ជនជាតិវៀតណាមប្រុសស្រី២៩នាក់សង្ស័យ ឆ្នងដែនខុសច្បាប់មករស់នៅតាមរោងសិប្បកម្ម ត្រូវបានកម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួន​

ដោយ៖ គង់ ករុណា ( កម្ពុជា ជោគជ័យ ) CSN

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះជនជាតិវៀតណាម ចំនួន២៩នាក់ ត្រូវបានសមត្ថកិច្ច អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានចុះពិនិត្យ និងឃាត់ខ្លួន នៅតាមរោងសិប្បកម្មនានា ក្នុងខេត្តបាត់ដំបង។

លោក ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានអោយដឹងថា មានជនជាតិវៀតណាម ដែលលួចឆ្លងដែនខុសច្បាប់ជាច្រើននាក់ មករស់នៅដោយជ្រកកោន ក្នុងរោងជាង ធ្វើសិប្បកម្មធំៗ ក្នុងទីក្រុងភ្នំពេញ ហើយថ្មីៗនេះ អ្នកទាំងនោះ បានច្រាលពីភ្នំពេញ យ៉ាងច្រើនចូលមកកាន់បណ្តារោងសិប្បកម្មនានា ក្នុងខេត្តបាត់ដំបង។

ឯកឧត្តមបានឲ្យដឹងបន្តរថា ប្រតិបត្តិការចុះពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាម គ្មានលិខិតស្នាម បញ្ជាក់ពីអត្តសញ្ញាណ គ្រប់គ្រាន់នេះ ត្រូវបន្តរធ្វើនៅទូទាំងខេត្តបាត់ដំបងតែម្តង ជាក់ស្តែងពេលនេះ កម្លាំងជំនាញបានបើកប្រតិបត្តិការ ចុះឃាត់ខ្លួនជនជាតិវៀតណាម ទៅលើ៣ គោលដៅធំៗ ជាចំនួន២៩នាក់ដំបូង ក្នុងនោះមានភូមិសាស្ត្រ ភូមិចិន ២កន្លែង ភូមិវត្តរំដួល ២កន្លែង ភូមិពោធិវង្ស ១កន្លែង និងភូមិរំចេក១ ចំនួន៣កន្លែង ក្នុងក្រុងបាត់ដំបង សរុបទាំងអស់ចំនួន២៩នាក់ ក្នុងនោះមានស្រីចំនួន៥ផងដែរ។

ជនជាតិវៀតណាម ដែលបានឃាត់ខ្លួនខាងលើ កម្លាំងជំនាញកំពុងសាកសួរ អត្តសញ្ញាណ បើជនណាម្នាក់មិនមានឯកសារត្រឹមត្រូវ ស្របច្បាប់ ត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់ស្រុកកំណើតវិញ រីឯជនដែលមានឯកសារគ្រប់គ្រាន់ ក្នុងការរស់នៅ ត្រូវអោយវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញដែរ៕

 

2016-11-07_21-07-35 2016-11-07_21-12-49 2016-11-07_21-11-43 2016-11-07_21-09-40 2016-11-07_21-14-00

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author