ដោយ ៖ សហការី ( CSN )
កំពង់ធំ ៖ រថយន្តក្រុងរបស់ក្រុម ហ៊ុន សុនលី ដឹកអ្នកដំណើរ ជនជាតិតៃវ៉ាន់ សៀមរាប ភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង៩ នឹង៥៥នាទីព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅលើផ្លូវវាងក្រុងស្ថិតក្នុងភូមិព្រៃតាហូ សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តក្រុងខាងលើ ពាក់ផ្លាកលេខភ្នំពេញ 3D.3279 បើកបរក្នុងល្បឿនយ៉ាងលឿន ទំនងមកពីសៀមរាប ឆ្ពួសទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានគេច ពីម៉ូតូ១គ្រឿងកំពុង
បើកឆ្លងផ្លូវ ហើយក៍បានក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យអ្នករួមដំណើរ ចំនួន១១នាក់ ជាជនជាតិតៃវ៉ាន់ រងរបួសធ្ងន់ស្រាល ក្នុងនោះមានស្រី៤នាក់ ក្រោយពីកើតហេតុ អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ស្រមោល ទោះយ៉ាងណា អ្នកបើកបរ ត្រូវបានគេស្គាល់ថា ឈ្មោះ ភន រថ អាយុ២៨ឆ្នាំ រស់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ភ្លាមៗនោះដែរ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តបានជួយអន្តរាគមន៍ ជាបន្ទាន់ផងដែរ ដោយហៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ៥១៥ ដែលនៅជិតកន្លែងកើតហេតុ ដឹកយកមកសង្គ្រោះភ្លាមៗ ប៉ុន្តែដោយស្ថានការណ៍ មានសភាពធ្ងន់ធរ អ្នករងគ្រោះ
ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញចំណែកអ្នករងរបួសស្រាល បន្តព្យាបាលនៅមន្ទីរពេទ្យ៥១៥ រងចាំរថយន្ត របស់ក្រុមហ៊ុន មកទទួលទៅភ្នំពេញ។
ឯកឧត្តម គង់ វិមាន ក្នុងនាមអាជ្ញាធរខេត្ត ក៍បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ បើកបរដោយប្រុងប្រយ័ត្ននិងពេលបើកបរ មេត្តាកុំទទួលទានគ្រឿងស្រវឹង បើទទួលទានគ្រឿងស្រវឹង សូមកុំបើកបរ ព្រោះថា គ្រោះថ្នាក់របស់អ្នក គឺជាការគ្រោះថ្នាក់ដល់គ្រួសារអ្នក និងអ្នកដទៃ និងសង្គមជាតិ ឯកឧត្តមក៏បានជូនពរអោយបងប្អូនទាំងអស់ ជួបតែសំណាងល្អ ជៀសផុតពីការគ្រោះថ្នាក់ផ្សេងៗផងដែរ ។/