ដោយ ៖ នួន ពុទ្ធា ( កម្ពុជា ជោគជ័យ ) CSN
ស្ទឹងត្រែង ៖ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ គេឃើញមានរថយន្តយីឌុបខ្នាតយក្ស ចូលទៅដឹកឈើ ជាបន្តបន្ទាប់ ចំនួន ៣គ្រឿង មកទល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវជិលេខ៧ អាស៊ាន កម្ពុជា ឡាវ ស្តិតនៅភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុង/ ខេត្តស្ទឹងត្រែង ហើយឈើនេះ ត្រូវបានឈ្មួញម្នាក់ គាត់បាននិយាយថា ជាឈើមានច្បាប់ តែមិនដឹងថា ច្បាប់ខាងណា ជាអ្នកចេញឲ្យនោះទេ ព្រោះគេនិយាយតែមាត់ទទេ គ្មានឯកសារបង្ហាញ។
សូមបញ្ជាក់ផងដែរថា ក្នុងការដឹកជញ្ជូនឈើប្រណិតប្រភេទឈើធ្នង់ តាមរថយន្តយីឌុប ចំនួន៣គ្រឿង នៅត្រង់ចំណុច ខាងលើនោះដែរ រាល់ការទំនាក់ទំនងទូរស័ព្ទ ទៅសូមការបំភ្លឺ ពីលោក ឈាន តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត តេចូលហើយតែគ្មានអ្នកលើក បន្ទាប់មក ក៏បានធ្វើការទំនាក់ទំនងទូរស័ព្ទទៅលោក មាស សុផុន នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មិនអាច ធ្វើការទំនាក់ទំនងបានផងដែរ ដោយសារទូរស័ព្ទតេមិនចូល ។
តាមប្រភព ពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តម្នាក់ បានប្រាប់ឲ្យដឹងថា ឈើប្រណិតខាងលើនេះចំនួន៥៣ម៉ែត្រគូប ឥឡូវនេះ គេកំពុងធ្វើការលើកដាក់ ទៅក្នុងរថយន្តគ្រប់ចំនួន៣គ្រឿង ទើបបានដឹកចេញ ។ លោកបានបន្តថា ឈើនេះ ពីមុនមកត្រូវបានសមត្ដកិច្ច ចាប់ឃាត់នាំយកមក កាន់ស្នងការ ខេត្តស្ទឹងត្រែងដោយសារដឹកលើសទម្ងន់ ហើយលើសនឹងច្បាប់កំណត់ ឲ្យដឹកជញ្ជូនទៀត ក្រោយមកត្រូវបានបង់ផាកពិន័យ ទាំងរថយន្ត និងឈើដែលខុសច្បាប់ ហើយឈើដែលខុសច្បាប់នោះដឹកយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។
លោកបានបញ្ជាក់ទៀតថា ចំណែកឈើដែលត្រឹមត្រូវតាមច្បាប់នោះ ត្រូវបានគេដឹកយកមកផ្ញើរទុក នៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅចំណុចភូមិគីឡូលេខ៨ ដោយមានរយៈពេល ២ឆ្នាំមកហើយទើបតែថ្ងៃនេះម្ចាស់របស់គេ បានមកដឹកជញ្ជូនយកទៅវិញ។
បច្ចុប្បន្នឈើប្រណិត បានស្ទូចដាក់នៅលើរថយន្ត យីឌុបខា្នតយក្សទាំង៣គ្រឿ រួចរាល់ហើយ ហើយម្ចាស់ឈើខាងលើនោះ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅកំពុងធ្វើការរត់រកអ្នកកាង ឈើចេញផងដែរពី ហើយឥឡូវនេះ កំពុងតែត្រៀម ដឹកជញ្ជូនចេញនៅពេលយប់ថ្ងៃទី១៣ វិច្ឆិកានេះ នេះបើតាមការបញ្ជាក់ពីលោក សួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ តែចំណែកម្ចាស់ឈើវិញ បាននិយាយថា ដឹកចេញនៅថ្ងៃស្អែកទៅវិញ ក្នុងរឿងនេះហាក់ដូចជា មានលាក់បាំង ចំពោះអ្នកសារព័ត៌មាន ។
សូមបញ្ជាក់បន្ថើមផងដែរថា ការដឹកជញ្ជូនឈើប្រណិត ដ៏ច្រើននេះ ត្រូវបានសមត្ថកិច្ច នឹងម្ចាស់ផ្ទះ បានឲ្យដឹងថា មេឈ្មួញឈើនេះ ឈ្មោះ ថន ជាប៉ូលិសផ្កាយ២ តែប្រភពមិនបាន បញ្ជាក់ថា នៅអង្គភាពណាទេ ។/