កាលពីប៉ុន្មានឆ្នាំមុន យើងអាចតម្លើងប្រព័ន្ធប្រតិបត្តិការណ៍ Android លើទូរស័ព្ទ iPhone ស៊េរីចាស់ៗដូចជា iPhone 2G, iPhone 3G បាន ដែលនេះគឺជាជម្រើសដ៏ល្អមួយ អាចអោយយើងប្រើប្រព័ន្ធប្រតិបត្តិការណ៍ iOS ក៏បាន និង Android ក៏បាន។ អស់រយៈពេលជាយូរមកហើយ ដែលយើងមិនទាន់ឃើញមានអ្នកសិក្សាស្រាវជ្រាវណា អាចរុញបញ្ចូលប្រព័ន្ធប្រតិបត្តិការណ៍ Android ទៅក្នុងទូរស័ព្ទ iPhone បាននៅឡើយទេ ព្រោះអីម៉ាស៊ីនរបស់ iPhone បង្កើតឡើងសម្រាប់ iOS តែប៉ុណ្ណោះ ដែលវាមានភាពសាំញ៉ាំ និងសុវត្ថិភាពខ្ពស់។
ថ្មីៗនេះ អ្នកក្រុមអ្នកសិក្សាស្រាវជ្រាវ Software មកពីសកលវិទ្យាល័យ Michigan មួយបានបង្ហោះវីដេអូមួយ បង្ហាញអំពីភាពជោគជ័យរបស់គេ ក្នុងការរុញបញ្ចូលប្រព័ន្ធប្រតិបត្តិការណ៍ Android L ដែលជាជំនាន់ចុងក្រោយបង្អស់ ទៅក្នុងទូរស័ព្ទ iPhone 5s។ តាមរយៈការតេស្តសាកល្បងខាងលើ យើងសង្កេតឃើញថាវាមិនអាចដំណើរការបានល្អនោះទេ ពោលវាមានភាពរអាក់រអួលច្រើន នេះក៏ដោយសារតែ ម៉ាស៊ីន (Hardware) របស់វាមិនអាចទ្រាំទ្របានឡើយ។ រាល់ឯកសារនានាដែលស្ថិតនៅលើទូរស័ព្ទនេះ គឺមិនបានរក្សាទុកក្នុងម៉ាស៊ីននោះទេ ពោលគេត្រូវទាញវាចេញពីកុំព្យូទ័រតាមរយៈ Wireless វិញ នេះក៏ដោយសារតែម៉ាស៊ីន iPhone 5s មិនអនុញ្ញាត្តិអោយ Android L ផ្ទុកឯកសារបាន។
ក្រុមអ្នកស្រាវជ្រាវទាំងនេះ មិនបានបញ្ជាក់អោយយើងដឹងច្បាស់នៅឡើយទេពីរបៀបតម្លើង Android L លើ iPhone 5s នេះ ហើយក្រុមនេះក៏ប្រហែលជានឹងមិនបង្ហើបពីវិធីអោយដឹងជាសាធារណៈផង ដែរ។ មូលហេតុនោះគឺថា វាមិនអាចដំណើរការបានប្រក្រតីទេ ពោលវាមានភាពរអាក់រអួលច្រើន ហើយរាល់ឯឝសារទាំងអស់មិនមែនរក្សាក្នុងទូរស័ព្ទឡើយ ពោលគឺត្រូវរក្សាក្នុងកុំព្យូទ័រ ហើយទាញប្រើតាមរយៈបណ្តាញវិញ (Server)។
ប្រសិនបើជា iPhone អាចដំណើរការប្រព័ន្ធប្រតិបត្តិការណ៍ Android បាន និងដោយរលូន ប្រាកដជាល្អជាក់ជាមិនខាន ព្រោះអីប្រព័ន្ធប្រតិបត្តិការណ៍ទាំងពីរនេះសុទ្ធតែមានលក្ខណៈ ពិសេសរៀងៗខ្លួន។