ចេញផ្សាយដោយ ៖ អង្គភាព CSN
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យ (ក៩) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការ ចុះបង្ក្រាបគ្រឿងញៀនមួយដ៏ធំ រយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ខែមិនា មកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេតសាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលផែនគ្រឿងញៀន និងលោក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រោមការ សម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយការិយាល័យ ( ក៩ ) កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ បានប្រាប់អង្គភាព CSN ថា កម្លាំងបានប្រតិបត្តិការបង្រ្កាប ករណីជួញដូរ នូវសារធាតុញៀន ដោយខុសច្បាប់ដ៍ធំនេះ ស្ថិតនៅចំណុចផ្លូវលំ ក្រោយស្ថានីយ៌ ប្រេងតូតាល់ ភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនមេក្លោង និងបក្ខពួក សរុប៧នាក់ ក្នុងនោះស្រី ៣នាក់ នឹងជនជាតិថៃម្នាក់ ព្រមទាំងដកហូត បានវត្ថុតាំងថ្នាំញៀនជិត២គីឡូក្រាម រថយន្ត ៥គ្រឿង និងកាំភ្លើងខ្លីមួយដើម (៩៨គ្រាប់)។
លោកបានបន្តឲ្យដឹងថា ជនសង្ស័យដែលសត្ថកិច្ច ឃាត់ខ្លួន ទី១ ឈ្មោះ យ៉ាន់ មាន ភេទប្រុស អាយុ៤២ឆ្នាំ ស្រុកកំណើត ភូមិឈូក ឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន រស់នៅ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរលក់ដូរ និងទី២ ឈ្មោះ តេង ផូង ភេទប្រុស អាយុ ៥២ឆ្នាំ បច្ចុប្បន្ន រស់នៅ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មុខរបរធ្វើចំការ ដកហូតថ្នាំញៀនបាន ចំនួន៨កញ្ចប់ធំ ស្មើនឹងទម្ងន់ សរុប១៧៧៥.៣៣ក្រាម ក្នុងនោះ ប្រភេទមេតំហ្វេតាមីន (ទឹកកក) ទម្ងន់សុទ្ធ៩៨០.៤២ក្រាម និងប្រភេទមេតំហ្វេតាមីន (YW) ៧៩៤.៩១ ក្រាម និងរថយន្ត២គ្រឿង។
លោក យិន បញ្ញារិទ្ធ បានបន្តថា បន្ទាប់មក កម្លាំងយើង បានបន្តទៅឆែកឆេរផ្ទះចំនួន២ទៀត ឃាត់ខ្លួនជនសង្ស័យ បានចំនួន៥នាក់ បន្ថែមទៀត ក្នុងនោះមានស្រី ៣នាក់ ទី១ មានឈ្មោះ ឃុត ដារ៉ុង ទីលំនៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត មុខរបរធ្វើចំការ ទី២ ឈ្មោះ យ៉ាន់ មុំ ភេទស្រី ទីលំនៅភូមិទួលប្រាសាទ សង្កាត់ ក្រុងប៉ោយប៉ែត មុខរបរលក់ដូរ ទី៣ ឈ្មោះ រ៉ុង វាសនា ទីលំនៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត មុខរបរកម្មករ ទី៤ ឈ្មោះ ឃឿត កញ្ញា ភេទ ស្រី អាយុ ២១ឆ្នាំ ទីលំនៅភូមិតាផូក ឃុំចង្ហារ ស្រកអូរជ្រៅ មុខរបរកម្មករ និងទី៥ ឈ្មោះ សំរូឌី រូមក្លាង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិថៃ ទីលំនៅភូមិ ផាង ខេត្តនគររាជសីម៉ា ( ប្រទេសថៃ ) វត្ថុតាងដកហូតបានមានអាវុធខ្លី ១ដើម គ្រាប់ ៩៨គ្រាប់ ដាវ២ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ ថង់វេចខ្ចប់មួយចំនួន និងរថយន្ត៣គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់នេះ ស្ថិតក្រោមការសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕