ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថាខ្ញុំមានកិត្តិយសបានមកសម្ពោធ អាគាររដ្ឋបាលទីស្តីការថ្មី របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញ ដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។ កាលពីមុនក្រសួងនេះមានឈ្មោះថា ក្រសួងគមនាគមន៍ ប្រៃសណីយ៌ និងទូរគមនាគមន៍។ ដោយសារ វិសាល ភាពការងារនៃក្រសួងនេះ គឺបានបំបែកជាពីរ គឺក្រសួងគមនាគមន៍និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៌។
សូមកោតសរសើរ នឹងការខិតខំរបស់ក្រសួង និងបុគ្គលិកទាំងអស់ រហូតដល់សម្រេចបាន នូវអាគារថ្មីមួយនេះ រួមទាំងការវិវត្តរីកលូត លាស់ អំពីសេវាកម្មបច្ចេកវិទ្យា និងការបម្រើសេវាកម្ម ទូរគមនា គមន៍កាន់តែងាយស្រួលជាងមុន។ យើងមានពលរដ្ឋជាង១៩លាន ដែលប្រើប្រាស់ទូរស័ព្វ។
ចំណែកអ្នកជាវសេវាInternet គឺមានប្រមាណ ជាង២លាន៧សែន នាក់ក្នុងឆ្នាំ ២០១២ មកដល់ជាង ៧លាននាក់នៅឆ្នាំ ២០១៦។ ពេលនេះ សូមបីតែអ្នកបររទេះគោក៏អាច មានលទ្ឋភាពប្រើទូរស័ព្វបានដែរ។
តាំងពីមុនមកទល់ពេលនេះ គឺខ្ញុំនៅតែបញ្ជាក់ច្បាស់ថា កម្ពុជាមិន មែនជាធុងសម្រាមសម្រាប់បោះចោលបច្ចេកវិទ្យាហួសសម័យពីបរទេសទេ។ កម្ពុជាគឺត្រូវការបច្ចេកវិទ្យាថ្មីទាន់សម័យ។ តាមរយៈខ្សែកាបអុបទិកដែលកំពុងរាយក្រោមបាតសមុទ្ទគឺនឹងជួយជំរុញល្បឿនលឿន Internet សម្រាប់ប្រទេសយើង។ ពិតណាស់ គឺកម្ពុជាត្រូវការ Internet ល្បឿនលឿន។ ទន្ទឹមនឹងនេះ សូមក្រុមហ៊ុន យកឱកាសគិតគូរអំពីការបាញ់បង្ហោះផ្កាយរណប ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្សេងៗសម្រាប់ប្រទេសយើង។
ខ្ញុំក៏សូមរំលឹកដល់មន្រ្តីយើងផងដែរ គឺត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យាអោយទាន់ពេលវេលា។ បើទោះបីបច្ចេកវិទ្យាកាន់តែខ្ពស់ តែបើមនុស្សយើងមិនទាន់សម័យ គឺនៅតែគ្មានប្រយោជន៍ដដែល។
ខ្ញុំសុមជូនពរបងប្អូនមន្រ្តីរាជការទាំងអស់ សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសនៅក្នុងឱកាសចូលឆ្នាំសាកលថ្មីខាងមុខនេះ ៕