នាយ ចយ បង្ហាញអារម្មណ៍សប្បាយរីករាយបន្ទាប់ពីអ្នកដឹកនាំរឿងប្រដូចទៅនឹងតារាសម្ដែងមុខអាក្រក់មួយចំនួនរបស់ថៃ។
ការប្រដូចដូច្នេះ ធ្វើឡើងបន្ទាប់ពីតារាកំប្លែងមុខអាក្រក់រូបនេះបានថតខ្សែភាពយន្ត ដុំ លើកដំបូងក្នុងអាជីពរបស់ខ្លួនគឺរឿង អាព្រឿងងាប់ហើយ។
តារាកំប្លែងក្នុងក្រុមនាយ ក្រឹម នាយ ចយ បាននិយាយថា៖ “មិនហ៊ានទទួលទេបង តែដូចជាមានអារម្មណ៍សប្បាយម្យ៉ាងដែរពេលគាត់និយាយចឹង”។
នាយ ចយ មានឈ្មោះដើមហៅថា ភិច ផែ បាននិយាយថា លោកនឹងពង្រឹងសមត្ថភាពសម្ដែងបន្ថែមទៀតប្រសិនបើមានអ្នកដឹកនាំ ផ្ដល់ឱកាសឱ្យសម្ដែងខ្សែភាពយន្តបន្តទៀតនាពេលខាងមុខ។
ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីមល៍ និងជាផលិតកររឿង អាព្រឿងងាប់ហើយ លោក ហ៊ុយ យ៉ាឡេង បានកោតសរសើរតារាសម្ដែងមុខអាក្រក់ខាងលើថាក្រៅតែពីមានសមត្ថភាព ខ្ពស់ក្នុងការសម្ដែងមិនចាញ់តារាសម្ដែងមុខអាក្រក់របស់ថៃមួយ ចំនួន នាយ ចយ ថែមទាំងគោរពម៉ោងពេលបានល្អទៀតផង។
ឈុតសម្ដែងរបស់នាយ ចយ ក្នុងរឿង អាព្រឿងងាប់ហើយ
លោកបញ្ជាក់ថា៖ “ហេតុអ្វីខ្ញុំប្រដូចគាត់ទៅតារាមុខអាក្រក់ថៃមួយចំនួន? គាត់នៅក្មេងទេ ហើយការសម្ដែងល្អថែមទៀត តែទាស់ត្រង់ថាមិនមានអ្នកដឹកនាំរឿងណាផ្ដល់ឱកាសឱ្យ។ ខ្ញុំឱ្យគាត់សម្ដែងរឿងនេះទើបដឹងថា សមត្ថភាពមិនចាញ់តារាថៃឡើយ”។
លោក ហ៊ុយ យ៉ាឡេង បន្តថាក្រៅតែពីមានសមត្ថភាពសម្ដែង ការគោរពម៉ោងពេលថតបានល្អនាយ ចយ ថែមទាំងសម្ដែងស៊ីចង្វាក់គ្នាបានល្អទៀត ជាមួយតារាទាំងអស់ក្នុងខ្សែភាពយន្តខាងលើ។
ទាំងនាយ ចយ និងផលិតករលោក ហ៊ុយ យ៉ាឡេង សុទ្ធតែរំពឹងខ្ពស់ថាខ្សែភាពយន្ត អាព្រឿងងាប់ហើយ នឹងទទួលបានជោគជ័យខ្ពស់ពេលដាក់បញ្ចាំងលើទីផ្សារនាខែ ធ្នូ ចុងឆ្នាំ២០១៤នេះ។
មកទល់ពេលនេះនាយ ចយ មានវ័យ ២០ឆ្នាំ។ លោកជាតារាកំប្លែងក្នុងក្រុមនាយ ក្រឹម និងមានប្រភពមកពីខេត្ត ត្បូងឃ្មុំ។ សម្រាប់រឿង អាព្រឿងងាប់ហើយ ជាខ្សែភាពយន្តដុំដំបូងដែលតារាកំប្លែងមុខអាក្រក់រូបនេះបាន សម្ដែង៕
សូមទស្សនាវីដេអូ រឿង (អាព្រឿង ងាប់ហើយ)
ប្រភព៖ sabay