ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN
ខេត្តប៉ៃលិន៖ មហាជន និងមន្ត្រីរាជការ មួយចំនួនក្នុងខេត្តប៉ៃលិន តែងតែនាំគ្នានិយាយ តាមហាងកាហ្វេថា នៅក្នុងខេត្តប៉ៃលិនបច្ចុប្បន្ននេះ ហាក់ដូចជាមានការធូរលុង ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ បណ្ដោយឲ្យមានរថយន្តដឹកទំនិញធំៗ មួយចំនួន ផ្ទុកទំនិញលើសការកំណត សំពីងសំពោង និងរថយន្តខុសបច្ចេកទេស រត់លើផ្លូវជាតិ យ៉ាងអនាធិបតេយ្យ ជាពិសេសនោះគឺ រថយន្តរបស់ក្រុមហ៊ុន ដែរមានខ្នងបង្អែក ជាអ្នកមានអំណាចនៅពីក្រោយ ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបង្ហើបប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងហាងកាហ្វេ ក្បែរសាលាខេត្តប៉ៃលិន បានឲ្យដឹងថា មានរថយន្តដឹកទំនិញធំៗចំនួនពីរ ដែលបើកបរក្នុងខេត្តប៉ៃលិន គឺរថយន្តក្រុមហ៊ុន គា ធី ( T ) និងរថយន្តក្រុមហ៊ុនរាជសីហ៏ ឡូជីស្ទីក ( R.S ) រថយន្តក្រុមហ៊ុនទាំងពីរនេះ ត្រូវបានពួកគាត់សង្ស័យថា មានអ្នកធំនៅពីក្រោយខ្នងផងដែរ។ បើនិយាយពី រថយន្តរបស់ក្រុមហ៊ុនរាជសី ឡូជីស្ទីក ( R.S ) វិញ បើកបរក្នុងខេត្តប៉ៃលិន គឺមានល្បឿនលឿន ចំពោះរថយន្តវិញនោះ មានផ្ទុកទំនិញលើសការកំណត់ សំពីងសំពោង មិនគោរពច្បាប់ចរាចរណ៏ឡើយ នៅពេលសមត្ថកិច្ចហៅ ធ្វើការត្រួតពិនិត្យម្ថងៗ ពួកគេអាងអ្នកនេះ អាងអ្នកនោះ មកគំរាមដល់សមត្ថកិច្ចទៀតផង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅសងខាងផ្លួវជាតិលេខ៥៧ បានឲ្យដឹងថា បច្ចុប្បន្នពួកគាត់កំពុងមានការភ័យខ្លាច នឹងបារម្យយ៉ាងខ្លាំង ដែរមានរថយន្តជាច្រើនក្រុមហ៊ុន ដែលបើកបរក្នុងខេត្តប៉ៃលិន តែងតែបើកក្នុងល្បឿនលឿន ពេលខ្លះបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបួសនឹងស្លាប់ផងដែរ មិនដែរចាប់បានជនបង្កទេ ត្រូវបានសមត្ថកិច្ចថា អ្នកបើកបរ រត់គេចខ្លូន បន្សល់តែរថយន្ត ឲ្យម្ចាស់ក្រុមហ៊ុន ជាអ្នកចេញមុដោះស្រាយ ជួនកាលដោះស្រាយ បានត្រឹមតែដោះស្រាយ គ្មានសំណងមកដល់ជនរងគ្រោះក៍មានដែរ ។
បើតាមប្រភពព័ត៌មាន ពីអាជីវករម្នាក់ (សុំមិនបញ្ជេញឈ្មោះ) ដែលមានរថយន្តដឹកទំនិញ បាននិយាយថា រថយន្តគាត់ពេលដឹកទំនិញម្តងៗ លើផ្លួវជាតិ មកដល់ចំណុចគោលដៅចរាចរណ៏ គាត់តែងតែឈប់ ដើម្បីឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ចំណែករថយន្ត របស់ក្រុមហ៊ុន មួយចំនួន គឺមិនដែលឈប់នោះទេ បើសិនជាប៉ូលីសចរាចរណ៏ ឲ្យឈប់ក៏ដោយ។ មានពេលខ្លះ រថយន្តក្រុមហ៊ុនទាំងនោះ សឹងតែបុកប៉ូលីសចរាចរណ៏ ទៀត ពិសេសរថយន្ត របស់ក្រុមហ៊ុនរាជសី ឡូជីស្ទីក ( R.S ) ដែលទើបមកធ្វើចរាចរណ៏ ក្នុងខេត្តប៉ៃលិននេះតែម្ដង ។
ពាក់ព័ន្ធបញ្ហា ខាងលើ លោក ជា សីហា នាយរងការិយាល័យចរាចរណ៏ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងតាមទូរស័ព្ទ កាលវេលាម៉ោង១០និង៤៤នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា រឿងរ៉ាវខាងលើនេះ ជូនកាល រថយន្តរបស់ក្រុមហ៊ុនទាំងនោះ ក៍ត្រូវបាន សមត្ថកិច្ចធ្វើការត្រួតពិនិត្យផងដែរ មិនដែលថា មិនត្រួតពិនិត្យនោះទេ ហើយជួនកាលសមត្ថកិច្ច ធ្វើការពិនិត្យឃើញថា មិនមានល្មើសច្បាប់ ឬលើសបន្តិចបន្ទួច ក៍ខាងសមត្ថកិច្ចរបស់លោក ធ្វើការណែនាំរួច ក៍ឲ្យទៅ ហើយលោកបានបញ្ជាក់ថា មួយរយៈនេះ លោកមិនសូវបានចុះ ទៅតាមគោលដៅផងដែរ ចឹងហើយបានជាលោកមិនសូវដឹង៕