មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មន្រ្តីរដ្ឋាភិបាល ពន្យល់ពីការ ចូលនិវត្តន៍ របស់លោកស្រី ម៉ែន សំអន ក្រោយមានការរិះគន់

ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល

ភ្នំពេញ ៖ បន្ទាប់ពីព្រះរាជក្រឹត្យ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឲ្យលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ត្រូវបានបណ្តាញ សារព័ត៌មាន យកមកចុះផ្សាយជាបន្តបន្ទាប់នោះ ស្រាប់តែការរិះគន់ និងបញ្ចេញទស្សនៈផ្សេងៗ ក៏ដូចជាការ មិនទាន់យល់ពីបញ្ហានេះ ត្រូវបានលើកឡើងជាហូរហែ ជាពិសេសនៅតាមតុកាហ្វេជាដើម ។ អ្នកខ្លះមិនទាន់ យល់អំពីការត្រាស់បង្គាប់ឲ្យលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចូលនិវត្តន៍នោះឡើយ ហើយអ្នកខ្លះទៀត រិះគន់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យគេចូលនិវត្តន៍អស់ហើយ ដោយឡែកខ្លួនឯងមិនទាន់ចូល និវត្តន៍ ។

ជុំវិញការលើកឡើង និងរិះគន់ខាងលើនេះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយរូប បានចេញមកពន្យល់ថា ការ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យចូលនិវត្តន៍នោះ គឺសំដៅទៅលើតំណែងជាមន្ត្រីរាជការ ក្របខ័ណ្ឌរបស់រដ្ឋ (មុខងារសាធារណៈ មិនមែនជាមន្រ្តីនយោបាយនោះទេ) ។

មន្ត្រីនៃរាជរដ្ឋាភិបាលរូបនេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ថា “ប្រជាជនខ្លះគាត់អត់យល់ ហើយទម្លាក់កំហុសមកលើមេដឹកនាំ ។ អារឿងដាក់ឲ្យ លោកជំទាវ ម៉ែន សំអន ចូលនិវត្តន៍ហ្នឹង ពួកគាត់អត់យល់ ហើយគាត់ថា សម្តេច ហ៊ុន សែន ខ្លាំងតែគាត់ ចង់ ឲ្យនរណាចូលនិវត្តន៍ស្រេចតែលើគាត់ ហើយរឿងនេះ គេនិយាយគ្រប់គ្នាតាមតុកាហ្វេ ” ។

ឆ្លើយតបទៅនឹងការលើកឡើង របស់ប្រជាជនខាងលើនេះ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ និងពន្យល់ថា “ការចូល និវត្តន៍គឺសំដៅទៅលើមុខងារសាធារណៈ ដែលគាត់មានកន្លងមក ដូច្នេះពេលដល់អាយុ ៦០ឆ្នាំ ត្រូវដាក់ឲ្យ ចូលនិវត្តន៍ ប៉ុន្តែសម្រាប់មុខតំណែងជានយោបាយនោះវិញ មិនមានការដាក់ឲ្យចូលនិវត្តន៍នោះឡើយ” ។

បើយោងតាមមន្ត្រីដដែលនេះ បានភ្ជាប់ទៅនឹងឧទាហរណ៍ជាក់ស្តែង ដូចជា លោក ប៉ែន ស៊ីម៉ន នឹងត្រូវដាក់ ឲ្យចូលនិវត្តន៍នាខែវិច្ឆកា ឆ្នាំ២០១៤ ខាងមុខ ដូច្នេះតំណែងរបស់គាត់ ជាអគ្គនាយកគយ ដែលជាតំណែង មុខងារសាធារណៈ នោះនឹងត្រូវចប់ ប៉ុន្តែលោកអាចត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកលើ ការងារគយ ដែលជាតំណែងនយោបាយ ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបង្គាប់ឲ្យលោក ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឧត្តមមន្រ្តី ថ្នាក់ លេខ១ ចូលនិវត្តន៍ និងមន្រ្តី២រូបផ្សេងទៀត នៅក្រសួងសាធារណការ ។

ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចេញផ្សាយកាល ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា លោកស្រី ម៉ែន សំអន ត្រូវបានប្រកាសឲ្យចូលនិវត្តន៍តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ ចំណែកលោក រស់ សូផាន មន្រ្តីបម្រើការងារ នៅក្រសួងមុខងារសាធាណៈ ឧត្តមមន្រ្តីថ្នាក់លេខ១ ចូលនិវត្តន៍ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ដោយឡែក លោក ថោ មូលប៊ុនថាត ឧត្តមមន្រ្តីថ្នាក់លេខ៥ ចូលនិវត្តន៍តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

ព្រះរាជក្រឹត្យបានឲ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាត្រូវទទួល បន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ តទៅចាប់តាំងពីថ្ងៃឡាយព្រះហស្ថលេខា ៕

សូមបញ្ជាក់ថា លោកស្រី ម៉ែន សំអន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយក ឧត្តមសេនីយ៍ផ្កាយមាស ៤ នៅខែកញ្ញា ឆ្នាំ២០០៨ ៕

Share on Facebook