ចេញផ្សាយដោយ ៖ អង្គភាព CSN
កណ្ដាល ៖ ប្រជាពលរដ្ឋ ដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ 21B ពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល បានសង្កេតឃើញថា ការស្ថាបនាផ្លូវជាតិនេះ គឺធ្វើបណ្ដើរ ខូចបណ្ដើរ ជាហេតុធ្វើឲ្យអ្នកដំណើរទាំង
នោះលាន់មាត់ថា ផ្លូវជាតិលេខ21B ដែលស្ថាបនាដោយក្រុមហ៊ុន របស់លោក ឧកញ៉ា អ៊ុត ធី នេះ អាចមិនមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយក្លាយជា «ផ្លូវធ្វើជាប់ឥតឈប់» មិនមែនជា «ផ្លូវធ្វើជាប់មាំមានគុណភាព» ឡើយ ។
ផ្លូវជាតិលេខ21B ត្រូវបានស្ថាបនាដោយក្រុមហ៊ុនរបស់លោកឧកញ៉ា អ៊ុត ធី ដែលទទួលម៉ៅការសាងសង់បន្តពីក្រុមហ៊ុន Hanshin Engineering & Construction Co.,Ltd. របស់ប្រទេសកូរ៉េខាងត្បូង ហើយធ្លាប់ត្រូវបានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កោះហៅមកប្រជុំណែនាំអំពីបច្ចេកទេស នៃការស្ថាបនាផ្លូវ និងការដាក់ស្លាកសញ្ញាចរាចរណ៍រួចម្ដងមកហើយ ដោយឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា « សាងសង់មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស» ។
ផ្លូវជាតិលេខ21B មានប្រវែង៦៣,៦០គីឡូម៉ែត្រ ភ្ជាប់ពីក្រុងតាខ្មៅឆ្ពោះទៅច្រកទ្វាព្រំដែនអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ក្រោមវត្តមាន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅ ដែលស្ថាបនាឡើងក្រោមកម្ចីឥណទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(ប្រទេសកូរ៉េខាងត្បូង) មានថវិកាសរុបចំនួន៦១,៦០លានដុល្លារអាមេរិក (ក្នុងនោះកម្ចីឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចំនួន៥២,៥៤លានដុល្លារអាមេរិក និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៩,០៦លានដុល្លារអាមេរិក) ។
លោក អ៊ុត ធី ជាអ្នកជំនួញម្នាក់ដែលធ្លាប់ចាប់យកចំណេះដឹង និងបទពិសោធន៍លើវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធពីក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប មានឯកឧត្តម ឧកញ៉ា ម៉ុង ប្ញទ្ធី ជាអ្នកគ្រប់គ្រង ហើយទទួលបានការតែងតាំង ជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/០២១២/០៨៣ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ ៕ដោយអ្នកប្រមាញ់ 097 777 6000