កំពុងអង្គុយទូទាត់លុយឲ្យម្ចាស់ស្រូវត្រូវបានក្រុមចោរប្រើ ដោយកាំបិតនឹងកាំភ្លើងភ្ជង់បាញ់កំរាមយកអស់គ្មានសល់

ដោយ៖ ករុណា ( កម្ពុជា ជោគជ័យ )

បាត់ដំបង ៖ ជនរងគ្រោះចំនួនពីរនាក់ ដែលមានមុខរបរជាអ្នកទិញស្រូវ ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធ បាញ់គំរាមប្លន់យកលុយអស់ យ៉ាងសន្ធឹកសន្ធាប់ ខណៈដែលជនរងគ្រោះ ទាំងពីរនាក់ កំពុងអង្គុយទូទាត់លុយថ្លៃទិញស្រូវពីប្រជាពលរដ្ឋទាំងយប់ ហើយត្រូវក្រុមចោរចូលទៅភ្ជង់ប្លន់តែម្តង ។

យោងតាមសាក្សី នៅចំណុចកើតហេតុ ពិសេស គឺក្រុមកម្មករ លីបាវស្រូវ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ហេតុការណ៍នេះ បានកើតឡើង កាលថ្ងែទី២៧ ខែវិច្ឆិកាឆ្នាំ២០១៦ វេលាម៉ោង ៨ និង៣០នាទីយប់ នៅចំពីមុខក្លោងទ្វារវត្តពពាលខែ ស្ថិតនៅភូមិក្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាតដំបង  ។

សាក្សីបានបន្តថា នៅពេលកើតហេតុនោះ គឺការលីបាវស្រូវឡើងលើឡាន បានរួចរាល់អស់ទៅហើយ គឺទាំងថៅកែទិញស្រូវ ក៏ដូចជាកម្មករលីបាវស្រូវ ក៏បានឈប់សំរាក និងអង្គុយជែកលែងជាធម្មតា ដោយនៅពេលនោះដែរ ស្ត្រីរងគ្រោះទាំងពីរនាក់ ដែលជាដង្ខៅទិញស្រូវក៏កំពុងអង្គុយរាប់លុយ ដើម្បីទូទាត់លុយអោយម្ចាស់ស្រូវដែរ។ នៅពេលនោះ ស្រាប់តែមានជនមិនស្គាល់មុខចំនួន៣នាក់ ពាក់អាវប៉ារ៉ាក្រឡាធំ ពណ៌ខៀវពាក់មួកក្រតិបមានរិម ប្រដាប់ដោយកាំភ្លើងម៉ាកអាកាបត់ ចំនួន២ដើម និងកាំបិតបុ័ងតោចំនួន១ បានធ្វើសកម្មភាពបាញ់ភ្ជុចដីមួយគ្រាប់ ដើម្បីបំបាក់ស្មារតី ព្រមទាំងបានភ្ជង់ទៅលើកម្មករទាំងអស់ មិនអោយតបតឡើង ហើយបានឆក់យកកាបូប របស់ជនរងគ្រោះទាំងពីរនាក់  ដោយមុន នឹងចាកចេញ ពួកគេបានបាញ់ទៅលើដីបន្ថែមចំនួន២គ្រាប់ថែមទៀត រួចក៏បានគេចខ្លួនទៅ។

ជនរងគ្រោះទាំងពីរនាក់នោះ មានឈ្មោះ អ៊ុក អឿ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាតដំបង ទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន ក្របូបស្ពាយពណ៌ក្រម៉ៅចំនួន១ ប្រាក់បាត៥០ ០០០ បាត ប្រាក់រៀល ចំនួន១លានរៀល ចំណែកជនរងគ្រោះទីពីរ មានឈ្មោះ មួង សុីណាត ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ ព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន ប្រាក់បាត អស់ចំនួន ៧៥០០០ បាត ប្រាក់រៀល អស់ចំនួន ៥០ មុឺនរៀល ទូរសព្ទ័ដៃមួយគ្រឿង ប៉ុន្តែសំណាងល្អដែរ ក្នុងករណីនេះ ពុំមាននរណាម្នាក់ រងរបួសដោយក្រុមចោរនោះទេ គ្រាន់តែធ្វើការបាញ់គម្រាម សំឡុតទៅលើដីតែប៉ុណ្ណោះ ដោយបច្ចុប្បន្នសមត្ថកិច្ច ទាំងពីរស្ថាប័នកំពុងសិក្សា និងពិនិត្យនៅកន្លែងកើតហេតុ ដើម្បីតាមស្រាវជ្រាវ រកមុខសញ្ញា យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ផងដែរ៕

img-20161128-wa0214 img-20161128-wa0216 img-20161128-wa0218 img-20161128-wa0217 img-20161128-wa0219

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author