បាត់ដំបង ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយសហការជាមួយ កម្លាំងនគរបាលខេត្តបាត់ដំបង បានអនុវត្តតាមដីកា បញ្ជារបស់លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ឲ្យចូលឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ដែលមានម្នាក់ជាប្រធាន សាខាធនាគារអេស៉ីលីដា ក្រុងបាត់ដំបង និង៥នាក់ទៀត ជាបុគ្គលិកធនាគារអេស៉ីលីដា ក្រុងបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹង របស់លោក អ៉ិន ចាន់នី ប្រធានធនាគារអេស៉ីលីដា ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយប្តឹងជនសង្ស័យទាំង៦រូប ពីបទ ( រំលោភលើសេចក្ដីទុកចិត្ត ដោយអភិបាលការងារ ) ប្រព្រឹត្តទៅកាលពីឆ្នាំ២០១៤-២០១៥ ដែលមានទំហំទឹកប្រាក់ ប្រមាណ ជាង១លានដុល្លារអាមេរិក។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ខាងលើ មាន៥នាក់ ជាបុគ្គលិកធនាគារអេស៉ីលីដាក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួន នៅសាខាធនាគារ នៅក្រុងបាត់ដំបង និងម្នាក់ទៀត ដែលជាប្រធានសាខាត្រូវបានឃាត់ខ្លួន នៅរាជធានីភ្នំពេញ។
ជនសង្ស័យទាំង៦នោះ រួមមាន ទី១ មានឈ្មោះ ស៉ីវ សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ទី២ បឿន សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ទី៣ ឈ្មោះ គេង ឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ ទី៤ ឈ្មោះ ញឹក សារ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ ទី៥ ឈ្មោះ ជា សិលា ភេទប្រុស អាយុ៣៤ឆ្នាំ នឹងទី៦ ឈ្មោះ ឈន ទឹន ភេទប្រុស អាយុ៣៨ឆ្នាំ អ្នកទាំងសុទ្ធសឹងជាអ្នក រស់នៅក្នុងខេត្តបាត់ដំបង។
ពាក់ព័ន្ធករណីឃាត់ខ្លួននេះ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៉ីលីដា បានថ្លែងប្រាប់អង្គភាព CSN នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះថា ធនាគារអេស៉ីលីដា ពិតជាបានប្តឹង ទៅសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យ ទាំង៦នាក់នោះ ប្រាដកមែន។
លោកបានបញ្ជាក់ទៀតថា បណ្តឹងឲ្យឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពី ពិនិត្យឃើញភាពមិនប្រក្រតីជាច្រើន ក្នុងធនាគារអេស៉ីលីដា ក្រុងបាត់ដំបង ដោយភាពមិនប្រក្រតីនោះ មានដូចជា បញ្ហាទំហំឥណទាន និងការបន្លំឯកសារសាធារណៈជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ កំពុងឃាត់ខ្លួន នៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕