រថយន្តសង្គ្រោះដឹកអ្នកជំងឺមកមន្ទីពេទ្យ មិនទាន់ដល់ផង គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវថែមទៀត

ភ្នំពេញ​~ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពីវេលាម៉ោង១១:២៥នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បង្កឡើង​ដោយសារ​តែ​បុរស​ម្នាក់ បើក​រថយន្ត​កាមរី​បា​ឡែន​ក្នុង​ល្បឿន​លឿន​ជ្រុល ទៅបុក​រថយន្ត​សង្គ្រោះ​របស់មន្ទីរពេទ្យ​បាវិត ខណៈ​ដឹក​នាក់​ជំងឺ​មក សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ បណ្តាលឲ្យ​រថយន្ត​សង្គ្រោះ​ក្រឡាប់​៣​ជុំ នៅ​ចំណុច​ស្តុប​បូកគោ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​ទន្លេ​បាល​សាក់ ខណ្ឌចំការមន ។​ ​ ​

យោង​តាម​សម្ដីសាច់ញាតិជនរងគ្រោះ​​បានឲ្យដឹងថា មុនពេល​កើតហេតុ ​រថយន្ត​សង្គ្រោះ​របស់មន្ទីរពេទ្យ​បាវិត បាន​ដឹក​នាក់​ជំងឺ​ម្នាក់ មក​ពី​ក្រុង​បាវិត ឆ្ពោះ​ទៅ​សម្រាក​ព្យាល​បាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមន្នីវង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ស្តុប​បូកគោ ស្រាប់តែ​មាន​រថយន្ត​កា​ម​រី​បា​ឡែន​មួយគ្រឿង ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-9617 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន បាន​ជ្រុល​មកបុក​រថយន្ត​សង្គ្រោះ​បន្ទាន់ ​ចំ​ពី​ចំហៀងពេញទំហឹង បណ្តាលឲ្យ​ក្រឡាប់​៣​ជុំ អូស​​ប្រហែល៤០​ម៉ែត្រ ទៅ​ប៉ះ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យ​បាក់​អស់​២​កង់​។

ចំណែក​អ្នកជំងឺ​នៅក្នុង​រថយន្ត​បាន​គាប​ជាប់​ក្នុង​រថយន្ត និង​កូនប្រុស​២​នាក់​ទៀត​ដែល​អង្គុយ​មើលថែ​ក្នុងនោះ ក៏​របួសធ្ងន់​ផងដែរ​។ ដោយឡែក​ម្ចាស់​រថយន្ត​បង្ក​គ្រាន់តែ​របួស​បន្តិច​បន្ទួច​តែប៉ុណ្ណោះ ហើយ​បាន​ចុះ​ពី​រថយន្ត​គេចខ្លួន​បាត់​តែ​ម្តង​។​ ​ ​

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះមួយទៀត​ដឹក​ទៅ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ចំណែក​រថយន្ត​ទាំង​ពី​គ្រឿង រង​ការខូចខាត​ទាំងសងខាង ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រង់ចាំ​ដោះស្រាយ​៕ដោយ សហការី

 

image image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author