ថៃ៖ នេះជាហេតុការណ៍ គួរឲ្យរន្ធត់មួយ ដែលស្ត្រី វ័យ៦៥ ឆ្នាំម្នាក់ ត្រូវបានស្លាប់ យ៉ាងអាណោចអាធម៌ ក្រោយពី បានលោត ចូលក្នុង អាងសួន កសិដ្ឋាន ចិញ្ចឹម ក្រពើ មួយកន្លែង ក្នុងប្រទេសថៃ ដែលមាន ក្រពើជាង ១,០០០ ក្បាល ឯណោះ។
ព័ត៌មាននេះ ត្រូវបាន ល្បីពេញបណ្តាញអ៊ីនធើណេត នៅក្នុងប្រទេសថៃ ព្រោះតែមហាជន ចង់ដឹងថា វាជារឿងពិតឬយ៉ាងណា ។ ប៉ុន្តែក្រោយ មក លោក Pol Col Preecha Iamnui អធិការ ក្រុមប៉ូលីសស៊ើបអង្កេត នៅក្នុងតំបន់កើតហេតុនោះ បានបញ្ជាក់ថា ហេតុការណ៍នេះ ពិតជា បានកើត ឡើង កាលពីថ្ងៃសុក្រ កន្លងទៅនេះ។
ជនរងគ្រោះ ត្រូវបានប្រភពព័ត៌មានលើកឡើងថា ជាស្ត្រីវ័យ ៦៥ឆ្នាំ ឈ្មោះ Wanpen Inyai ជាអ្នកលក់ ការ៉េម ក្នុងទីក្រុងបាងកក ហើយស្ត្រីរូប នោះ ត្រូវបានគេ ដឹងថា បានធ្វើដំណើរ ទៅកាន់ អាងក្រពើ ក្នុងខេត្ត Samut Prakan តែម្នាក់ឯង បន្ទាប់មក គាត់ក៏បានទៅកាន់ សួនសត្វ និង ជា កសិដ្ឋាន ចិញ្ចឹមសត្វក្រពើ។ នៅទីនោះ គាត់ក៏បានលោតចូលក្នុង អាងទឹកក្រពើ ដែលមាន ក្រពើជាច្រើនក្បាល ដើម្បីសម្លាប់ ខ្លួនតែម្តង។
បើតាមសាក្សីជា បុគ្គលិកធ្វើការ នៅទីនោះបាននិយាយថា ពួកគេបាន ឃើញស្ត្រីរូបនោះ អង្គុយជិតអាងក្រពើ រួចក៏ដោះស្បែកជើង ហើយ លោតចុះ អាងក្រពើភ្លាមៗតែម្តង ទោះបីជាបុគ្គលិកនៅ ទីនោះបានខំ ជួយសង្គ្រោះដែរ តែមិនអាចជួយទាន់ពេលវេលា។
យ៉ាងណាមិញ ក្រោយពីចុះទៅពិនិត្យ កន្លែងកើតហេតុ ប៉ូលីសបាន បញ្ជាក់ថា នេះជាករណីធ្វើអត្តឃាត ហើយក៏បានស្គាល់អត្តសញ្ញាណ ស្ត្រីជន រងគ្រោះ ផងដែរដោយសាររកឃើញកាតសំគាល់របស់ស្ត្រីរូបនេះ បន្ទាប់មកប៉ូលីសក៏បានទាក់ទង ទៅកាន់ក្រុមគ្រួសារជនរងគ្រោះ រួចហើយ ផង ដែរ។
ក្រុមគ្រួសារ ជនរងគ្រោះ បានបញ្ជាក់ថា ស្ត្រីដែលបានធ្វើអត្តឃាត លោតសម្លាប់ខ្លួន ឲ្យក្រពើស៊ីនេះ ជាសមាជិករបស់ខ្លួន ប្រាកដមែន ហើយពួកគេ ស្ទើរតែមិនជឿដែរថា មានរឿងបែបនេះកើតឡើង ព្រោះស្ត្រីឈ្មោះ Wanpen នេះ គាត់តែងតែមានអារម្មណ៍ល្អ និង រីករាយសប្បាយចិត្ត ជាធម្មតា សោះ៕
ប្រភព៖ Bangkokpost |coconut