ភ្នំពេញ ៖ យោងតាម Facebook របស់លោកសម រង្ស៊ីនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលមិននឹកស្មានដល់ថា លោក សម រង្ស៊ី សម្រេចចិត្តលាលែងបែបនេះ។
ប្រភពពីមន្ត្រីគណបក្ស សង្គ្រោះជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្ស សង្គ្រោះជាតិ រួមមានគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក នឹងធ្វើការកោះប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សាជុំវិញការលាលែង ពីតំណែង របស់លោកប្រធាន សម រង្ស៊ី។
មន្រ្តីគណបក្សដដែល បានបញ្ជាក់ថា តំណាងប្រធានថ្មី របស់គណបក្ស មិនទាន់ដឹងនៅឡើយ គណបក្សនឹងប្រជុំភិភាក្សារឿងនេះ។
ការប្រកាសលាឈប់ ពីតំណែងប្រធានគណបក្សនេះ បានធ្វើឡើង បន្ទាប់ពីសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា ៦០រូប បានស្នើទៅរដ្ឋសភា ធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឲ្យពិរុទ្ធជន ឬ ទណ្ឌិត ធ្វើជាប្រធានបក្សនយោបាយ។ ការស្នើ ធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនេះ គណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភា គ្រោងបើកកិច្ចប្រជុំ នៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ។/