ក្មេងចាស់ ប្រុសស្រីអូសរទេះនៅក្រុងប៉ោយប៉ែតជាង១០០នាក់ តវ៉ាក្រោយពេលសមត្ថកិច្ចគយរិតបន្តឹង

ប៉ោយប៉ែត~មានសេចក្ដីរាយការណ៍ ពីក្រុងប៉ោយប៉ែតបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញនេះ មានកម្មករអូសរទេះក្មេងចាស់ប្រុសស្រីជាង១០០នាក់បាននាំគ្នា តវ៉ានៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ម្សិលមិញនេះ​កម្មករ​អូសរទេះ​ និង​ប្រជា​ពលរដ្ឋក្រី​ក្រ​​បាន​នាំឲ្យ​មានការ​តវ៉ា​​ជា​បន្ត​​ ក្រោយពីសមត្ថ​កិច្ច​គយ​​រឹត​បន្តឹង​ បង្ខំ​ឲ្យបង់​ពន្ធ​យ៉ាង​ច្រើន​ ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​លទ្ធ​ភាព​បង់​។ សមត្ថកិច្ចក្រុងប៉ោយប៉ែត មានរឿងអាស្រូវកើតឡើងមឹនចេះអស់មឹនចេះហើយនោះទេ ជាពិសេសការធ្វើទុកបុកម្នេញលើកម្មករអូសរទេះ បញ្ហា​នេះ​សូមឯកឧត្ដម គោ ស៊ុំសារឿត ដែលជា​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​​ត្រូវពិនិត្យ​មើល​ផង​ដែរ​ ព្រោះ​ប្រជា​ពលរដ្ឋ​ក្រីក្រ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ណាស់​។

ប្រភព​ពី​ក្រុម​កម្មករ​​ដែល​តវ៉ា​បាន​ឲ្យ​ដឹ​ងថា មុខ​របរ​ប្រ​ចាំ​ថ្ងៃ​របស់​ពួកគាត់​​ រក​ចំណូល​សម្រាប់​​ទ្រទ្រង់​ជីវភាព​គ្រួសារ​​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ យ៉ាង​លំបាក​បំ​ផុត​​ ពេល​ខ្លះ​ស្ទើរ​តែ​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន​។ ដូច្នេះ​​នៅពេលសមត្ថ​កិច្ច​គយ​បង្ខំ​ឲ្យ​បង់ពន្ធ​ឡើង​ដល់​១០០ភាគរយ​ ពួកគាត់​គ្មាន​សល់​ប្រាក់ចំណូល​​ប្រ​ចាំ​ថ្ងៃ​​សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​បានទេ ហេតុនេះ​ហើយ​ទើប​ពួកគាត់​ប្រ​មូល​ផ្តុំគ្នា​តវ៉ា​​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​។

សូមបញ្ជាក់បន្ថែមផងដែរថា ម្សិលមិញនេះនៅពេល​ដែល​កម្មករ​អូសរទេះ​ ប្រមូលផ្តុំគ្នា​តវ៉ា ​ធ្វើ​ឲ្យ​កក​ស្ទះ​នៅច្រកទ្វារ​ប៉ោយ​ប៉ែតនោះ​ ក្រោយមកគេឃើញ​​​លោក ង៉ោ ម៉េង​ជ្រួន ជា​អភិបាល​ក្រុងប៉ោយ​ប៉ែត​និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ចុះទៅសម្រប​សម្រួល​ ហើ​យបន្ទាប់​មក​កម្មករ​នាំគ្នា​រំសាយ​។

សេចក្តីរាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹ​ងថា សមត្ថ​កិច្ច​ច្រក​អន្តរ​ជាតិប៉ោយ​ប៉ែត មានការ​តឹង​តែង​យ៉ាង​ខ្លាំង​ជាមួយ​ពួកគាត់ ​ដែលអូស​រទេះ​ដឹកទំនិញបន្តិច​បន្តួច ​ដើម្បី​បានប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​។ ចំណែក​ឈ្មួញខិលខូច ​ដែល​នាំចូលទំនិញ​គេច​ពន្ធ ​និងទំនិញខុស​ច្បាប់​យ៉ាង​អនាធិប​តេយ្យនោះ​ សមត្ថ​កិច្ច​បែរជា​ឃុប​ឃិត​ឲ្យ​ពួកគេ ​ធ្វើអ្វីៗ​​តាម​អំពើចិត្ត ​នាំឲ្យ​ខាត​បង់​ចំណូលពន្ធ​រដ្ឋ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ដូច្នេះ​ក្រ​សួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​ចាត់វិធានការ​លើ​បញ្ហានេះជា​បន្ទាន់​ ហើយ​ជំរុញឲ្យ​សមត្ថ​កិច្ច​មានការ​យោគយល់​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ខ្លះផង​៕

 

 

image image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author