ប្រទេសថៃខេត្តសារៈបុរី ៖ នារីដ៏ស្រស់ស្អាតម្នាក់ ដែលជាជនជាតិថៃ ត្រូវបានជនមិនស្គាល់មុខ ចាប់រំលោភហើយអារកសម្លាប់ យ៉ាងព្រៃផ្សៃជាទីបំផុត នៅក្នុងបន្ទប់ជួល បន្ទាប់ពីនារីរងគ្រោះ ចូលទៅសម្រាកដោយភ្លេចដាក់គន្លឹះទ្វារ។
យោងតាមប្រភពព័ត៌មាន ពីក្នុងប្រទេសថៃ បានឲ្យ អ្នកយកព័ត៌មានយើងដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីអ្នកភូមិ បានប្រទះឃើញសពនារីម្នាក់ ដែលស្នាក់នៅក្នុងបន្ទប់ជួល នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងឃុំកែងខយ ស្រុកកែងខយ ខេត្តសារ:បុរី ប្រទេសថៃ។
ក្រោយពីក្រុមតម្រួត បានចុះទៅធ្វើកោសល្យវិច័យ និងធ្វើការត្រួតពិនិត្យ ទៅលើសពទើបដឹងថា នារីរងគ្រោះមានស្រុកកំណើត នៅខេត្តរ៉យអ៉ិត ដោយមានតួនាទីជាគ្រូបង្រៀន ទើបផ្លាស់ប្តូរមកបង្រៀន នៅក្នុងខេត្តសារៈបុរីនេះ ដោយបានស្នាក់នៅក្នុងបន្ទប់ជួល ចំណុចកើតហេតុខាងលើ ។
ជំហានដំបូង ក្នុងការស៊ើបអង្គេតរបស់ក្រុមជំនាញ គឺគេបានឃាត់ខ្លួនជនជាតិខ្មែរ ចំនួនពីរនាក់ ដែលមានអាស័យដ្ឋាន គឺជួលបន្ទប់ស្នាក់នៅ ខាងក្រោយបន្ទប់នារីរងគ្រោះ ដែលមាន ឈ្មោះ យ៉ា ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ភ័ក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ បាននាំមកសាកសួរ ថែមទាំងប្រមូលសម្លៀក បំពាក់ ជនទាំងពីរយកមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីស្រាវជ្រាវរកជាតិឈាម ដែលអាចប្រឡាក់ជាប់ខោ អាវ ។
ក្រោយពីបានសាកសួររួចមក ជនសង្ស័យដែលជាជនជាតិខ្មែរទាំងពីរនាក់ ទំនងជាអាចរួចខ្លួន ព្រោះនៅវេលាម៉ោង៨យប់ ថ្ងៃដដែលនោះ សមត្ថកិច្ចថៃ បានឈាន ទៅធ្វើការឃាត់ខ្លួន ជនជាតិថៃម្នាក់ទៀត ឈ្មោះ ឆាទ្រីភេទប្រុស អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ៥៦ ភូមិ៧ ឃុំថាខ្ល ស្រុកកែងខង ខេត្តសារៈបុរី ខណៈដែលជននោះបានវិលត្រឡប់ មកពីធ្វើការនៅក្នុងក្រុមហ៊ុន លាយស៊ីម៉ង់ត៍មួយកន្លែង យោងតាមការពិនិត្យទៅលើខ្លួន
ប្រាណរបស់ជនសង្ស័យទី៣ គឺសង្គេតឃើញថា ទាំងផ្នែកខាងខ្នង ក៏ដូចជានៅលើដើមទ្រូង គឺមានស្នាមក្រចក របស់នារីរងគ្រោះ គ្រប់កន្លែង ខណៈដែលនាងបានរើបំរះ ហើយនៅលើដៃឆ្វេងរបស់ជនសង្ស័យ ក៏មានស្នាមមុត នឹងកាំបិតប្រវែង៣សង្ទីម៉ែត្រផងដែរ។
តាមការសាកសួរបស់សមត្ថកិច្ចថៃ ទើបជនសង្ស័យរូបនេះ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភហើយអារក សម្លាប់នាងមែន ដោយសារតែការលួចស្រលាញ់នាង ជាយូរមកហើយ ទើបនៅចន្លោះម៉ោង៣ ទៅម៉ោង៤ ទៀបភ្លឺ ថ្ងៃទី៣ ខែកក្កដានេះ ខ្លួនបានអែបមកក្បែបន្ទប់នាង ដោយសង្គេតឃើញថា នាងដេកម្នាក់ឯងដោយ
មិនបានដាក់គន្លឹះទ្វារ ទើបខ្លួនបានលបចូលទៅ ដោយបានចាប់ យកនូវកូនកាំបិតរបស់នាង កាន់ទៅជាមួយផង ហើយបានភ្ជង់លើបំពង់កនាង ដើម្បីចាប់នាងរំលោភអោយបាន ។
ជនសង្ស័យបានរៀបរាប់បន្តថា នៅខណៈដែលខ្លួនកំពុងតែធ្វើសកម្មភាពរំលោភ ទៅលើនារីដ៏ស្រស់ស្អាតនោះមិនទាន់ទាំងបានដល់ត្រើយផង ក៏ត្រូវបានរូបនាងធ្វើការរើបំរះ ហើយតតាំងខ្វាចខ្ញាំ មកលើខ្លួនយ៉ាងចាស់ដៃដោយទ្រាំមិនបានខ្លួន ក៏បានសម្រេចចិត្តអារក សម្លាប់នាងតែម្តង ទើបគេចខ្លួនទៅសំងំដេកជាធម្មតា រហូតសមត្ថកិច្ចឃាត់ខ្លួនបាន ។
យោងតាមការស្រាវជ្រាវ និងស៊ើបអំពីប្រវត្តិ គឺបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឆាទ្រី រូបនេះ ធ្លាប់ជាប់ពន្ធនាគារម្តង កាលពីអំឡុងឆ្នាំ២០១៣ ពីបទរំលោភសេពសន្ថវៈ ដោយទើបរួចខ្លួនវិញ កាលពីខែកញ្ញា ឆ្នាំ២០១៥ហើយក៏ទើបនឹងបានមកនៅក្រៅ ពន្ធនាគារបានចំនួន១០ខែប៉ុណ្ណោះ ក៏ត្រូវបានឃាត់ខ្លួនម្តងទៀត ពីបទរំលោភសម្លាប់ ថែមទៀត។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងរៀបចំអោយធ្វើ ត្រាប់ឡើងវិញ អំពីសកម្មភាពទាំងនេះ ទើបបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីវិនិច្ឆ័យទោស តាមផ្លូវច្បាប់ ៕