ដោយ ៖ សហការី ( CSN )
ខេត្តត្បូងឃ្មុំ ៖ ប្រភពពីមន្ត្រីគយ បានទម្លាយ ឲ្យដឹងថាក្នុងចាប់តាំងពី រដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន និងអគ្គនាយកគយ គុណ ញឹម បានតែងតាំង លោក ប៉ុន ប៊ុណ្ណា ឲ្យធ្វើជាប្រធាន ការិយាល័យគយ និងរដ្ឋាករ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កន្លងមក មានប្រព័ន្ធផ្សព្វផ្សាយ កាន់តែច្រើនឡើងៗ នាំគ្នាសរសេររិះគន់ ធ្ងន់ៗជាបន្តបន្ទាប់ ទៅលើមេគយថ្មី ប្រចាំនៅច្រកទ្វារ អន្តរជាតិត្រពាំងផ្លុងនោះ ។
បើទោះយ៉ាងណា គេមិនទាន់ឃើញ មានចំណាត់ការអ្វី ពីមេៗធំកំពូល អូន ព័ន្ធមុន្នីរ័ត្ន និង គុណ ញឹម នៅឡើយទេ ។ បែបប្រហែលជា ដោយសារតែពួកគាត់ (មេៗ) មិនហ៊ាន ជាមួយកូនចៅ ដែលពូកែយល់ចិត្តមេ នោះហើយមើល៍ទៅ។
ពាក់ព័ន្ធរឿងនេះ មានអ្នកដឹងរឿងខ្លះ បានលួចទម្លាយ ព័ត៌មានចេញក្រៅថា គ្រាន់តែបានធ្វើមេគយថ្មី នៅច្រកត្រពាំងផ្លុងភ្លាម លោកប្រធាន មានល្បិចខូចច្រើន ប៉ុន ប៊ុណ្ណា បានឃុបឃិតគ្នា ជាមួយពួកឈ្មួញធំៗ ដូចជាម្ចាស់ក្រុមហ៊ុន ដឹកទំនិញ ស៊ុន ហួរ, ក្រុមហ៊ុនដឹកទំនិញ ហាក់ ម៉ៅ, ក្រុមហ៊ុនដឹកទំនិញ ឆេង ទី, ក្រុមហ៊ុនដឹក
ទំនិញ ទីខ្មូត និងក្រុមហ៊ុនដឹកទំនិញ របស់យាយ ញាប់ជាដើម។ ដែលដឹកទំនិញចេញ-ចូលកម្ពុជា-វៀតណាម តាមច្រកអន្តរជាតិនោះ ដោយពួកគេសហការគ្នា ក្នុងការធ្វើការងារ (របៀបស្វា លេងប៉ាហ៊ី) វាយតម្លៃពន្ធទាប និងតម្រូវឲ្យបង់ពន្ធ ចូលរដ្ឋមិនគ្រប់ចំនួន រួមទាំងអាចមាន ការលួចបន្លំពន្ធ លើមុខទំនិញផ្សេងៗ ដើម្បីកិបកេងលុយ យកចែកគ្នាទាំងដុំៗ ធ្វើមានបានហ៊ឺហារ គ្មានខ្លាចរអាច្បាប់ ចាប់ដាក់ទោសនោះផង ។
បើព័ត៌មានខាងលើ វាជាការពិតមែន… គេអាចធ្វើលេខ បូកដកគុណចែក គន់គូររកឃើញថា ចំណូលពន្ធគយ នៅច្រកទ្វារអន្តរជាតិ «ត្រពាំងផ្លុង» កំពុងបាត់បង់រាប់ពាន់ លានរៀលក្នុងមួយខែៗ ស្មើនឹងរាប់ម៉ឺនដុល្លារ… នេះគេមិននិយាយ ពីលុយលើតុក្រោមតុ ដែលពួកមន្ត្រីៗពុករលួយ នៅស្រុកខ្មែរ ធ្លាប់តែនាំគ្នាប្រព្រឹត្ត ស្ទើរតែក្លាយជាវប្បធម៌ យកធ្វើមានបាន ស្ទើរគ្រប់គ្នា អស់រយៈពេល រាប់សិបឆ្នាំមកនេះ នោះផង ។
បើចង់ដឹងច្បាស់ថា តើព័ត៌មាននោះវាយ៉ាងណា?គួរតែអង្គភាព ប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ។ ដើម្បីចាត់វិធានការ ទៅលើមន្ត្រីៗខិលខូច និងដើម្បីការពារ ចំណូលថវិកាជាតិ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មេគយត្រពាំងផ្លុង ប៉ុន ប៊ុណ្ណា ជា ខ្សែរដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន និងអគ្គនាយកគយ គុណ ញឹម ដែលអាងចំហាយ អំណាចខ្សែមេធំនោះ បាននិងកំពុងយកតួនាទី ទៅប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យបាត់ចំណូល ថវិកាជាតិយ៉ាងច្រើន ពីការប្រមូលពន្ធផ្សេងៗ ដូចជាករណីកន្លងមក នៅច្រកទ្វារត្រពាំងផ្លុង ដែលតែងតែធ្លាប់ ប្រមូលពន្ធបានក្នុង ១ខែៗ ចំនួនចាប់ពី ១១ ពាន់លានរៀល ទៅ ១៤ ពាន់លានរៀល។ឥឡូវបែរជាប្រមូលបាន ត្រឹមតែចំនួនជាង ៦ ពាន់លានរៀល ទៅ ៨ ពាន់លានរៀលប៉ុណ្ណោះ បន្ទាប់ពីលោក ប៉ុន ប៊ុណ្ណា បានចូលកាន់តំណែង ជាមេគយថ្មី ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ រហូតមកដល់សព្វថ្ងៃ ។
ប្រភពព័ត៌មាន នៅបានប្រាប់ឲ្យដឹង ពីតារាងតម្លៃខ្លះៗ (ក្រដាសបញ្ជី) ដែលពួកមន្ត្រីៗគយ ខិលខូចមួយក្ដាប់តូច (មេៗ និងខ្សែហោ បក្ខពួក) នៅច្រកត្រពាំងផ្លុង ក្នុងសម័យលោក ប៉ុន ប៊ុណ្ណា តែងយកមកអនុវត្ត ក្នុងការគិតលុយកាក់ ជាមួយពួកឈ្មួញៗដែរថា …បើគិតអត្រាពន្ធត្រឹម ៧% ពួកគេតម្រូវឲ្យ ឡានតូចត្រូវបង់ពន្ធ ៩លានរៀល និងបង់ថ្លៃបាយ ៥លានរៀល, បើអត្រាពន្ធ ១៥% ឡានតូចត្រូវបង់ពន្ធ ១០លានរៀល និងថ្លៃបាយ ៥លានរៀល ។
បើទំនិញចាប់ហ៊ួយ បូកអត្រាពន្ធ ៣៥% ឡានតូចត្រូវបង់ពន្ធ ២២លានរៀល និងថ្លៃបាយ ៥លានរៀលក្នុងករណីដូចគ្នា បើពួកឈ្មួញបង់ថ្លៃបាយ ១១លានរៀល ឡានតូចដូចគ្នាដែរ អាចបង់ពន្ធត្រឹម ៨,៥ លានរៀលប៉ុណ្ណោះនិងនៅមានទំនិញផ្សេងៗទៀត ត្រូវពួកគេកំណត់តម្លៃ។ល។ និង ។ល។ ដែលសរុបមក បើឈ្មួញណា បង់ថ្លៃបាយឲ្យច្រើន ពួកគេឲ្យបង់ពន្ធចូលរដ្ឋតិច។ផ្ទុយទៅវិញ បើពួកឈ្មួញណា ឲ្យថ្លៃបាយពួកគេតិច គឺពួកគេតម្រូវឲ្យ បង់ពន្ធចូលរដ្ឋច្រើន ទៅតាមច្បាប់កំណត់ អត់អាចតថ្លៃបានឡើយ។
ពាក់ព័ន្ធរឿងនេះ អង្គភាព គេហទំព័រ CSN យើងមិនអាចសុំការបំភ្លឺពីលោកប្រធានច្រកត្រពាំងផ្លុង បានទេនៅពេលនេះ អង្គភាពយើង រង់ចាំបកស្រាយ រាល់ម៉ោងធើ្វការ ដោយធ្វើការទំនាក់ទំំនង ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000 ៕ សូមអគុណ