សម្ដេចតេជោហ៊ុនសែនជួបពិភាក្សាការងារជាមួយ លោកអគ្គមេបញ្ជាការកងទ័ពថៃនៅវិមានសន្តិភាព

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦
នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យលោកChalermchaiSittisad អគ្គមេបញ្ជាការនៃកងទ័ពថៃចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក Chalermchai Sittisad បានជម្រាបជូន សម្តេចតេជោថា អំពីការជួបពិភាក្សាការងារថ្មីៗកន្លងទៅនេះជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម មាស សុភា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ អំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ អំពីកិច្ចការព្រំដែនដើម្បីជំរុញឲ្យមានភាពល្អប្រសើរ ការរីកចម្រើន និងអភិវឌ្ឍន៍កាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តោយព្រំដែនផង និងដើម្បីពង្រឹងមិត្តភាព និងសហការប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរផង។ លោក Chalermchai Sittisad ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ឋ ចាន់អូឆា ជូន សម្តេចតេជោ ផងដែរ ព្រមទាំងបានអរគុណ សម្តេចតេជោ ដែលបានអញ្ជើញទៅចូលរួមពិធីបុណ្យព្រះមហាក្សត្រថៃដែលព្រះអង្គបានសោយទីវង្គត់កាលពីពេលថ្មីនេះនៅប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន រីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះទំនាក់ទំនង និងកិច្ចពិភាក្សារវាងភាគីកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ជាថៃ។ សម្តេចតេជោ ក៏បានបញ្ជាក់ថាទំនាក់ទំនងរវាងកងទ័ពនៃប្រទេសយើងទាំងពីរគឺមានសារៈសំខាន់ណាស់។ ព្រោះថាសព្វថ្ងៃនេះ គឺកងទ័ពនៃប្រទេសយើងទាំងពីរបានដើរតួនាទីជាអ្នកការទូតផងដែរ ហើយប្រសិនមានរឿងឬបញ្ហាអ្វីនោះ គឺយើងសម្រុះសម្រួល រួមគ្នាដោះស្រាយដោយសន្តិវិធីដើម្បីកុំឲ្យរីករាលដាលពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ឬក៏រីករាលដាល ទៅកាន់វិស័យផ្សេងៗទៀត។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគាំទ្រ និងលើកទឹកចិត្តអោយកងទ័ពប្រទេសទាំងពីរបន្តកិច្ចពិភាក្សា និងសហការគ្នាដើម្បីផលប្រយោជន៍នៃប្រជាជាតិប្រទេសទាំងពីរ។ តាមរយៈការអញ្ជើញជួបសំណេះ សំណាល និងពិភាក្សាការងារជាមួយ លោក Chalermchai Sittisad ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសួរសុខទុក្ខលោកនាយករដ្ឋមន្រ្តីថៃផងដែរ៕

 

fb_img_1482148992068 fb_img_1482149025953 fb_img_1482149022670 fb_img_1482149019741 fb_img_1482149013166 fb_img_1482148997770 fb_img_1482149034228 fb_img_1482149030410

សូមជួយស៊ែរព័ត៌មាននេះផង: