ខេត្តកំពង់ឆ្នាំង ៖ របាំងសាច់អួនចំនួន ១៩កន្លែង ប្រវែង ១៨១០ម៉ែត្រ លូ ៣១មាត់ បង្គោល ១១០០ដើម
ដែលក្រុមជនល្មើស លួចដាក់ក្នុងវាលស្មៅស្រងែ បន្លំភ្នែកសមត្ថកិច្ច នៅចំណុចប្រសព្វ ៣ មានវាលភក់
ចុងក្រម៉ាល់ តាភោក ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការ
រុះរើកាប់កំទេចចោលនៅនឹងកន្លែង ខណៈដែលទឹកទន្លេសាប មានការកើនឡើង និងធ្វើឱ្យការចរាចរត្រី
ចូលពងកូន ក្នុងព្រៃលិចទឹក ។
លោក សោម ភីរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឱ្យដឹងថា ជាគោលការណ៍របស់ខណ្ឌ
គឺធ្វើការអញ្ជើញ ប្រជាពលរដ្ឋដែលប្រើប្រាស់ឧបករណ៍នេសាទ ធ្វើការណែនាំតាមប្រកាសលេខ ៤៥៨
ប្រ កបសក ផ្សព្វផ្សាយស្តីពីការប្រើ ប្រាស់ឧបករណ៍នេសាទ នៅក្នុងរដូវបិទនេសាទដែលច្បាប់បានហាម និងឧបករណ៍ខ្លះមានការអនុញ្ញាតឱ្យប្រើប្រាស់ជា លក្ខណៈគ្រួសារ ។
ក្នុងការចុះបង្ក្រាប និងរុះរើឧបករណ៍នេសាទខាងលើនេះ ដោយមានការសហការល្អ ពីប្រជាពលរដ្ឋបាន
ប្រាប់ពីទីតាំង ដាក់របាំងរបស់ក្រុមជនល្មើសដែលបានលបលួចដាក់បង្កប់នៅក្នុងស្មៅ ដើម្បីបន្លំភ្នែក
សមត្ថកិច្ច ។
លោកបានបញ្ជាក់បន្ថែមទៀតថា ចំពោះការចុះធ្វើការបង្ក្រាបនេះ គឺធ្វើជាបន្តបន្ទាប់ជាប់រហូត នៅគ្រប់កន្លែង
ផ្សេងៗ ទៀត ក្នុងដែនរដ្ឋបាលរបស់ខ្លួន តែអ្វីដែលសំខាន់ គឺកម្លាំងរបស់លោកមានគ្នាតិច និងខ្វះមធ្យោបាយ
ធ្វើសកម្មភាព ។ ទោះជាយ៉ាងណា លោកបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបរនេសាទ
ថា សូមបងប្អូនធ្វើការនេសាទ ដោយឧបករណ៍ដែលច្បាប់អនុញ្ញាតកុំធ្វើការនេសាទឧបករណ៍ណា ដែលច្បាប់
បានហាមឃាត់ និងកុំកាប់ព្រៃបំផ្លាញព្រៃលិច ទឹក ដែលជាជម្រកត្រីពងកូន ។
ការចុះបង្ក្រាបរុះរើខាងលើនេះ ធ្វើឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ៣១ រហូតដល់ថ្ងៃទី ១ ខែសីហា
ឆ្នាំ២០១៥ នៅចំណុចខាងលើ ដឹកនាំដោយលោក សោម ភីរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង
សហការជាមួយអធិការដ្ឋាន រដ្ឋបាលជលផល ខាងត្ឃុងបឹងទន្លេសាប ផ្នែកនិងសង្កាត់នគរបាល សហគមន៍
នេសាទ អាជ្ញាធរមូលដ្ឋានឃុំភូមិសរុប ៤០នាក់ ក្នុងនោះមធ្យោបាយធ្វើសកម្មភាព មានកាណូតប៉ាឡាស្មាច់
១០គ្រឿង ។
គួររំលឹកផងដែរថា បទល្មើសនេសាទត្រូវគេមើលឃើញថា កើតមាននៅគ្រប់កន្លែង ខណៈដែលសមត្ថកិច្ច
ចុះធ្វើការ បង្ក្រាប កាប់រុះរើខាងមុខ កើតខាងក្រោយ កើតឡើងដូចវែកចកអញ្ចឹង នៅពេលទឹកកំពុងឡើង
ជាពិសេសរដូវបិទការនេ សាទនេះតែម្តង ៕