ដោយ ៖ នួន ពុទ្ធា ( កម្ពុជា ជោគជ័យ ) CSN
ស្ទឹងត្រែង ៖ ឈើប្រណិតរាប់ពាន់កំណាត់ ដែលឈ្មួញបានដឹកយកមកទុកនៅផ្ទះ ដីឡូមួយកន្លែង ស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងកងរាជ
អាវុធហត្ថ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ខេត្តបានរកឃើញ ទីតាំងដែរឈ្មួញលាក់ទុក ចំនួន៤កន្លែង ផ្សេងៗគ្នាក្នុងដីឡូតែមួយ ។
ករណីបង្ក្រាបខាងលើ បានធ្វើឡើង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នេះ ទី១ លាក់ទុកនៅក្នុងស្រះទឹកខាងក្រោយផ្ទះ ទី២ កាយដីកប់លាក់ទុកនៅក្រោយផ្ទះ ទី៣ លាក់ទុកនៅក្នុងបន្ទប់ឈើ ជាប់នឹងក្រោយផ្ទះ នឹងទី៤ លាក់ទុកនៅក្នុងបន្ទប់ថ្មក្រោមផ្ទះ បច្ចុប្បន្ន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹង ត្រែង ធ្វើការសហការណ៍ ជាមួយជំនាញរដ្ឋបាលព្រៃឈើ ចុះបង្ក្រាប នឹងរិបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើច្រប់ ជាបន្តបន្ទាប់ផងដែរ។
តាមការឪ្យដឹងផ្ទាល់ពីលោក តែ រី នាយរងផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ចំពោះការចុះបង្ក្រាបឈើប្រណិតដែលឈ្មួញដឹកយកមកលាក់ទុកនៅចំណុចខាងលើនោះ នៅមិនទាន់ដឹងចំនួនប៉ុន្មានដំុ និងចំនួនម៉ែត្រគូបនៅឡើយទេ ពីព្រោះអីនៅកំពុងធ្វើការដឹកជញ្ជូនមិនទាន់រួចរាល់នៅឡើយនោះទេ ។
សូមបញ្ជាក់បន្ថែមផងដែរថា ទីតាំងកន្លែងដែលឈ្មួញលាក់ទុកឈើប្រណិតទាំង៤ចំណុចនៅក្នុងបរិវេណផ្ទះដីឡូមួយកន្លែងខាងលើនោះ ទើបតែបានធ្វើការដឹកជញ្ជូនបានមួយចំណុចដែលលាក់ទុកនៅក្នុងស្រះទឹកខាងក្រោយផ្ទះនោះទេ នៅចំនួន៣ចំណុចទៀតដែលមិនទាន់បានដឹកជញ្ជូយកមកទុកនៅសង្កាត់រដ្ឋបាលព្រៃឈើច្រប់នៅឡើយ ហើយនៅក្នុងស្រះទឹកនោះក៏នៅមិនទាន់ធ្វើការដឹកជញ្ជូនអស់នៅឡើយដែល ។
ទោះយ៉ាងណា ពលរដ្ឋនៅតែមានការ ងឿងឆ្ងល់យ៉ាងខ្លាំង ផងដែរថា ហេតុអីទើបតែបង្ក្រាបនៅពេលនេះ? នណាៗ ក៍គេដឹងដែរថា ឈ្មួញរូបនេះ ជាអ្នករកស៊ីជំនួញឈើ ជាយូឆ្នាំមកហើយ ស្ទើតែរលាយព្រៃឈើអស់ទៅហើយ គេមិនជឿថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើច្រប់មិនដឹងនោះទេ លើកលែងតែមានការត្រូវរ៉ូវគ្នា ទើបស្ងាត់ស្ងៀមមកទល់បច្ចុប្បន្ននេះ។/