ដោយ ៖ នួន ពុទ្ធា ( កម្ពុជា ជោគជ័យ )
ស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៦ ដកហូតវត្ថុតាងគ្រឿងញៀនបាន១កញ្ចប់ធំ ជិត១គីឡូក្រាម ស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ត្រូវបាននគរបាល ប្រឆាំងបទល្មើសខេត្ត ធ្វើការបង្ហាញមុខ កាលព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ រួមនឹងគ្រឿងញៀនមួយកញ្ចប់ធំ ជិត១គីឡូក្រាមនោះផងដែរ។
បុរសវ័យចំណាស់ម្នាក់ ជាជនសង្ស័យ ដែលត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួនបាននោះ មានឈ្មោះ ឡេង តាក់ ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិញាំងស៊ំុធំ ឃំុថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយបានដកហូតវត្ថុតាងគ្រឿងញៀន ម៉ាទឹកកក(ice)ក្រាមពណ៍សថ្លាមួយកញ្ចប់ធំ ជិត១គីឡូក្រាម ដែលមានទម្ងន់ស្មើនឹង ៨៦៤,៣ក្រាម ហើយបាននាំខ្លួនជនសង្ស័យនិងវត្ថុតាង យកមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសួរនាំបន្ថែម ។
បច្ចុប្បន្នជនសង្ស័យម្នាក់ ដែលជាអ្នកជួញដូគ្រឿងញៀនខាងលើ ឥឡូវនេះត្រូវបានសមត្ថកិច្ច នគរបាលជំនាញខេត្ត កំពុងរៀបចំកសាងសំណំុរឿង បញ្ជូនខ្លួនបន្ត ទៅកាន់តុលាការខេត្តស្ទឹងត្រែង ចាត់ការតាមនិតិវិធីច្បាប់ ។/