ពេជ្រ ថាវរ៉ា បដិសេធ ដំណឹងបោកលុយ បុរសអាម៉េរិក មកចិញ្ចឹម សង្សារវ័យក្មេង

ផ្តល់សិទ្ធិដោយ៖ Lookingtoday

ភ្នំពេញ៖ ថ្មីៗនេះមានដំណឹង ដ៏រសើបមួយបានលេចឮថា តារាសម្តែងរូបស្រស់ស្រស់ស្អាត សម្តីផ្អែម កញ្ញា ពេជ្រ ថាវរ៉ា ត្រូវបុ រសម្នាក់ចោទប្រកាន់ថា នាងបានបោកលុយ យ៉ាងច្រើនសន្ទឹកសន្ទាប់ ពីបុរសវ័យជាង៥០ឆ្នាំម្នាក់ រស់នៅអាមេរិក ជាអតីតអនាគតស្វាមី មកចិញ្ចឹម និង ទំនុកបម្រុងសង្សារវ័យ ក្មេងនៅស្រុកខ្មែរ ។ ប៉ុន្តែត្រូវបាន នាងឆ្លើយ បដិសេធន៍ថា នាងមិនបានបោកលុយ ពីបុរសនោះ មកចិញ្ចឹមប្រុសក្មេង ណាម្នាក់ទេ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះ ពេជ្រ ថាវរ៉ា បាននិយាយរៀបរាប់ថា “រឿងដែលបុរសម្នាក់ ចោទប្រកាន់ថាខ្ញុំ បោកលុយគេយកមកចិញ្ចឹម ប្រុសក្មេងនោះ គឺគ្មានឡើយ ហើយខ្ញុំក៏សូមបដិសេធន៍ទាំងស្រុង ជុំវិញការនិយាយមូលបង្កាច់ និងបង្ខួចកេរ្តិ៍ឈ្មោះខ្ញុំបែបនេះ..”។

តារាសម្តែងស្រី ជួបជំពប់បរាជ័យរឿងជីវិតស្នេហា កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយទៀតថា កាលពីកន្លងមកនេះ នាងពិតជាបានស្គាល់បុរសម្នាក់ រស់នៅសហរដ្ឋអាមេរិកមែន តាមរយៈការលេងហ្វេសប៊ុក រហូតឈានដល់ដំណាក់កាល នៃការភ្ជាប់ពាក្យ ជាមួយគ្នា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ តែពិធីនេះ ពុំបានរៀបចំធំដុំ បើកចំហរនោះឡើយ គ្រាន់តែមានចាស់ទុំចូលរួម ប្រមាណ ២០-៣០ នាក់តែប៉ុណ្ណោះ។

កញ្ញា ពេជ្រ ថាវរ៉ា បានបញ្ជាក់ថា បន្ទាប់ពីបុរសអតីតគូស្នេហ៍វ័យ ជាង ៥០ ឆ្នាំម្នាក់នេះ បានឡើងយន្តហោះស្កាត់មកជួប និងភ្ជាប់រួចរាល់ ហើយនោះ គេក៏បានឱ្យនាងផ្អាកការងារសិល្បៈ ហើយចំពោះសំណើរនេះ នាងក៏បានសម្រេចធ្វើតាម ដើម្បីផ្គាប់តាមចិត្ត របស់បុរសគូស្នេហ៍ ។ ប៉ុន្តែផ្ទុយទៅវិញ បុរសអតីតស្វាមីខាងលើនេះ បែរមិនដែលយល់ចិត្តនាងវិញឡើយ គឺជាប្រចាំ តែងរកគ្រប់វិធីសាស្រ្ត តាមរករឿងនាង មិនដែលលស់ ថ្ងៃណានោះទេ។

តារាសម្តែងវ័យជាង២០ ឆ្នាំ ប៉ះចំស្នេហ៍បុរសអាយុស្របាលឪពុកខ្លួន កញ្ញា ពេជ្រ ថាវរ៉ា បានបន្តថា ហេតុផលដែលគាត់ តែងយកបង្កើតហេតុផល ឱ្យក្លាយទៅជារឿង ដើម្បីឈ្លោះប្រកែកគ្នានោះគឺ ការប្រច័ណ្ឌ ដោយគ្មានមូលហេតុ និង មួយទៀត ជារឿងអាក្រក់បំផុតនោះ បន្ទាប់ពីការភ្ជាប់ ពាក្យហើយ មិនបានប៉ុន្មានផង គាត់បានសុំនាងឱ្យ នៅផ្ទះជាមួយគ្នា ប៉ុន្តែត្រង់ចំណុចនេះ នាងតែងបដិសេធន៍ មិនព្រមជានិច្ច ក្រោយមកគាត់ ក៏ខឹងហើយបានឡើងយន្តហោះ ទៅអាមេរិកវិញ ។

កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយប្រាប់ទៀតថា កន្លងផុតប្រហែលជា៣ខែ បុរសខាងលើ ក៏បានធ្វើដំណើរ មកស្រុកខ្មែរម្តងទៀត ហើយអ្វីដែលជា គោលបំណង របស់គេនោះ គឺមិនខុសគ្នា កាលពីទើបភ្ជាប់ពាក្យទេ ដោយទទូចដដែលជាដដែល ពីរឿងឱ្យនាងរស់នៅជាមួយ ក្នុងហេតុផលថា នៅបរសទេស ក្រោយពេលភ្ជាប់ពាក្យ ជាមួយគ្នា គឺភាគីគូស្នេហ៍ទាំងពីរ អាចរស់នៅជាមួយគ្នា បានតាមធម្មតា ទោះមិនទាន់ដល់ថ្ងៃរៀបការក្ដី ។ ប៉ុន្តែនាងបានបញ្ជាក់ ប្រាប់វិញថាប្រពៃណីរបស់ខ្មែរ គឺមិនដូចបរទេសទេ ហើយចំពោះនាង ក៏មិនអាចធ្វើបែបនេះ បានដូចគេដែរ ។
កញ្ញា ពេជ្រ ថាវរ៉ា បានបញ្ជាក់បន្ថែមថា “ដោយសារការមើលលើអត្តចរិត ពីមួយថ្ងៃទៅមួយ ហាក់មិនស៊ីសង្វាក់គ្នា និងមិនអាចចុះសម្រុងគ្នាបាន ទើបកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះខ្ញុំបានសម្រេចចិត្តផ្តាច់ពាក្យ បែកគ្នាតែម្តង ដើម្បីកំឱ្យមានពិបាក និងឈឺចាប់កាន់តែ ខ្លាំងជាងនេះ ។ ម្យ៉ាងទៀតចាប់តាំងពីខ្ញុំស្គាល់គាត់ មកគឺគ្មានការចំណេញ អ្វីមកវិញទេ មានតែការខាតបង់ ដូចរឿងផ្អាកសម្តែងសិល្បៈ មុននេះជាដើម ” ។

ដោយឡែករឿងដែលចោទប្រកាន់ថា ពេជ្រ ថាវរ៉ា បានបោកលុយ ពីអតីតគូដណ្តឹងអាណិកជន អាមេរិកម្នាក់នេះ ដើម្បីចិញ្ចឹមសង្សារវ័យក្មេង នៅស្រុកខ្មែរនោះ គឺនាងសូមធ្វើការបដិសេធ និង ច្រានចោលទាំងស្រុង ថាគ្មានរឿងបែបទេនេះ ពោលគ្រាន់តែការចោទប្រកាន់ ដើម្បីសម្អុយកេរ្តិ៍ឈ្មោះ របស់នាងតែប៉ុណ្ណោះ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author