ចេញផ្សាយដោយ ៖ អង្គភាព CSN
ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះរឿងក្រមសីលធម៌ មិនសមរម្យរបស់ពិធីករ និងពិធីការិនី មួយក្រុមរបស់ វិទ្យុABC នៅស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ មកពេលនេះបណ្តាលអ្នកលេង បណ្តាញសង្គមហ្វេសប៊ុក ទាំងអស់កំពុងតែមានប្រតិកម្ម ខ្លាំងទាក់ទងទៅនឹងរឿងនេះ។
ក្រោយមានរឿងដូច្នេះ ឯកឧត្តម ខាំពូន កែវមុណី ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ ប៉ុស្តិ៍៣ រាជធានីភ្នំពេញ បានបញ្ឈប់កិច្ចសហការ ផលិតកម្មវិធីផ្សាយ រវាងស្ថានីយ៍វិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍៣ រាជធានីភ្នំពេញ ជាមួយស្ថានីយ៍វិទ្យុABC FM 107.50 MHz ផងដែរ បន្ទាប់ពីមានសេចក្ដីជូនដំដឹងពី ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ក្រសួងព័ត៌មាន។
យោងតាមលិខិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នេះ ដោយបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ បញ្ឈប់ការជួលម៉ោងឱ្យស្ថានីយ៍វិទ្យុ ABC របស់អាចារ្យអេ ក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា ( ABC 3ស្ព្រីង ) ។
ការសម្រេចបិទកម្មវិធី ABC 3 ស្ព្រីង ដែលជួលម៉ោងផ្សាយពីទូរទស្សន៍ប៉ុស្តិ៍លេខ៣នេះ ក្រសួងព័ត៌មានពន្យល់ថា ៖ កន្លងមក ក្រសួងព័ត៌មាន បានឯកភាពអនុញ្ញាតឱ្យធ្វើកិច្ចសហការ ជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM107.50MHz ក្នុងការផលិតកម្មវិធីចម្រុះ ដើម្បីធ្វើការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ រយៈពេល៣ម៉ោង ក្នុងមួយថ្ងៃ ចាប់ពីម៉ោង៦:០០នាទី ដល់ម៉ោង៩:០០នាទីព្រឹក ប៉ុន្តែបន្ទាប់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ បានដំណើរការផ្សាយកម្មវិធីនេះ មួយរយៈពេលខ្លីកន្លងមក បានកើតមានប្រតិកម្ម ពីសំណាក់មហាជនជាច្រើនធ្វើការរិះគន់ ទៅលើពិធីករ នឹងពិធីការិនីកម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តិនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយអ្នកស្តាប់ ក៏ដូចជាទស្សនិកជន ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពិធីករ នឹងពិធីការិនីផ្សេងទៀត ។
ដើម្បីបញ្ចប់នូវប្រតិកម្ម ពីសំណាក់មហាជន និងភាពអសកម្មទាំងឡាយ ដែលបានកើតឡើងជាបន្តបន្ទាប់មកនេះ ក្រសួងព័ត៌មាន តម្រូវឱ្យបញ្ឈប់កិច្ចសហការផលិតកម្មវិធីផ្សាយរវាងស្ថានីយ៍វិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM107.50 MHz ជាបន្ទាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕