ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាល ការិយាល័យកណ្ដាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្ត
មណ្ឌលគិរី ចុះបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ ចំនួន ៣គ្រឿង កាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី៨ ខែមីនា
ឆ្នាំ២០១៥ ស្ថិតនៅភូមិ ពូទ្រូលើ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្នុងការចុះបង្ក្រាបរថយន្តដឹកឈើប្រណឹតខុសច្បាប់យ៉ាង អនាធិបតេយ្យខាងលើ អនុប្រធានការិយាល័យ
កណ្តាលប្រឆាំងបទល្មើស លោក ជិន សុឃុន បានអោយដឹងថា ការបង្ក្រាបនេះធ្វើឡើង ក្រោយទទួលបាន
បទបញ្ជាពីលោក ញ៉ែម វ៉ាន់នី ស្នងការនគរបាល ខេត្តមណ្ឌលគិរី ថា មានរថយន្តឡង់គ្រីស័រ ដឹកឈើល្មើស
ច្បាប់ ៣គ្រឿង នៅចំណុច ឃុំសែនមនោរម្យ ស្រុកអូររាំង កម្លាំងរបស់លោក ក៏បានទៅដល់ទិសដៅ
និងធ្វើការបង្ក្រាបបាន ដោយជោគជ័យ។
ប្រធានការិយាល័យកណ្ដាល ប្រឆាំងបទល្មើស ខេត្តមណ្ឌលគិរី លោក ជិន សុឃុន បានបញ្ជាក់ថា រថយន្ត
ទាំង៣ នោះរួមមាន ១-ចង្កូតស្តាំពណ៌សរ ពាក់ស្លាកលេខ 2S ៩២៩៣ ផ្ទុកឈើចំនួន ៨ដុំ។ ២-រថយន្ត
ចង្កូតស្តាំ ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២C 9965 ផ្ទុកឈើចំនួន ១១ដុំ និង ៣-ពណ៌ទឹកប្រាក់
ពាក់ស្លាកលេខ ភព.២ស 9378 ផ្ទុកឈើ ១១ដុំ សរុបទាំងអស់ ៣០ ដុំផងដែរ។ បច្ចុប្បន្ន វត្ថុតាង ត្រូវបាន
កំលាំង ការិយាល័យជំនាញ បញ្ជូនយកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត
ជាណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី។ គួបញ្ជាក់ ផងដែរថា ក្នុងការប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ
ប្រណឹតខុសច្បាប់ទាំង៣គ្រឿងខាងលើនេះសមត្ថកិច្ចពុំបានឃាត់ខ្លួនជនល្មើសណាម្នាក់នោះឡើយ។/
ដោយសហការី