ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ចេញប្រតិបត្ដិការចុះចាប់សាឡង់បូមខ្សាច់អនាធិបតេយ្យ ជិត២០គ្រឿង នៅតាមដងទន្លេមេគង្គក្រោម ចន្លោះមជ្ឈមណ្ឌលកោះពេជ្រ ទៅអរិយក្សត្រ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥នេះ ។
លោកឧត្ដមសេនីយ៍ត្រី អ៊ុច សុខុន ស្នងការរង នគរបាលរាជធានីភ្នំពេញ ដែលដឹកនាំបញ្ជាផ្ទាល់ ចុះចាប់សាឡង់បូមខ្សាច់អនាធិបតេយ្យទាំងនេះ បានបញ្ជាក់តាមទូរស័ព្ទថា គិតត្រឹមវេលាម៉ោង៥និង២៦នាទី ល្ងាចថ្ងៃទី០៥ ខែមករានេះ កម្លាំងនគរបាលរបស់លោក បានឃាត់សាឡង់ បូមខ្សាច់៦-៧គ្រឿង ដែល កំពុងបូមខ្សាច់អនាធិបតេយ្យ នៅតាមដងទន្លេមេគង្គក្រោម ។ លោក អ៊ុច សុខុន បានបញ្ជាក់ទៀតថា នៅពេលនេះសមត្ថកិច្ច របស់លោកកំពុងធ្វើ កំណត់ហេតុ និងមានវិធានការតាមផ្លូវច្បាប់ ។
តាមស្នងការរង នគរបាលរូបនេះ ប្រតិបត្ដិការខាងលើនេះ ធ្វើឡើងភ្លាមៗ តបទៅនឹង លិខិតជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ផ្ញើជូនអភិបាលរាជធានីភ្នំពេញ អភិបាលខេត្ដកណ្ដាល និងអភិបាលខេត្ដព្រៃវែង ព្រមទាំង បញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ឱ្យធ្វើការបង្ក្រាប និងផ្ដន្ទាទោស តាមផ្លូវច្បាប់ ចំពោះសកម្មភាព បូមខ្សាច់ ក្នុងតំបន់ហាម ឃាត់ នៅតាមដងទន្លេមេគង្គលើ ទន្លេមេគង្គ ក្រោមនិងទន្លេបាសាក់ ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ផងដែរថា យុទ្ធនាការ ចុះចាប់សាឡង់បូមខ្សាច់ទាំងនេះ នឹងធ្វើឡើងជាបន្ដបន្ទាប់ លុះត្រាតែលែងមាន វត្ដមាន ធ្វើអាជីវកម្ម ដោយគ្មាន ការអនុញ្ញាតទាំងនេះ ។
យោងតាមលិខិត ជូនដំណឹង របស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ដែលទទួលបាន នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា អតីតក្រសួងឧស្សាហ៍កម្ម រ៉ែ ថាមពល បានប្រកាសនិរាករណ៍ រាល់អាជ្ញាបណ្ណ បូបខ្សាច់ទាំងអស់ ក្នុងតំបន់ទន្លេមេគង្គលើ មេគង្គក្រោម និងទន្លេបាសាក់ តាំងពីឆ្នាំ២០១១មកម៉្លេះ ហើយកន្លងមកក្រសួងរ៉ែ និងថាមពល មិនដែលផ្តល់អាជ្ញាបណ្ណ អាជីវកម្មបូមខ្សាច់ដល់នីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ ក្នុងតំបន់ទាំងនេះទេ ។
លិខិតជូនដំណឹង បានបញ្ជាក់ទៀតថា រាល់សកម្មភាព បូមខ្សាច់ទាំងឡាយណា ដែលកើតឡើងក្នុង តំបន់ទន្លេ មេគង្គលើ មេគង្គក្រោម និងទន្លេបាសាក់ គឺជាសកម្មភាព អនាធិបតេយ្យ ល្មើសនឹង ច្បាប់ស្តីពីការ គ្រប់គ្រង និង ការធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវទទួលទោសបញ្ញាត្តិ ស្របតាមច្បាប់ ប្រសិនបើ ឃើញមានកាណូត ទូក សាឡង់ ឬសកម្មភាពណាមួយ ដែលធ្វើការបូបខ្សាច់ ក្នុងតំបន់ ហាមឃាត់ទាំងនេះ សូមអភិបាលរាជធានី និងអភិបាលខេត្ត ចាត់វិធានការណ៍បង្ក្រាប និងផ្តន្ទាទោសតាមច្បាប់ជាធរមាន ឲ្យបានហ្មឹងម៉ាត់បំផុត ។ ដោយ៖ តាំង ស៊ុនតិច