ដោយ ៖ កម្ពុជា ជោគជ័យ CSN
ភ្នំពេញ ៖ ហេតុការណ៍ដ៍រន្ធត់មួយ បានកើតឡើងទៅលើស្ត្រីម្នាក់ ដោយប្តីរបស់ខ្លួន ចាក់សម្លាប់ទាំងកណ្តាល
យប់ ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០២ ខែ
កក្កដា ឆ្នាំ២០១៦ នេះស្ថិតនៅចំណុចផ្ទះជួល ផ្លូវទន្លេសាប ក្រុមទី៧ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ
ខណ្ឌជ្រោយចង្វារ ។
សមត្ថកុច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីរងគ្រោះដែលប្ដីចាក់ស្លាប់ មានឈ្មោះ ទូលាស់ ម៉ៃយ៉ាន អាយុ ២៨ឆ្នាំ
មុខរបរ លក់ដូរ ជនជាតិ អ៊ីស្លាម ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានស្រុកកំណើត នៅកោះសូទិន
ខេត្តកំពង់ចាម ។ ចំណែកឯប្តី មានឈ្មោះ ប៉េ វ៉ាន់ស័ក្តិ អាយុ ៣៤ឆ្នាំ មុខរបរ ជាអ្នកកាប់គោ ពួកគេទាំង ២
នាក់ មានកូន ២នាក់ ( ប្រុស១ ស្រី១ ) ។
ប្រភពព័ត៌មាន ពីពលរដ្ឋនៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ ប្រហែលម៉ោង១២ជាង គេបានឭ
សម្លេងស្ត្រីរងគ្រោះស្រែកឲ្យជួយ ក៍បាននាំគ្នាចេញមកមើល ឃើញស្ត្រីរងគ្រោះ បើកទ្វាររត់ចេញមកក្រៅ
ផ្ទះ ប៉ុន្តែការស្រែកឲ្យជួយរបស់ស្ត្រីនោះ មិនប៉ុន្មានម៉ាត់ផង ក៏បានដាច់ខ្យល់ស្លាប់ នៅមុខផ្ទះតែម្តង ។
ប្រភពបានបន្តទៀតថា ក្រោយពីស្ត្រីរងគ្រោះ បានរត់ចេញពីក្នុងផ្ទះ ស្រែកឲ្យគេជួយបានបន្តិច ក៍ដាច់ខ្យល់
ស្លាប់តែម្ដង ពេលនោះ បុរសជាប្តីបានចេញមកស្រែកយំ ហើយអោបសពប្រពន្ធរបស់ខ្លួន ក្រោយមក ស្រាប់
តែកូនប្រុសម្នាក់ បានចេញមកថា ការពិតគេឃើញពុកឯង ជាអ្នកចាក់សម្លាប់ម៉ែសោះ។ ហើយពេលនោះ
សមត្ថកិច្ចក៏បានមកដល់ ក៍បានឃាត់ខ្លួនជនសង្ស័យ ដែលត្រូវជាប្តីរូបនោះ ភ្លាមៗផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ
ជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់
តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕