ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់

ដោយ ៖ សហការី ( CSN )

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដោយមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

 

យោងតាមសេចក្តីណែនាំ ស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានគណៈកម្មការចម្រុះ បង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងខុសច្បាប់គ្រប់ប្រភេទ ជាសេនាធិការ បានសង្កេតឃើញថា នៅតាមមូលដ្ឋានរាជធានី-ខេត្តមួយចំនួន មាការលបលួចធ្វើអាជីវកម្ម ល្បែងខុសច្បាប់គ្រប់ប្រភេទ គួរឲ្យកត់សំគាល់រួមមានល្បែងអ៊ិនធើណេត២៤ម៉ោង ឆ្នោតកន្ទុយលេខខុសច្បាប់ល្បែងជល់មាន់ ល្បែងភ្នាល់ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងស៊ីសង ជ្រកក្រោមល្បែងក្មេងលេង ព្រមទាំងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលមិនមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ចជាដើម។ ដូច្នេះគណៈកម្មការចម្រុះត្រូវមាន វិធានការបង្ក្រាប និងលប់បំបាត់នូវរាល់ល្បែងស៊ីសង អត់ច្បាប់ខាងលើអោយមានប្រសិទ្ធភាព។

 

ជាការកត់សម្គាល់ ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទបាននឹងកំពុងរីកដុះដាល នៅទូទាំងប្រទេស មានចាប់តាំងពីប្រភេទល្បែងទំនើបៗ ដែលគេបើកលេង នៅតាមសណ្ឋាគារ តាមក្លឹប ជាប្រភេទល្បែងលេង តាមអនឡាញ រហូតដល់ល្បែងគេបើកលេង នៅតាមភូមិតាមចិញ្ចើមថ្នល់ពនិងតាមផ្សារលក់បន្លែ ត្រីសាច់ផងដែរ ដូចជាកន្ទុយលេខ បៀ អាប៉ោង ប្រជល់មាន់។ល។

ក្នុងនោះរាល់ការលេងល្បែងភ្នាល់ទាំងអស់ នេះគេកម្រឃើញអាជ្ញាធរ និងសមត្ថកិច្ចអនុវត្តលប់បំបាត់អោយមានប្រសិទ្ធភាពណាស់ ដោយសារតែការបើកលេងល្បែងទាំងអស់នោះ វាជាប្រភពចំណូល ដ៏ធំមួយ របស់អាជ្ញាធរ សមត្ថកិច្ចនៅតាមមូលដ្ឋាន។

 

ជាក់ស្ដែងសូម្បីតែឆ្នោតវៀតណាម អត់ច្បាប់ដែលជនជាតិ វៀតណាម កាន់ដើរលក់ជាសាធារណៈនៅតាមផ្លូវ តាមហាងកាហ្វេ…ក៏មន្ត្រីអាជ្ញាធរ សមត្ថកិច្ចមិនហ៊ានបង្ក្រាបដែរ ព្រោះវាប៉ះពាល់ដល់ ផលប្រយោជន៏បុគ្គលមួយចំនួន ដែលជាមេកើយរបស់ពួកគេ។

 

ក្នុងនោះសម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានថ្លែងថា មានបុគ្គល មួយចំនួន ដែលខ្លួនមិនបានឆ្លងកាត់ វគ្គបណ្តុះបណ្តាល ធ្វើេជាប៉ូលីសឲ្យបានត្រឹមត្រូវ ប៉ុន្តែបានលបលួច បន្លំជាមួយ បក្ខពួកខ្លួនមួយក្តាប់តូច ហើយឲ្យស៊ីញ៉េមក ធ្វើជាប្រធាននាយកដ្ឋាន ឬក៍ធ្វើជាអគ្គនាយករងទៀតផង។

 

សម្តេចក្រឡាហោម ស ខេង បន្តថា ដើម្បីកុំឲ្យមានបញ្ហាបែបនេះទៀត មានតែប្រធាននាយកដ្ឋាន អត់បានរៀនការងារ ជាប៉ូលីស កើតឡើងទៀត ត្រូវតែមានវិធានការទប់ស្កាត់ ក្នុងគោលបំណង កុំឲ្យអនុវត្តការងារ គ្មានប្រសិទ្ធិភាព៕

 

2016-10-26_19-52-23-1 2016-10-26_19-53-48-1 2016-10-26_19-54-41-1 screenshot_2016-10-26-12-37-13-1 screenshot_2016-10-26-12-37-34-1 screenshot_2016-10-26-12-37-55-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author