ពលរដ្ឋចោទលោកគឹងឃនស្នងការខេត្តស្វាយរៀងថា ជាអ្នកបើកដៃឲ្យមេប៉ុស្តិ៍ដូង,ប៉ុស្តិ៍បុសមន,ប៉ុស្ដិ៍សំរោង ឃុបឃិតបើកច្រកឲ្យឈ្មួញឈើឧកញ៉ាសី នឹងឧកញ៉ាឃ្លាំងសាយនាំឈើទៅយួន

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តព្រៃវែង ៖ រថយន្តយីឌុបមួយគ្រឿង ដឹកឈើប្រណិត ពេញរថយន្ត បម្រុងលោតឆ័ត្រ ទៅស្រុកយួន ដែរគេស្គាល់ថា ជារថយន្តរបស់ ឧកញ៉ា សី ដ៍ល្បីឈ្មោះ ខាងជំនួញឈើប្រណិត ឆ្លងដែនទៅលក់នៅប្រទេសយួន ត្រូវបានកម្លាំងគយចល័ត ដឹកនាំដោយលោក ព្រាប គារ៉ាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ស្ទាក់ចាប់បាននៅលើកំណាត់ផ្លូវជាតិលេខ៨A កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៩ នឹង១៥នាទីព្រឹក ក្នុងឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ខណៈពេលដែលក្រុមឈ្មួញ កំពុងដឹកជញ្ជូនយកទៅលក់នៅប្រទេសយួន។

ប្រភពព័ត៌មាន ពីមន្ត្រីអាវុធហត្ថ បានឲ្យអ្នកយកព័ត៌មាន CSN ដឹងថា ក្រោយពីចាប់ឃាត់រថយន្តខាងលើ អ្នកបើកបររថយន្តដឹកឈើ បានឆ្លើយសារភាពថា ឈើទាំងនេះ គឺរូបគេ គ្រាន់តែស៊ីឈ្មួលបើកឡានដឹក ឲ្យគេតែប៉ុណ្ណោះ ចំណែកម្ចាស់ឈើ គឺឈ្មោះ ឧកញ៉ា សី ។ ហើយរូបគេបានបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលរូបគេ ស៊ីឈ្មួលបើកឡានដឹកឈើនេះ កាលពីលើកទី១ គឺដឹកចេញទៅវៀតណាម តាមច្រករបៀងបុសមន ក្នុងស្រុករំដួល ខេត្តស្វាយរៀង ហើយលើកទី២នេះ គឺគោលដៅដឹកចេញ ទៅតាមច្រករបៀងសំរោង ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ប៉ុន្តែមិនទាន់ដល់គោលដៅផង ក៏ត្រូវមន្ត្រីគយ ចាប់ឃាត់តែម្ដងទៅ។

គួរបញ្ជាក់ផងដែរថា យោងទៅតាមការសារភាព ជនសង្ស័យ ស៊ីឈ្នួលបើឡានដឹកឈើ ឲ្យឧកញ៉ា សី ខាងលើ បច្ចុប្បន្ននេះ សកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ខេត្តព្រៃវែង នាំចេញទៅលក់នៅប្រទេសយួនតាមច្រករបៀងនានា ក្នុងខេត្តស្វាយរៀង បានកើតមានស្ទើររៀងរាល់យប់ ដោយមានការត្រូវរ៉ូវ នឹងឃុបឃិតគ្នា ពីមេប៉ុស្ដិ៍ច្រករបៀងនិមួយៗ មានដូចជា ច្រករបៀងដូង ស្ថិតក្នុងស្រុករមាសហែក ច្រករបៀងបុសមន ស្ថិតក្នុងស្រុករំដួល និងច្រករបៀងសំរោង ស្ថិតក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ដែលល្បីថា មានតែឧកញ៉ា សី និងឧកញ៉ា ឃ្លាំង សាយ ទេ ទើបអាចដឹកជញ្ជូនឈើ ចេញតាមច្រករបៀងទាំង៣នេះបាន។

ពាក់ព័ន្ធការដឹកជញ្ជូនឈើ ទៅលក់នៅស្រុកយួន តាមច្រកខាងលើ ពលរដ្ឋរស់នៅស្រុករមាសហែក ស្រុកសំរោង នឹងស្រុកចន្ទ្រា ខេត្តស្វាយរៀង បាននាំគ្នាលើកឡើងថា រហូតមកដល់ពេលនេះ គេមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ ដែលប្រចាំការនៅមាត់ច្រកទាំង
នោះ ធ្វើការចាប់ឃាត់រថយន្ត ដឹកឈើទាំងនោះសោះឡើយ សូម្បីតែម្តងក៏គ្មានដែរ ទាំងដែលគេបានដឹងយ៉ាងច្បាស់ថា ឈ្មួញដែលលួចនាំឈើ ចេញតាមច្រកទាំងនោះ គឺមានតែ២នាក់ប៉ុណ្ណោះ គឺលោកឧកញ៉ា សី និងលោកឧកញ៉ា ឃ្លាំង សាយ ។

ពាក់ព័ន្ធភាពអសកម្ម របស់នាយប៉ុស្ដិ៍ ប្រចាំច្រករបៀងទាំងបីខាងលើ ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យ នឹងសំណួរទៅលោក គឹង ឃន ស្នងការនគរបាល ខេត្តផងដែរថា៖ តើក្នុងករណីនាយប៉ុស្ដិ៍ទាំងបី ឃុបឃិតបើកច្រកឲ្យឧកញ៉ា សី នឹងឧកញ៉ា ឃ្លាំង សាយ នាំឈើចេញទៅស្រុកយួន ស្ទើតែរាល់យប់ លោក មិនបានដឹង ឬក៍ដឹងតែធ្វើមិនដឹង? ឬក៍កន្ទេលធំបន្លំដេក? ទុកឱកាសឲ្យមន្ត្រីក្រោមឱវាទទាំងនោះ ងាយស្រួលក្នុងការកើបលុយ ដាក់ហោប៉ៅ? សម្រាប់ទប់តំណែងជាស្នងការបន្តទៅទៀត? ឬក៍ចាត់ទុក អនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន ដាក់បញ្ជាកន្លងមក ជាការលេង
សើច?។

ជុំវិញក្នុងការលួចបើកច្រក ឲ្យមាននាំឈើចេញខាងលើ ឯកឧត្តម ប៉ែន វិបុល អភិបាលនៃគណអភិបាលខេត្តស្វាយរៀង បានប្រាប់អង្គភាព CSN តាមទូរស័ព្ទកាលពីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ថា លោកក៍ធ្លាប់បានទទួលព័ត៌មាននេះដែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយកន្លងមក ហើយលោក ជាគណបញ្ជាការឯកភាពខេត្ត លោកបានប្រជុំ នឹងបញ្ជាទៅគណបញ្ជាការឯកភាពស្រុក ឲ្យយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ នឹងបង្ក្រាបបទល្មើសកើតមានសព្វថ្ងៃ នៅក្នុងស្រុកនិមួយៗ ជាពិសេសគឺ បទល្មើសឈើឆ្លងដែនតែម្ដង។ ហើយលោកបានប្រាប់ថា លោកនឹងបញ្ជាទៅស្នងការភ្លាម ដើម្បីឲ្យចុះពិនិត្យ នឹងតាមដានបន្ត។

ពាក់ព័ន្ធករណីចោទប្រកាន់ នឹងរិះគន់ខាងលើ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយបំភ្លឺណាមួយពីមេប៉ុស្ដិ៍ប្រចាំច្រករបៀងទាំង៣ ខាងលើ នឹងលោក គឹង ឃន ស្នងការខេត្តបានទេ ដោយគ្មានលេខធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺ ពីលោកមេប៉ុស្ដិ៍ទាំង៣ នឹងលោក ស្នងការខេត្ត នៅពេលក្រោយ រៀងរាសល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់ 097 777 6000

 

1485566576826 IMG_20170128_070906 IMG_20170128_071012

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author