ដោយ រស់ សុភា
ខេត្តមណ្ឌលគិរី ៖ ឈើរាប់ពាន់កំណាត់ ក្នុងក្រុមហ៊ុនយូនីហ្គ្រីន នៅស្រុកកោះញែក ត្រូវភ្លើងឆេះ ចាប់តាំងពី
ម៉ោង៥ល្ងាច ថ្ងៃទី២ ខែមិនា មកដល់ល្ងាចថ្ងៃទី៣ ខែមិនា ២០១៦ នៅមិនទាន់រលត់អស់នៅឡើយទេ។
ការឆេះនោះ ត្រូវគេឃើញថា ស្របពេលដែល ក្រុមហ៊ុនមួយនេះ កំពុងត្រូវបានគណៈកម្មការចម្រុះថ្នាក់ជាតិ
ទប់ស្តាត់ នឹងបង្ក្រាបបទល្មើសព្រៃឈើ ដាក់ពាក្យបណ្តឹង ទៅតុលាការ ខេត្តមណ្ឌលគិរី ក្នុងសំណុំរឿងរក្សា
ទុកឈើខុសច្បាប់។
ករណីមានភ្លើងឆេះឈើ ក្នុងក្រុមហ៊ុនដែលកំពុងជួបរឿងអាស្រូវមានពាក្យបណ្តឹងនៅតុលាការនេះ ត្រូវបាន
មជ្ឈដ្ឋាននានា និយាយថា វាអាចជាចេតនា ពីម្ចាស់ក្រុមហ៊ុន ឬជនណាម្នាក់ ដែលជាប់ពាក់ព័ន្ឋ នៅក្នុងបទ
ឧក្រិដ្ឋកម្មព្រៃឈើខាងលើ ព្រោះការដុតបំផ្លាញនេះ ប្រហែលជា អ្នកប្រព្រឹត្តយល់ឃើញថា អាចជួយកាត់
បន្ថយនូវទោសទណ្ឌនានា ដែលមានចែងក្នុងច្បាប់ព្រៃឈើ មិនសូវធ្ងន់ ។
ក្រោយពីមានហេតុការ ភ្លើងឆេះគំនរឈើ រាប់ពាន់ម៉ែត្រគូប រួចមក នៅព្រឹកថ្ងៃទី៣ ខែមិនា ២០១៦ គេឃើញ
លោកនាយខណ្ឌ រដ្ឋបាលព្រៃឈើមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ ចុះទៅទីតាំងកើតហេតុ។
ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា តាមការប៉ាន់ស្មានជំហ៊ានដំបូង ឈើដែលឆេះក្នុង ក្រុមហ៊ុនយូនី
ហ្គ្រីននោះ មានអត្រាពី៦០ទៅ៧០% ចំណែកឈើដែលឆេះនោះជា ឈើប្រភេទចម្រុះ ដូចជា ឈើ ឈើទាល
សុក្រំ ផ្ចឹក គគីរ…។ល។
ប្រភពបន្តថា ឈើដែលឆេះនោះគឺជា ឈើដែល គណៈកម្មការចម្រុះថ្នាក់ជាតិទប់ស្តាត់ នឹងបង្ក្រាបបទល្មើស
ព្រៃឈើ បានធ្វើការវាស់វែងរួចអស់ហើយ ដែលមានចំនួន ប្រមាណជិត២ពាន់ម៉ែត្រគូប នឹងកំពុងមានចំណាត់
ការនៅតុលាការខេត្ត ត្បិតឈើទាំងនោះ គឺមិនមានច្បាប់ទេ។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានមានប្រសាសន៏ល្ងាចនៅថ្ងៃទី៣ ខែមិនា ថា បើតាមការ
រាយការណ៏ភ្លើងនោះ អាចបណ្តាលមកពី ភ្លើងឆេះព្រៃ រាលដាលចំ ព្រោះរដូវនេះ ប្រជាពលរដ្ឋបានកាប់ឆ្ការ
ព្រៃនឹងដុត ដើម្បីទុកធ្វើស្រែ ចម្ការនារដូវវស្សា។
ចំនែកចំនួនឈើដែលគណៈកម្មការជាតិ វាស់វែងនោះ គឺមានចំនួនពិត ប្រាដកហើយ តែដោយសារភ្លើងនៅ
មានកម្តៅខ្លាំង ទើបមន្ត្រីជំនាញ មិនទាន់អាចចូលទៅធ្វើការវាស់បាន មិនទាន់ដឹងថា វាឆេះអស់ប៉ុន្មាននោះទេ
រងចាំភ្លើងរលុតអស់ ទើបមន្ត្រីជំនាញ នឹងចូលទៅ ធ្វើការវាស់វែងបន្ត។
ទោះយ៉ាងណា ប្រជាពលរដ្ឋបានដាក់ចំងល់ថា នៅក្នុងក្រុមហ៊ុនខាងលើ គឺមានមន្ត្រីកម្លាំងប្រដាប់អាវុធចម្រុះ
យាមកាម ចុះម្តេចបានជាភ្លើងឆេះ ឈើរាប់ពាន់ម៉ែត្រគូបមិនដឹងពីមូលហេតុ ព្រោះបើមានករណីភ្លើងឆេះ ព្រៃ
រាលដាលមែន ក៏គេអាចដឹងមុនដែរ ព្រោះភ្លើងមិនមែនចេះឆេះស្ងាត់ៗនោះទេ។
សូមបញ្ជាក់ថា គណៈកម្មការចម្រុះថ្នាក់ជាតិ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៏ឯក វង្ស ពិសេន បានចុះ
ត្រួតពិនិត្យក្រុមហ៊ុនខាងលើ ដែលមានទីតាំងនៅស្រុកកោះញែក កាលពីរសៀលថ្ងៃទី២៧ មករា ២០១៦
ហើយបានរកឃើញឈើ មានច្បាប់ នឹងមិនទាន់បង់ពន្ឋ ជាង១ពាន់ម៉ែត្រគូប ក្នុងបរិវេណដីក្រុមហ៊ុន នឹងឈើ
គ្មានម្ចាស់ចំនួនជាង៧០កំណាត់ ដែលលាក់ទុកក្បែរស្នាក់ការក្រុមហ៊ុន។
មន្ត្រីព្រៃឈើម្នាក់បានឲ្យដឹងថា គណៈកម្មការចម្រុះ ថ្នាក់ជាតិបានរកឃើញថា ឈើក្នុងក្រុមហ៊ុនដីសម្បទាន
សេដ្ឋកិច្ចយូនីហ្គ្រីន ស្ថិតនៅភូមិសាស្ត្រឃុំរយ៉ មានចំនួន៥០០ម៉ែត្រគូប បានវាយត្រាបង់ពន្ឋចូលរដ្ឋរួចហើយ
ចំណែកឈើនៅក្នុងឃ្លាំងដែល មានទីតាំងនៅភូមិក្រោល ឃុំស្រែសង្គម មានចម្ងាយពីដីក្រុមហ៊ុនប្រមាណ
ជាង៣០គីឡូម៉ែត្រ សម្រាប់ស្តុបឈើ មានចំនួន២០០ម៉ែត្រគូប ( អារជ្រៀករួច ) ក៏បានបង់ពន្ឋរួចរាល់ដែល។
មន្ត្រីព្រៃឈើដដែលបានបន្តថា ក្រៅពីឈើដែលមានច្បាប់ ក្រុមមន្ត្រីជំនាញ បានបង្ក្រាបឈើ ប្រភេទសុក្រំ
ចំនួន៧០កំណាត់ ( អាចមានចំនួន២០ទៅ៣០ម៉ែត្រគូប ) ដែលក្រុមឈ្មួញដឹកយក ទៅលាក់ទុកនៅក្រោយ
កម្ពោតព្រៃ ក្បែរស្នាក់ការក្រុមហ៊ុន។
ប្រភពពីមន្ត្រីដែលបានចូលរួមក្នុង សកម្មភាពត្រួតពិនិត្យ ឈើក្រុមហ៊ុនយូនីហ្គ្រីន បាននិយាយថា ក្នុងដីក្រុម
ហ៊ុនក្រៅពីឈើ ដែលមានច្បាប់ គេនៅឃើញមានឈើ ដែលមិនទាន់ បង់ពន្ឋចំនួន៥០០ម៉ែត្រគូបទៀត
សុទ្ឋសឹងប្រភេទឈើមូលធំៗ ដែលបានដាក់បន្លំជាមួយឈើមានច្បាប់។/