ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN
បាត់ដំបង ៖ យោងតាមរបាយការណ៍ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២៣ ខែ សីហា
ឆ្នាំ ២០១៦នេះ ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញជាអធិបតី
ក្នុងពិធីសំណេះសំណាល និងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិកម្ពុជា ថវិកាគោលនយោបាយជូន
ដល់និវត្តជន នគរបាលពិការ និង ក្រុមគ្រួសារនគរបាលមរណ: ចំនួន៩៥ នាក់ ។ ពិធីនេះប្រព្រឹត្តិនៅសាល
ប្រជុំនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដោយមានអស់លោក លោកស្រី ជាស្នងការរង ជាថ្នាក់ ដឹក
នាំចំណុះស្នងការដ្ឋាន ជានិវត្តជន ជានគរបាលពិការ និងក្រុមគ្រួសារនគរបាលមរណ:ផងដែរ ។
ឧត្តមសេនីយ៍ស្នងការ បានថ្លែងទៅកាន់ក្នុងអង្គពិធី បានរំឮកអំពីវីរភាព និងគុណបំណាច់យ៉ាងធំធេង មិន
អាចកាត់ថ្លៃបាន របស់អស់លោក លោកស្រីជាអតីតនគរបាល ( ជានិវត្តជន ជានគរបាលពិការ និងនគរបាល
ដែលទទួមរណ: ) ក្នុងបុព្វហេតុបំរើជាតិ មាតុភូមិ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម អស់លោក លោកស្រីពិត
ជាបានរួមចំណែកធំធេងណាស់ បានធ្វើឲ្យស្ថានភាព ស្ថេរភាពសន្តិសុខសង្គម បានល្អប្រសើរដូចបច្ចុប្បន្ន។
បើទោះបីពេលនេះ អស់លោក លោកស្រី បានក្លាយជាប្រជាពលរដ្ឋធម្មតា ក្នុងមូលដ្ឋាន ប៉ុន្តែថ្នាក់ដឹកនាំរាជ
រដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែគឹតគូរអំពីសុខទុក្ខ និងការលំបាក
គ្រប់យ៉ាង របស់អស់លោក លោកស្រីជានិច្ច ។ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានខិតខំ
និងបន្តខិតខំ គ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យស្ថានភាពជីវភាព របស់នគរបាលជានិវត្តជន នគរបាលពិការ និង
ក្រុមគ្រួសារនគរបាល ដែលលោកបានទទួលមរណ:ភាព នាពេលកន្លងទៅ មានជីវភាពល្អប្រសើរ សមស្រប
តាមការវិវឌ្ឍន៍រីកចំរើន របស់សង្គមជាតិ នាពេលបច្ចុប្បន្ន ។
ឧត្តមសេនីយ៍បន្តថា បច្ចុប្បន្ននេះ យើងមានសមាគមមិត្តនគរបាលជាតិ មានសមាគមអតីយុទ្ឋជនកម្ពុជា នៅ
ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដែលក្នុងនោះនគរបាលយើង ក៏ស្ថិតក្នុងសមាគមនោះដែរ ។ ក្នុងមួយរយៈ
ពេលនេះ សកម្មភាពរបស់ សមាគមអតីតយុទ្ឋជនកម្ពុជា ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានបាននឹងកំពុងធ្វើ
សកម្មភាពយ៉ាងសកម្មនិងផុលផុស ដើម្បីកែប្រែស្ថានភាពរស់នៅ របស់អតីតយុទ្ឋជនកម្ពុជា ឲ្យកាន់តែមាន
លក្ខណ: ល្អប្រសើរគួរជាទីពេញចិត្ត ។
ជាចុងក្រោយ ឧត្តមសេនីយ៍បានប្រគល់ថវិកានេះដល់ និវត្តជនចំនួន ៤៩ នាក់ នគរបាលពិកាចំនួន ៣៨នាក់ និងក្រុមគ្រួសារនគរបាលមរណ:ចំនួន ០៨ នាក់ និងបានថតរូបអនុស្សាវរិយ៍ផងដែរ ។