ចេញផ្សាយដោយ ៖ អង្គភាព CSN
ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសអញ្ជើញដង្ហែព្រះមហាក្សត្រកម្ពុជា សម្តេចម៉ែ សម្តេចយាយយាងមកឆ្លងឆ្នាំ ចាស់ចូលឆ្នាំសកលថ្មី២០១៧ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀត អញ្ជើញចុះសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ ក្មួយៗ ចៅៗ សិស្សានុសិស្ស នៅសាលាចំនួន៦ នៅក្នុងខេត្តព្រះសីហនុ។ ក្នុងនោះសាលារៀនទី១ គឺ សាលាករុកោសល្យ និងវិក្រឹតការ ខេត្តព្រះសីហនុ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដោយពិនិត្យមើលឃើញ អំពីកង្វះខាត និងសេចក្តីត្រូវការ របស់លោកគ្រូអ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សនៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិ ព្រមទាំងសប្បុរសជន បានផ្តល់ជូន អគារសិក្សាថ្មី ១ខ្នង កំពស់៤ជាន់ មាន៣២បន្ទប់ ទីចាត់១ខ្នងមាន៣បន្ទប់ អគារស្នាក់នៅរបស់សិស្ស ១ខ្នងកំពស់២ជាន់ មាន១០បន្ទប់ ផ្ទះគ្រូ ១ខ្នង កំពស់២ជាន់ មាន១០បន្ទប់ ធ្វើក្លោងទ្វារសាលា តារាងបាល់ទាត់ និងផ្តល់ជូននូវដំណើរកំសាន្តដល់គរុសិស្ស និងគ្រូបង្រៀន ព្រមទាំងក្មួយៗសិស្សានុសិស្សនៅសាលាបឋម សិក្សាទៅកំសាន្ត នៅសៀមរាបនៅខែមករា ២០១៧ ខាងមុខនេះ។
កន្នុងឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយប្អូនៗ សិក្សានុសិស្ស មាន អនុសាសន៍ ផ្ដាំផ្ញើថា ដើម្បីអនាគតល្អ ក្មួយៗ និងចៅៗ ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិ ស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា៕