ដោយ ៖ គង ករណា កម្ពុជា ជោគជ័យ CSN
បាត់ដំបង ៖ និស្សិតជាង៣០០នាក់ នៃសាកលវិទ្យាល័យបាត់ដំបង បានទទួលយកចំណេះដឹង នូវការផ្សព្វ
ផ្សាយស្តីពីច្បាប់ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងគោលបំណង
ដើម្បីឱ្យនិស្សិតបានយល់កាន់តែស៊ីជម្រៅ ស្តីពីការប្រើប្រាស់សិទ្ធិ និងសេរីភាព ហើយជម្រុញការលើកកំពស់
សិទ្ធិមនុស្ស នៅកម្ពុជាពឱ្យកាន់តែមានភាព ល្អប្រសើរឡើង គ្រាដែលគេមើលឃើញថា ប្រទេសកម្ពុជា គឺជា
ប្រទេសដែលបានអនុវត្ត សេចក្តីថ្លែងការជាសកល ពីសិទ្ធិមនុស្ស ឆ្នាំ១៩៥៥ និងក៏បានអនុម័តកតិកាសញ្ញា
ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅឆ្នាំ១៩៩២ ។
ប្រទេសកម្ពុជាប្រកាន់យករបបនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយសិទ្ធិ និងសេរីភាព របស់
ពលរដ្ឋម្នាក់ៗ ត្រូវបានលើកតំកើងឡើង ដើម្បីជាការប្តេជ្ញាខ្ពស់ របស់កម្ពុជា ក្នុងការធានា ឱ្យមានសិទ្ធិមនុស្ស
ជាចាំបាច់ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើគណៈកម្មាធិការ សិទ្ធិមនុស្សនេះឡើង ដើម្បីឃ្លាំមើល និង
តាមដានការពារ លើកកំពស់សិទ្ធិមនុស្ស នៅក្នុងព្រះរាជជាណាចក្រកម្ពុជា ឱ្យមានភាពល្អប្រសើរ។
កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសិទ្ធិ មនុស្ស បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅសាកល
វិទ្យាល័យបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា និងជា
សមាជិកក្រុមប្រឹក្សា នៃអង្គភាពប្រឆាំងអំពើពុករលួយ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនិងសិទ្ធិមនុស្សនេះដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវគេមើលឃើញថា ក្នុង
រយៈពេលប៉ុន្មានខែចុងក្រោយនេះ បានធ្វើសកម្មភាព ផ្សព្វផ្សាយច្បាប់ស្តីពីសិទ្ធិមនុស្ស នៅតាមបណ្តាខេត្ត
ក្រុង ចំនួន៥មកហើយ មិនតែប៉ុណ្ណោះ គណៈកម្មាធិការសិទ្ធិមនុស្ស បានដាក់ពាក្យ ប្តឹងទៅគណៈកម្មាធិការ
សិទ្ធិមនុស្ស នៃព្រះរាជាណាចក្រថៃ ដើម្បីឱ្យភាគីថៃ សហការជាមួយកម្ពុជា ក្នុងការត្រួតពិនិត្យ តាមដានស៊ើប
អង្កេត ជុំវិញនៃការ រំលោភសិទ្ធិ លើពលរដ្ឋកម្ពុជា ដែលជាកម្មករ ក្រោយពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ទទួលព័ត៌មានមកថា កម្មករខ្មែរធ្វើការនៅលើទូកនេសាទ ក្នុងប្រទេសថៃ ត្រូវបានថៅកែថៃ គាបសង្កត់ឱ្យប្រើ
ប្រាស់ថ្នាំញៀន ដើម្បីបង្ខិតបង្ខំធ្វើការងារ ហួសកម្លាំង ជាការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់នោះ។
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីច្បាប់សិទ្ធិមនុស្ស នៅសាកលវិទ្យាល័យបាត់ដំបងនោះដែរ ឯកឧត្តម កែវ រ៉េមី ប្រធាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ប្រទេស និងប្រជាជនកម្ពុជា កាលពីក្នុងតំណាក់កាល
ប្រទេសធ្លាក់ក្នុងសង្គ្រាម ប្រជាជនទាំងអស់ ត្រូវបានបាត់បង់សិទ្ធិសេរីភាពទាំងស្រុង កុំថាឡើយសិទ្ធិបញ្ចេញ
មតិ ទោះបីសិទ្ធិ រស់រានមានជីវិត ក៏គ្មាននោះផងទៀត។
ឯកឧត្តមបានលើកឡើងទៀតថា ដូចជាប្រទេសសេរី លីប៊ី អ៊ឺរ៉ាក់ និងប្រទេសក្នុងមជ្ឈិម បូព៌ាមួយចំនួន ដែល
កំពុង ហែកហួរដោយសង្គ្រាម សួរថាតើពលរដ្ឋ នៃប្រទេសទាំងនោះ មានសិទ្ធិដែររឺទេ? តើអ្នកណាជាអ្នកជួយ
ដល់ពួកគាត់ នៅពេលដែលប្រជាជនទាំងនោះ បាត់បង់ សិទ្ធិនិងសេរីភាពបែបនោះ។
ឯកឧត្តមក៏បានលើកឡើងទៀតថា សន្តិភាព និងការអភិវឌ្ឍន៍ គឺជាមូលដ្ឋានយ៉ាងសំខាន់បំផុត សម្រាប់ ការ
ប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ ដែលកំណត់ដោយច្បាប់ ដូច្នេះប្រទេសកម្ពុជាយើង ដែលកំពុងមាន
សុខសន្តិភាព និងការអភិវឌ្ឍន៍ យើងត្រូវខិតខំថែរក្សា សន្តិភាពនេះ ឱ្យបានគង់វង់យូរអង្វែង ទៅមុខទៀត។
ឯកឧត្តមក៏បានអំពាវនាវឱ្យក្នួយៗ និស្សិតទាំងអស់ កុំប្រើប្រាស់សិទ្ធិ និងសេរីភាព បង្កប៉ះពាល់សិទ្ធិអ្នកដទៃ
និងកុំចូលរួមបង្កប៉ះពាល់ សន្តិសុខជាតិ ដែលជាទង្វើ ប្រព្រឹត្តខុសច្បាប់៕ ដោយករុណា