ក្រុមហ៊ន ស៊ុយផាន អ៊ីមិច មានឈ្មោះបោះសម្លេងពេញប្រទេស រឿងរំលោភយកដីរាស្ត្រ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ ក្នុងភូមិពោធិមៀវ ឃុំគគីរធំ និងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល ជាច្រើនគ្រួសារ បានផ្ទុះការតវ៉ាជាថ្មី រឿងទំនាស់ដីធ្លី រវាងក្រុមហ៊ុន ស៊ុយផាន អីុមិច ខណៈពេលដែលក្រុមហ៊ុនមួយនេះ ដាក់គ្រឿងចក្រ ចុះឈូសឆាយលើកទំនប់ឡោមពទ្ធ័ យកដីអនុផលរបស់ពួកគាត់ ដែលកំពុងដាំដំណាំស្រូវ យ៉ាងខៀវស្រងាត់ពេញស្រែកាលពី ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ ។

ទង្វើរនេះ ចាត់ទុកថា ក្រុមហ៊ុន ស៊ុយ ផានអីុមិច មានមហិច្ឆិតា ប្លន់យកដីរាស្ត្រ យ៉ាងពិតប្រាកដ មិនបានយកភាពថ្លៃថ្នូរ ទៅសំរួលដោះស្រាយ ឬទិញដូរពីប្រជាពលរដ្ឋ តាមតំលៃព្រមព្រៀងនោះទេ ។ និយាយរួមក្រុមហ៊ុនមួយនេះ មានឈ្មោះ បោះសម្លេង សាយភាយពេញផ្ទៃប្រទេស រឿងរំលោភបំពាន យកដីរាស្ត្រ ។

ជាក់ស្តែងដូចជាទំនាស់ដីធ្លី នៅស្រុកពញាឮ និងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កើតឡើងយ៉ាងរាំរ៉ៃនៅទីបំផុត សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលបានចេញ ស ជ ណ ដកហូតដីពីក្រុមហ៊ុន ស៊ុយផាន អីុមិច ជូនរាស្ត្រវិញ ដោយប្រគល់កិច្ចការងារនេះ ឲ្យលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី
នគរូបនីយ៌កម្ម និងសំណង់ ចាត់វិធានការដូចគ្នាទៅនិងករណីដីលោក ឡោក ហ៊ួរ ។

ដំណោះស្រាយដីទំនាស់ ជូនរាស្ត្រម្ចាស់ដី មិនទាន់ថមថយកំដៅ បានស្រួលបួលផង ឥឡូវនេះ ក្រុម ស៊ុយផាន អីុមិច បានបន្ថែមកំដៅមួយកន្លែងទៀតហើយ នៅឃុំគគីរធំ និងឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលទំនាស់ដីធ្លីនៅឃុំទាំងពីរនេះ កើតឡើងតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ ក្នុងពេលនោះ ប្រជាពលរដ្ឋម្ចាស់ដីរាប់រយគ្រួសារ បាននាំគ្នាមកតវ៉ា ដល់ផ្ទះសម្តេច ហ៊ុនសែន ដល់ក្រុងតាខ្មៅខេត្តកណ្តាលផងដែរ ។ តែត្រូវបានខាងក្រុមហ៊ុនមួយនេះ បានប្រើនូវគ្រប់រូបភាពព្យាយាម បិទបាំងមិនឲ្យបែកធ្លាយ ដល់សម្តេច ។

ប៉ុន្តែការបិទបាំងនោះ បានតែមួយរយៈ ឯកសារបណ្តឹងរបស់ប្រជាពលរដ្ឋ បានធ្លាក់ដល់ដៃសម្តេច ហើយសម្តេច បានចារប៊ិចក្រហម ឲ្យខាងអធិការកិច្ច ខេត្តកណ្តាល ចុះអង្កេត និងដោះស្រាយជូនប្រជាពលរដ្ឋ ក៌ត្រូវបានផ្អឹម ចំណាររបស់សម្តេចបាត់ឈឹងរហូតមកទល់ពេលនេះ ។ រឿងនេះ ធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិពោធិមៀវ ឃុំគគីរធំ ក្តៅក្រហាយគ្រប់គ្នា ថែមទាំងចាត់ទុកថា អាជ្ញាធរដែនដីស្រុក នឹងខេត្តកណ្តាល ឃុបឃិតជាមួយក្រុមហ៊ុន ធ្វើបានរាស្ត្រស្កូតត្រង់ ។

ឥឡូវនេះ សង្គ្រាមដីធ្លីរវាងប្រជាពលរដ្ឋ ក្នុងឃុំគគគីរធំនិងក្រុមហ៊ុន ស៊ុយផាន អីុមិច មិនអាចបិទបាំងតទៅទៀតបានទេ ។ មានន័យថា ភាពយុត្តិធម៌ និងកើតមានមកលើប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ តាមរយៈ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ។ សូមបញ្ជាក់ថា គ្រឿងចក្រដែលក្រុមហ៊ុន ស៊ុយផាន អីុមិច ដាក់ចុះទៅលើកទំនប់ឡោមពទ្ធ័យកដីរាស្ត្រ នៅឃុំទាំងពីរខាងលើ ត្រូវបានលោកអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានបញ្ជារឲ្យអាជ្ញាធរស្រុកកៀនស្វាយ ចុះឃាត់គ្រឿងចក្រ ឲ្យបញ្ឈប់សកម្មភាព ធ្វើឲ្យអ្នកស្រី ស៊ុយ សុផាន ក្តៅឈួល អួលណែនក្នុងឱរ៉ា រកអ្វីមកថ្លាថ្លែងពុំបាន ។

បន្ទាប់ពីផ្អាកសកម្មភាពឈូសឆាយ លើទំនប់ឡោមពទ្ធ័យកដីរាស្ត្រ មានលេចចេញនូវ ពត៌មានថ្មីមួយទៀតថា ដីរបស់ប្រជាពលរដ្ឋ ទាំងនោះ រដ្ឋដកហូតយកអស់ហើយ ។ការឃោសនាបំភិតបំភ័យប្រជាពលរដ្ឋថា រដ្ឋដកហូតយកដីពីរាស្ត្រ បានធ្វើឲ្យប៉ះពាល់ដល់ប្រមុខរដ្ឋាភិបាល ពិសេសប៉ះពាល់ដល់ សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ។ បានសេចក្តីថា រដ្ឋដកហូតយកដីពីរាស្ត្រ ប្រគល់ឲ្យឈ្មួញ ( ក្រុមហ៊ុន ស៊ុយផាន អីុមិច ) ។

ការបំផុសបំផុលនូវពាក្យថា រដ្ឋដកហូតដីពីរាស្ត្រវិញធ្វើឲ្យពួកគាត់យល់ច្រឡំ ទៅលើរដ្ឋាភិបាល ដូចគ្នានិងរឿងធនាគាឯកជន ពលរដ្ឋយល់ច្រឡំរួចទៅហើយ ។ហេតុនេះ ទាមទារឲ្យខាងគណពង្រឹង ពិសេសអាជ្ញាធរស្រុក-ខេត្ត ចុះអង្កេតស្រាវជ្រាវ និងចុះពន្យល់ផ្សព្វផ្សាយបញ្ងានេះ ជាបន្ទាន់ បើពុំនោះទេ រាស្ត្រយល់ច្រឡំ
ជាមិនខាន។

ទោះយ៉ាងណា ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបំភ្លឺពីក្រុមហ៊ុន ស៊ុយផាន អ៊ីមិច បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំ ការបំភ្លីពីក្រុមហ៊ុន ស៊ុយផាន អ៊ីមិច នៅថ្ងៃក្រោយ រាល់ម៉ោងធ្វើការ។/ដោយអ្នកប្រមាញ់ 097 777 6000

 

IMG-20170302-WA0057 IMG-20170302-WA0059 IMG-20170302-WA0058

សូមជួយស៊ែរព័ត៌មាននេះផង: