សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងបានឲ្យដឹងថា បទល្មើសបំផ្លាញព្រៃឈើតាមបណ្តាស្រុកនានាៗកំពុងកើតទ្បើងយ៉ាងពេញបន្ទុក ហើយអាជ្ញាធរខេត្ត និងនាយសង្កាត់ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត មិនចាត់វិធានការទប់ស្កាត់នោះទេ។ គេសង្កេតឃើញមួយរយៈពេលនេះ នៅចំណុចអូរដា ភូមិគភោគ និងទួលសេវ៉ា ចំណុច១០១ ខាងកើតទន្លេជាប់ព្រំប្រទល់ទ្បាវ ចំណុច១០១មានបទល្មើសបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ ដោយច្រកក្រោមស្លាកក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែងបានលើកទ្បើងថា៦០ភាគរយនៃព្រៃឈើក្នុងខេត្តស្ទឹងត្រែង ត្រូវបំផ្លាញដោយមេឈ្មួញធំៗប្រមូលទិញឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំធំៗក្នុងខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង មានដូចជាស្រុកសៀមបូក ស្រុកសៀមប៉ាង ស្រុកថាទ្បាបរិវ៉ាត់ ឪ និងស្រុកសេសាន ជាប់ឧទ្យានជាតិវីរៈជ័យបានឲ្យដឹងថា ស្រេង ម៉េង ជាមេឈ្មួញបំផ្លាញព្រៃឈើកំពូលល្បិច បានប្រើគ្រប់វិធីដើម្បីកាប់ឈើប្រណីតដឹកជញ្ជូនយកទៅលក់នៅប្រទេសយួន និងប្រទេសផ្សេងទៀត ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
កាលពីមុនមានតែឈើប្រណីតប្រភេទគ្រញូង បេង នាងនួន និងធ្នង់ ប៉ុណ្ណោះដែលប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយដោយមានការឃុបឃិតជាមួយ លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង តុលា ជានាយរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។ ឥទ្បូវនេះសូម្បីតែឈើប្រភេទផ្ចិក សុក្រំ និងស្រទ្បៅ ក៏ត្រូវគេកាប់អារច្រៀកដឹកជញ្ជូនចេញពីព្រៃចូលទៅក្នុងឃ្លាំងស្តុករបស់មេឈ្មួញ ស្រេង ម៉េង យ៉ាងពេញបន្ទុកដែរ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកទ្បើងថា បទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែងបានចាប់ផ្តើមខ្លាំងបំផុតតាំងពីចុងខែតុលា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន ហើយឈើប្រណីតដូចរៀបរាប់ខាងលើស្ទើរតែគ្មានសល់ក្នុងព្រៃទៀតទេ។ សូម្បីតែព្រៃសហគមន៍ ព្រៃដែនជម្រកសត្វ និងព្រៃបញ្ចុះសពដូនតារបស់ជនជាតិដើមភាគតិច ក្នុងស្រុកសេសាន និងស្រុកនានា ក៏ប្រឈមនឹងការបំផ្លាញយ៉ាងហិនហោចក្រោមស្នាដៃមេឈ្មួញ ស្រេង ម៉េង និងបក្ខពួកផងដែរ។
ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះព្រៃឈើ៦០ភាគរយនៅក្នុងខេត្តស្ទឹងត្រែងត្រូវមេឈ្មួញ ស្រេង ម៉េង បំផ្លាញតាមអំពើចិត្ត៕