ពោធិសាត់ ៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថាលោកអៀ អៀម ប្រធានថ្មី នៃពន្ធនាគារ ខេត្តពោធិសាត់ បាននិងកំពុង យកទីតាំងពន្ធនាគារ ធ្វើអាជីវកម្ម ដោយមិនខ្លាច្បាប់ ប្រឆាំងអំពោះពុករលួយឡើយ ។
ប្រភពពីមន្ត្រីនៅក្រោម ឱវាទ លោក អៀ អៀម បានបង្ហើបឲ្យដឹងថា៖ មេរបស់ពួកគេ បានប្រព្រឹត្តអំពើ មិនប្រក្រតី ក្នុងការងារគ្រប់គ្រង ក្នុងតួនាទីជាប្រធាន ដូចជាការ កិបកេងប្រាក់របបអាហារ ហូបចុករបស់ អ្នកអទោស យកប្រាក់ពីការជួបគ្រួសារ របស់អ្នកទោស យកប្រាក់ពីការធ្វើសិប្បកម្ម ធ្វើតុ ទូ និងគ្រឿងចម្លាក់ រួមនិងការប្រមូលប្រាក់ ពីការទូរស័ព្ទរបស់អ្នកទោស និងការ បង្កើតតុងទីន ក្នុងពន្ធនាគារ ប្រមូលចំណូលតែម្នាក់ឯង ។
តាមប្រភពបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ អង្គភាពពន្ធនាគារ ដែលបានកើតមានឡើង នូវរឿង
អាស្រូវ ដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយ លោក ប្រធាន អៀ អៀម និងលោកប្រធានការិយាល័យ មធ្យោបាយ អ៊ុន សុខេមរៈ និងមន្ត្រីមួយចំនួនតូចទៀត ។
ប្រភពបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងនោះទី១ គឺកិប
កេង ប្រាក់ចំណាយ លើរបបអាហារ អ្នកទោសជាង៣៦០នាក់ ដែលមួយថ្ងៃ ត្រូវចំណាយប្រាក់ ជាងមួយលានរៀល សរុបមួយខែ ត្រូវចំណាយប្រាក់ ជាង៣០លានរៀល?។ ប៉ុន្តែការចំណាយជាក់ស្តែង ក្នុងមួយខែ គឺការចំណាយទៅលើ ការទិញម្ហូប ដែលប្រធានពន្ធ
នាគារ បានផ្តល់ជូនលោក សូ សារី ឲ្យទៅទិញម្ហូបសំរាប់យកមកចំអិន ធ្វើអាហារ ឲ្យអ្នកទោស ក្នុងមួយខែមានទឹកប្រាក់ តែជា៤លានរៀល បូករួមនិងការចំណាយទិញអង្ករ និង អុស សំរាប់ដាំបាយ ឲ្យអ្នកទោស ក្នុងមួយខែ ត្រូវគេបានដឹងថា ចំណាយអស់ទឹកប្រាក់មិនលើសអស់ ៧លានរៀលនោះទេ។ ដូច្នេះសរុបការចំណាយលើរបបហូបចុក របស់អ្នកទោស ក្នុងមួយខែត្រឹមតែ១២លានរៀល ដោយ២០លានរៀលទៀត ត្រូវបាន លោកប្រធាន ពន្ធនាគារ និងប្រធានការិយាល័យមធ្យោបាយ លេបត្របាក់ទាំងស្រុង? ។
ទី២ ការជួបគ្រួសាររបស់អ្នកទោស ក្នុងការជួបមួយលើក គឺត្រូវបង់តម្លៃចំនួន ៥០០០រៀល ដោយមានឈ្មោះ ភី ភក្តី ជានាយផ្នែក និងឈ្មោះ ហេង ណារិន ជានាយរងផ្នែក ជាអ្នកលក់សំបុត្រ ឲ្យក្រុមគ្រួសារ អ្នកទោស ហើយក្នុងករណី ជួបក្នុងលក្ខណៈពិសេស គឺត្រូវបង់ពី៤ម៉ឺន ទៅ១០ម៉ឺនរៀល តាមសាច់ឈាមអ្នកស្នើសុំជួប ។ ចំពោះចំណូលដែលបានពីការជួបគ្រួសារ របស់អ្នកទោស ក្នុងមួយខែៗ មានទឹកប្រាក់ពី ៦ទៅ៧លានរៀល ប៉ុន្តែការយកប្រាក់ពីការជួបគ្រួសារ អ្នកទោស គឺជាការរំលោភ លើសេចក្តីណែនាំ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាក្រសួងមហាផ្ទៃ ដែលបានហាមមិន ឲ្យយកប្រាក់ ពីការជួបគ្រួសារ របស់អ្នកទោស ។
ទី៣ ប្រធានពន្ធនាគារ បានយកប្រាក់ពីអ្នកទោស ដែលបានធ្វើសិប្បកម្មតុ ទូ និងគ្រឿងចម្លាក់ ដែលពួកគេឲ្យបងប្អូន ទិញយកចូលក្នុងពន្ធនាគារ សំរាប់កែច្នៃ និងយកទៅលក់ នៅទីផ្សារខាងក្រៅវិញ ដោយយកតម្លៃពី៥ម៉ឺនរៀល ទៅដល់រាប់សិបម៉ឺនរៀល តាម ប្រភេទគ្រឿងសង្ហារឹម ធំឬតូច ដោយលោក ប្រធានអះអាងថា យកថ្លៃភ្លើង និងសេវាកម្មពន្ធនាគារ របស់ គាត់ ខណៈដែលការបង់ភ្លើងទាំងស្រុង ជាបន្ទុករបស់រដ្ឋ ថវិកាដែលគាត់ប្រមូលបានពីសិប្បកម្ម ក្នុងមួយខែៗ ខ្ទង់១០លានរៀល ដែលគាត់មិនបានចំណាយដើមទុនមួយសេន ។
ទី៤ លោកប្រធាន ពន្ធនាគារ បានយកអ្នកទោសចំនួន៥រូប ប្រុស៣ស្រី២ ដែលជាប្រភេទអ្នកទោសគ្រឿងញៀន និងប្លន់ ដែលមានទោស សុទ្ធតែជាង១០ឆ្នាំ ឲ្យមកលក់ដូរនៅក្នុងតុងទីន របស់ពន្ធនាគារ និងលក់ម្ហូបអាហារ កាហ្វេ ដែលតម្លៃខ្ពស់ជាងទីផ្សារខាងក្រៅទ្វេគុណនិងផ្តល់ទូរស័ព្ទ ឲ្យពួកគេកាន់យ៉ាងសេរី ។ ទី៥ គឺប្រធាន បានផ្តល់ឲ្យអនុប្រធាន ការិយាល័យ មធ្យោបាយ ជោ វណ្ណា គ្រប់គ្រងចំណូលពីការផ្តល់ទូរស័ព្ទ ឲ្យអ្នកទោសនិយាយ តេទៅកាន់គ្រួសារ ក្នុងមួយនាទី ១ពាន់រៀល បើគ្រួសារតេទៅ ជួប អ្នកទោសគឺ តម្លៃ ៥រយរៀល ដែលសរុបមួយថ្ងៃ ទទួលចំណូលបានពី ៧ទៅ៨ម៉ឺនរៀល ។
ទី៦ លោកប្រធានបាន យកប្រាក់ពីអ្នកទោសដែលសុំប្តូរបន្ទប់ស្នាក់នៅ ពីអគារផ្សេងៗទៅអគារ C ជាន់លើ ក្នុងម្នាក់យ៉ាងតិច ១០០ដុល្លារឡើង ដោយប្រាក់នេះលោកប្រធានយកតែម្នាក់ឯង ។ ករណីមិនប្រក្រតី នៃចំណាត់ការ របស់លោក អឿ អៀម នេះ អនុប្រធានទាំង៣រូប ដូចលោកស៊ុន សៅ លោក កែវ អ៊ឹត លោក អ៊ុន គឹមហ៊ាន គឺមិនបានហ៊ានប្រកែក តវ៉ាជាមួយ និងលោកប្រធានទេ។ សូម្បីតែនៅពេលថ្មីៗនេះ លោកប្រធានបានធ្វើសំណើសុំ តែងតាំងលោក អ៊ុន សុខេមរៈ ដែលជាប្រធានការិយាល័យ មធ្យោបាយ ទៅជាអនុប្រធានពន្ធនាគារ ក៏អនុប្រធានទាំង៣នេះ មិនហ៊ានជំទាស់ ផង ទោះបីដឹងថា មន្ត្រីនៅក្នុងអង្គភាព ស្ទើរទាំងមូលមិនគាំទ្រ ការតែងតាំងនេះក្តី ។
ទោះជាយ៉ាងណា មានសេចក្តីរាយការណ៍ថា៖ ចំណូលដែលបានមកពីគ្រប់ វិស័យដូចបានរៀបរាប់ខាងលើនេះ ក្នុងមួយខែៗ គឺលោកប្រធាន បានផ្តល់ឲ្យ អនុប្រធានពន្ធនាគារចំនួន៣នាក់ ដោយម្នាក់ៗ ៤០ម៉ឺនរៀល ប្រធានការិយាល័យចំនួន៣នាក់ ម្នាក់ចំនួន១០ម៉ឺនរៀល អនុប្រធានការិយាល័យចំនួន៣នាក់ ម្នាក់ចំនួន៥ម៉ឺនរៀល ប្រធានផ្នែកចំនួន៩នាក់ ម្នាក់ៗ២ម៉ឺនរៀល សរុបអស់តែ១៨៣ម៉ឺនរៀល ដោយប្រាក់ក្រៅពីនោះ គឺបានជាប្រយោជន៍ផ្ទាល់ខ្លួន របស់លោកប្រធាន និងប្រធានការិយាល័យមធ្យោបាយ ។ ទាក់ទងព័ត៌មាននេះ លោក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានអះអាងថា លោកមិនទាន់បានទទួលដំណឹងនេះទេ ប៉ុន្តែ បើមានករណីនេះ វាជាការខុសច្បាប់យ៉ាងធ្ងន់ធ្ងរ។
ពាក់ព័ន្ធនឹងករណី បែកធ្លាយ រឿងលោក អៀម អៀម ប្រធាន ព័ន្ធធានាគរ ខាលើ អង្គភាព CSN មិនអាចសុំការបំភ្លឺបានទេ ដោយគ្មានលេខធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំទទួលការបកស្រាបំភ្លឺឋនៅពេលក្រោយ អាចធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ 078 55 11 12 / 097 777 6000 រាល់ម៉ោងធ្វើការ ជារៀងរាល់ថ្ងៃ៕