ចេញផ្សាយដោយ ៖ អង្គភាព CSN
កំពង់ធំ ៖ នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាល ខេត្តកំពង់ធំ បានកោះប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ដើម្បីដាក់បញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំង ប្រដាប់អាវុធទាំងអស់ ចេញបោសសម្អាតកុងត្រូលជជុះ ឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ដោយទុករយៈពេលត្រឹម ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវលុបបំបាត់ចេញឲ្យអស់។
កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តខាងលើ នៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
ការប្រជុំដាក់ផែនការខាងលើ ធ្វើឡើងដោយអនុវត្តន៍តាម អនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាអនុវត្តន៍តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ត្រូវចុះពិនិត្យ និងលុបបំបាត់កុងត្រូលជជុះចេញឲ្យអស់។
ឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្ត លូបានប្រកាសទុករយៈពេល១សប្តាហ៍ ដើម្បីឲ្យកម្លាំងធ្វើការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងលុបបំបាត់កុលត្រូលជជុះ ឲ្យអស់ត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយកម្លាំងណា ដែលគ្មានការឯកភាព ពីគណៈបញ្ជាការឯកភាពខេត្ត គឺចាត់ទុកជាកម្លាំងអនាធិបតេយ្យ។ រាល់កម្លាំងពាក់ព័ន្ធ នឹងសារព័ត៌មាន ត្រូវដកខ្លួនចេញជាបន្ទាន់។
លោកបានណែនាំឲ្យអភិបាលក្រុង ស្រុកទំាងអស់ ត្រូវពង្រឹងការប្រជុំជារៀងរាល់ខែ ចំពោះការដាក់កុងត្រូល ត្រូវមានភាពច្បាស់លាស់ និងមានលិខិតបញ្ជាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ករណីមន្ត្រីចរាចរណ៍ ចុះផាកពិន័យបទល្មើសចរាចរណ៍ ត្រូវដាក់ទីតាំងផាកឲ្យបានច្បាស់លាស់ ដោយរាយការណ៍មកប៉ុស្តិ៍នគរបាលឲ្យបានដឹងត្រឹមត្រូវ។
ឯកឧត្តម អភិបាលខេត្តបញ្ជាថា អង្គភាពទំាងអស់ ត្រូវដាក់ការងារលើតុ ដើម្បីនិយាយគ្នា កុំធ្វើតែម្នាក់ឯង ត្រូវបែងចែកភារកិច្ចក្នុងការ ទទួលខុសត្រូវ។ មន្ត្រីទាំងអស់ក៏ត្រូវខិតខំសម្រួលសណ្តាប់ធ្នាប់សាធារណៈ និងរៀបចំសណ្តាប់ធ្នាប់តាមចំណតឡាន និងទីផ្សារមួយចំនួន ដាច់ខាតត្រូវចូលរួមសម្អាត បទល្មើសទំាងអស់គ្នា ពាក់ព័ន្ធ នឹងការងារកុងត្រូលជជុះ។
ឯកឧត្តម ថែមទាំងបានណែនាំថា យើងមិនត្រូវយកប្រជាជន ធ្វើជាសត្រូវទេ ត្រូវយកប្រជាជន ធ្វើជាឪពុកម្តាយរបស់យើង ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យគាត់បានយល់ ពីការបង្ក្រាបបទល្មើសព្រៃឈើ និងធ្វើការអប់រំ ហើយអនុវត្តច្បាប់ ឲ្យបានតឹងរឹងចំពោះមេក្លោង មិនចាំបាច់អប់រំទៀតទេ៕ ដោយសហការី