព្រោះតែការ ផិតភ័យកើតចេញពីការ ជិះរថយន្តឈ្នួលនេះ បានធ្វើឲ្យក្រុមលោក ជំទាវនៅក្នុង ក្រសួងទេសចរណ៍ ដែលគេដឹងថា មានស្វាមីជាមន្រ្តីជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃនោះ រង់នូវការរិះ គន់យ៉ាងចាស់ដៃពី ក្រុមអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុក និងមជ្ឈដ្ឋានទូទៅ។ ពួកគេបានហៅ ការលើកដៃយកលុយ ៤ពាន់ដុល្លារកើតចេញ ពីការរ៉ៃអង្គាសគ្នា ដែលមានទាំងមន្រ្តីតូចតាចក្នុង ក្រសួងទេសចរណ៍ ផងនោះថា គឺជាស្រឡាញ់ទឹកប្រាក់លើសលប់គ្មានទឹកចិត្ត សណ្តោសប្រណីជាសណ្តានថ្លៃ ថ្នូរជាមនុស្សនោះឡើយ។

ក្រុមអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក បានលើកឡើងបន្តថា ប្រសិនបើបុរស អ្នករត់រថយន្តឈ្នួល ពិតជាបាន បើកបរដោយ មិនមានការប្រុងប្រយ័ត្ន ជាហេតុបង្កការតក់ស្លុត ដល់លោកជំទាវនោះ យ៉ាងហោចណាស់ត្រឹមការ ពិន័យត្រឹមការ សុំទោស ឬការអប់រំដល់ពួកគាត់ ព្រោះអ្នករត់រថយន្តឈ្នួលទឹកប្រាក់ ៤.០០០ដុល្លារ ជាចំនួន មួយដ៏លើសលប់ជិតស្មើនឹងតម្លៃរថយន្តទៅហើយ ពួកគាត់ប្រាកដជា គ្មានលទ្ធភាពរកសងនោះឡើយ។

តែសោកស្តាយលោក ជំទាវទាំង៤រូប គ្មានការយោគយល់ នៅតែចិញ្ចឹមចិត្តទារសំណង ៤ពាន់ដុល្លាររហូតបាន សម្រេច៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

CH-00325CH-00305CH-00303 CH-00304

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author