បន្ទាយមានជ័យ៖ ក្រុមនគរបាលសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ក្រោយបញ្ជារបស់លោក ចាប សុផារិទ្ធ ត្រូវបានក្រុមឈ្មួញ
ដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តបន្ទាយមានជ័យមួយចំនួន រិះគន់ថា កំពុងបំពេញការងារខុសគោលការណ៍
ច្បាប់ដែលបង្កផលប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនទំនិញរបស់ពួកគាត់។ ប្រភពដដែលបានលើកឡើងថា
សព្វថ្ងៃនេះ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ បានរអ៊ូរទាំ ចំពោះបែបបទ នៃការបង់លុយឲ្យ
មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ ព្រោះការបង់ប្រាក់អាស្រ័យទៅលើមន្ត្រីខិលខូចជាអ្នកកំណត់ ឬគ្មានគោល
ការណ៍ច្បាស់លាស់។ ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីមួយចំនួនហាក់គ្មានតួនាទី និងគ្មានឯកសណ្ឋាន
ត្រឹមត្រូវ តែបែរជាមានអំណាចប្រមូលលុយពីរថយន្តដឹកទំនិញ ដែលគេសង្ស័យថា ប្រាក់ទាំងនោះ
មិនបានបង់ចូលក្នុងថវិកាជាតិ។
ក្រុមឈ្មួញដឹកទំនិញពីក្រុងប៉ោយប៉ែតមករាជធានីភ្នំពេញ បានអះអាងថា កូនចៅរបស់លោក
ចាប សុផារិទ្ធ តែងតែដើរទារប្រាក់ និងកោសរូស លុយពីក្រុមឈ្មួញដឹកទំនិញ ដោយប្រើពាក្យយ៉ាង
ខ្លីថា ប្រសិនបើមិនបង់លុយ ឬធ្វើប្ញកក្រអឺតក្រទម ពួកគេនឹងចាប់យករថយន្ត និងទំនិញ ទៅសាលាខេត្ត
ហើយត្រូវបញ្ជូនសំណុំរឿង ទៅតុលាការ។ ប្រភពដដែលបន្តថា តាំងពីលោក អាត់ ខែម វិលត្រឡប់មក
កាន់តំណែងជា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ គេឃើញនគរបាលសេដ្ឋកិច្ច ក្រោមបញ្ជារបស់
លោក ចាប សុផារិទ្ធ បានពង្រាយកូនចៅឲ្យ ប្រមូលលុយ ពីឈ្មួញដឹកទំនិញ និងអ្នករត់តាក់ស៊ី កាន់តែ
ខ្លាំង តាមតែអំពើចិត្ត ដោយគ្មានខ្លាចរអែងអ្វីឡើយ។
ប្រភពពីឈ្មួញដឹកទំនិញ បានបង្ហើបប្រាប់ថា លោក ចាប សុផារិទ្ធ បានបង្កើតកុងត្រូលជជុះ ឲ្យកូនចៅ
ជំនិតៗ ចុះប្រមូលលុយពីក្បាលឡាន ឬប្រដេញចាប់ ឡានដឹកទំនិញ ឲ្យចូលបង់លុយ តាមបណ្តោយ
ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ យ៉ាងប្រសេចប្រសាច ដូចក្រុមសង្គមងងឹត។ បើទោះបីជាដឹងថា
នោះជាបែបបទពុករលួយ ក្រុមឈ្មួញត្រូវគេសង្កេតឃើញ ថាបង់លុយឲ្យបក្ខពួករបស់លោកចាប
សុផារិទ្ធ ទាំងទើសទាល់ ព្រោះក្រុមឈ្មួញ ខ្លាចមានបញ្ហាវែងឆ្ងាយរំខានដល់របររកស៊ីប្រចាំថ្ងៃ។
ជុំវិញបញ្ហានេះប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បានត្អូញត្អែរថា បច្ចុប្បន្នមានកាពិបាករកទទួលទានណាស់
ដោយសារតែលោក ចាប សុផារិទ្ធ ពង្រាយកូនចៅតាមផ្លូវចាំយកលុយស្ទើគ្រប់ទីកន្លែង ដូចសត្វកុកចាំ
ចាប់ត្រី បើសិនហានភ្លេចបង់លុយត្រង់ណាមួយ ត្រូវបានកូនចៅលោក ចាប សុផារិទ្ធ បើកឡានដេញ
តាមភ្លាមតាមនឹងតម្រូវឲ្យបង់លុយដោយមិនយោគយល់ឡើយ។
ប្រជាពលរដ្ឋក៍បានសូមណូមពរ តាមរយៈស្ថាប័នពាក់ព័ន្ធ គប្បីត្រួតពិនិត្យបញ្ហានេះឲ្យបានហ្មត់ចត់ឡើងវិញ
ហើយបើនៅតែបណ្តែតបណ្តោយដូចសព្វថ្ងៃនេះ នោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាពលរដ្ឋ និងសង្គមកម្ពុជា
។ ប្រភពដដែលបានពន្យល់ថា ថវិកាជាតិក៏ត្រូវបានបាត់បង់ ចំណែកប្រជាពលរដ្ឋដែលប្រកបរបរប្រចាំថ្ងៃរង
ផលប៉ះពាល់ផងដែរ ព្រោះត្រូវកាត់បន្ថយប្រាក់ចំណេញទៅឲ្យមន្ត្រីពុករលួយ៕ដោយសហការី