ដោយ ៖ នួន ពុទ្ធា ( កម្ពុជា ជោគជ័យ ) CSN
ស្ទឹងត្រែង ៖ សាកសព្វស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមផ្លូវជាតិ ដោយសង្ស័យថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់មកទើបប្រជាពលរដ្ឋរាយការណ៍ជូនទៅប្រាប់សមត្ថកិច្ច ស្នងការខេត្តស្ទឹងត្រែង ចុះមកធ្វើកោសល្យវិច្ឆ័យ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ចំណុចកើតហេតុនៅត្រង់បង្គោលឡាក់លេខ៤៧៧ តាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតនៅភូមិស្រែឫស្សី ឃំុស្រែឫស្សី ស្រុកថាឡា
បរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចជំនាញ នៃស្នងការខេត្ត បានចុះមកទៅដល់កន្លែងកើតហេតុ នឹងបានធ្វើកោសល្យវិច្ឆ័យ ទៅលើសពស្រ្តីចំណាស់ម្នាក់ ដែលដេកស្លាប់ នៅលើជញ្ចើមផ្លូវ តាមការធ្វើកោសល្យវិច្ឆ័យ ទៅលើសពស្រ្តីខាងលើនោះ គឺបានស្លាប់មានរយៈពេល៨ទៅ៩ម៉ោងមកហើយ ប្រហែលជាដេកស្លាប់ នៅវេលាម៉ោង២ទៅម៉ោង៣ទាបភ្លឺ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយតាមការសន្និដ្ឋាន បានស្លាប់ដោយសាររថយន្តបើកបុក ទើបបណ្តាលឲ្យស្លាប់ នៅលើចិញ្ចើមផ្លូវបែបនេះ ។
ប្រភពបញ្ជាក់ថា ស្ត្រីដែលបានដេកស្លាប់ ដោយសារថយន្តបើកបុកខាងលើនោះ ជាមនុស្សមានសតិមិនគ្រប់(កើតរោគឆ្គួត) មានឈ្មោះ មី សាវ៉ន ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិអូរត្រែល ឃំុថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានកូនប្រុសម្នាក់អាយុជាង២០ឆ្នាំ ( មានគ្រួសារហើយ ) ។
បច្ចុប្បន្នក្រោយពីសមត្ថកិច្ចជំនាញ បានធ្វើការត្រួពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចរាល់ ដោយដឹងថា បានស្លាប់ដោយសាររថយន្តបុកស្លាប់ សមត្ថកិច្ចបានប្រគល់សពខាងលើនោះ ឲ្យទៅបងប្អូន កូនចៅ ទទួលយកសពទៅផ្ទះដើម្បីធ្វើបុណ្យ ទៅតាមប្រពៃណី ។/