លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅតែបន្តបើកដៃឲ្យឈ្មួញបូមខ្សាច់នៅព្រែក៣ មិនព្រមរកដំណោះស្រាយ ផលប៉ះពាល់ ជូនប្រជាពលរដ្ឋ សង្ស័យបានប្រយោជន៍ពីឈ្មួញ

ចេញផ្សាយដោយ ៖ អង្គភាព CSN

ព្រះសីហនុ ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានការ ត្អូញត្អែរយ៉ាងខ្លាំងថា បច្ចុប្បន្នឈ្មួញបូមខ្សាច់ ទាំងថ្ងៃទាំងយប់ ធ្វើឲ្យប៉ះពាល់ ដល់មុខរបរនេសាទ នឹងការចិញ្ចឹមត្រី របស់ពួកគាត់ នៅតំបន់នោះ យ៉ាងពេញ
បន្ទុក។

បើតាមសម្ដីអាជ្ញាធរមូលដ្ឋាន ក្នុងឃុំទំនប់រលក បានឲ្យដឹងថា សកម្មភាពបូមខ្សាច់ របស់ក្រុមហ៊ុន «អេ អេស ខេ អិល» នៅចំណុចព្រែក៣ គឺមានការបើកដៃ ពីលោក យន្ត មីន ចៅហ្វាយខេត្តព្រះសីហនុ និងមន្ទីរពាក់ព័ន្ធ ដូច្នេះ អាជ្ញាធរមូលដ្ឋាន ពុំមានសិទ្ធិដោះស្រាយ ផលប៉ះពាល់ លើប្រជាពលរដ្ឋនោះទេ។ ហេតុនេះហើយ បានជាប្រជានេសាទ នឹងប្រជាពលរដ្ឋ ប្រកបមុខរបរចញ្ចឹមត្រី ក្នុងតំបន់ព្រែក៣ បានប្រមូលផ្ដុំគ្នា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅថ្មីៗនេះ ដើម្បីបញ្ឈប់ សកម្មភាព បូមខ្សាច់ខាងលើនេះ។

ប្រជាពលរដ្ឋ រស់នៅក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ បានរៀបរាប់ ប្រាប់ CSN យើងថា ពួកគាត់មានការខកចិត្តយ៉ាងខ្លាំង នៅពេលដែល អាជ្ញាធរខេត្ត ព្រះសីហនុ អនុញ្ញាត ឲ្យក្រុមហ៊ុន «អេ អេស ខេ អិល» ធ្វើសកម្មភាពបូបខ្សាច់ នៅចំណុចព្រែក៣ ព្រោះធ្វើឲ្យប៉ះពាល់ ដល់ព្រៃកោងកាង នឹងធនធានធម្មជាតិ ក្នុងសមុទ្រ ជាពិសេស ប៉ះពាល់ដល់របរចិញ្ចឹមត្រីសមុទ្ររបស់ពួកគាត់ ធ្វើយ៉ាងនេះ គាំទ្រឈ្មួញ សម្លាប់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការអនុញ្ញាត ឲ្យក្រុមហ៊ុន ធ្វើការបូមខ្សាច់ខាងលើ ប្រជាពលរដ្ឋ ក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ បានរិះគន់ថា លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ មិនយកចត្តទុកដាក់ ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន «អេ អេស ខេ អិល» នោះទេ ហើយ
បែរជា ចេញមុខ ការពារផលប្រយោជន៍ ឲ្យក្រុមហ៊ុន យ៉ាងគឃ្លើន។

ពួកគាត់បន្តទៀតថា ការពិត លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ និងតំណាងក្រុមហ៊ុន បូមខ្សាច់ គ្មានចេតនាដោះស្រាយ ផលប៉ះពាល់ មកលើប្រជាពលរដ្ឋ ជាច្រើនគ្រួសារនោះទេ។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋ ដែលមានមុខរបរ ចិញ្ចឹមត្រីឆ្ពង់ និងត្រីផ្សេងៗទៀតក្នុងតំបន់ព្រែក៣ អំពាវនាវ ឲ្យសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួយដោះស្រាយ ដល់ពួកគាត់ជា បន្ទាន់ផង។

ប្រជាពលរដ្ឋបានបញ្ជាក់ថា បើអាជ្ញាធរខេត្តព្រះសីហនុ នៅតែអនុញ្ញាតឲ្យក្រុមហ៊ុន ធ្វើសកម្មភាពបូមខ្សាច់នៅតំបន់ព្រែក៣ទៀតនោះ គឺឆាប់ៗខាងមុខនេះពួកគាត់ទៅប្រមូល ផ្តុំគ្នាតវ៉ាដល់មុខសាលាខេត្តព្រះសីហនុតែម្តង។

ឯឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អង្គភាព CSN មិនអាចទំនាក់ទំនង សុំការពន្យល់បំភ្លឺក្នុងរឿងនេះបានទេ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧នេះ ដោយទូរស័ព្ទទៅឯកឧត្តម លើកទី១ចូលគ្មានអ្នកលើកទទួល ខលចូលលើកទី២ ចូលហើយលើកបិទទៅវិញ ឬក៍ដូចពាក្យចាស់ថា គោដំប៉ៅខ្នង ក្អែកហែលរំលង ចេះតែភ័យបក់កន្ទុយមែន។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ ជាក់លាក់ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អង្គភាពយើង ទទួលនូវការរិះគន់ ពីសំណាក់អស់លោក រាល់ម៉ោងធ្វើការ អាចទំនាក់ទំនងមកកាន់ការិយាល័យ តាមរយៈទូរស័ព្ទលេខ 097 777 6000 ៕ ដោយអ្នកប្រមាញ់

 

1490147128753 IMG_20170322_083125

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author