លោក គួយ សុឃុន អាងខ្លួនជាប៉ូលីសខេត្ត នៅតែបន្តធ្វើជំនួញឈើទៅយួន ផ្គើនបទបញ្ជាឧបករដ្ឋមន្ត្រី ស ខេង

ចេញផ្សាយដោ ៖ អង្គភាព CSN

មណ្ឌលគិរី ៖ មានសេចក្តីរាយការណ៍ បានឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើ នឹងធ្វើជំនួញឈើឆ្លងដែនទៅយួន គេនៅតែសង្កេតឃើញ កើតមានឡើងវិញហើយ ក្រោយពីមានសភាពស្ងប់ស្ងាត់ មួយរយៈពេលខ្លីនេះ រហូតមកដល់ពេលនេះ គេបានឃើញឈ្មួញឈើ ឈ្មោះ គួយ សុឃុន ចាប់ផ្ដើមបន្តសកម្មភាព ដឹកជញ្ជូនឈើប្រ ណិត ទៅលក់ឲ្យឈ្មួញយួន ទាំងយប់ទាំងថ្ងៃ ហើយបរិមាណឈើដែលត្រូវនាំចេញនោះ មានទ្រង់ទ្រាយ មិនចាញ់កាលពីពេលកន្លងមកប៉ុន្មានទេ ហើយត្រូវបានគេមើលឃើញថា លោក វង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី មិនដែលបង្ក្រាប ឈ្មួញឈើធំៗម្តងណាឡើយ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។

ឈ្មួញឈើ ឈ្មោះ គួយ សុឃុន នៅខេត្តមណ្ឌលគិរី ត្រូវគេដឹងថា ជាឈ្មួញមានឥទ្ធិពល ព្រោះឈ្មួញម្នាក់នេះ ក៏មានតួនាទីជាមន្រ្តីនគរបាលផងដែរ ហើយក៏មានខ្នងបង្អែកជាមន្រ្តីជាន់ខ្ពស់ នៅសាលាខេត្តមណ្ឌលគិរី ទៀតផង។

មន្ត្រីរាជការតូចតាច ក៍ដូចប្រជាពលរដ្ឋ រស់នៅខេត្តមណ្ឌលគិរី បានបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះ ឈើដែលត្រូវដឹកជញ្ជូនទៅលក់ នៅប្រទេសយួន មានបរិមាណច្រើនគួរសម ហើយឈ្មួញដែលនាំចេញ ក៏មានច្រើនដែរ តែឈ្មួញឈើ ឈ្មោះ គួយ សុឃុន គឺជាឈ្មួញមានឥទ្ធិពលមួយរូប ព្រោះឈើរបស់ឈ្មួញមួយនេះ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ សូម្បីតែ លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរី ក៍មិនហ៊ានប៉ះពាល់ មុខរប ឈ្មួញឈើឈ្មោះ គួយ សុឃុន នេះផងដែល ទំនងខ្លាចបាត់ ផលប្រយោជន៍ របស់ខ្លួនហើយមើលទៅ។

ជាក់ស្តែងក្នុងខែមីនានេះ ក្បួនរថយន្តដឹកឈើរបស់ឈ្មោះ គួយ សុឃុន បានដឹកឆ្លងកាន់ប៉ុស្តិ៍ត្រួតពិនិត្យនានា របស់សមត្ថកិច្ចជំនាញ ឆ្ពោះទៅកាន់ព្រំដែនយួន តែគ្មានសមត្ថកិច្ច និងមន្ត្រីជំនាញណា ហ៊ានសួរនាំនោះទេ ។

ពាក់ព័ន្ធនឹងបទល្មើស ព្រៃឈើខាងលើ សកម្មជនព្រៃឈើ នៅខេត្តមណ្ឌលគិរី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ បើទោះជារដ្ឋាភិបាល បានអះអាងពីការបង្រ្កាបបទល្មើសព្រៃឈើ យ៉ាងក្តៅគគុកក៏ដោយ តែជាក់ស្តែង បទល្មើសព្រៃឈើ នៅខេត្តមណ្ឌ នៅតែកើតមានដដែល។

ជុំវិញបញ្ហាខាងលើនេះ អាជ្ញាធរខេត្តមណ្ឌលគិរី ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា គ្មានសមត្ថភាពទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ព្រោះមន្រ្តីមួយចំនួន ដែលបម្រើការងារនៅសាលា ខេត្តមណ្ឌលគិរី សុទ្ធតែមានបក្ខពួក និងសាច់ញាតិ ជាមួយឈ្មួញឈើ ដូចនេះពិបាកក្នុងការដោះស្រាយខ្លាំងណាស់ ដូចពាក្យចាស់លោកពោលថា ហាស្លាក់ ខ្ជាក់ស្លែង។

ប្រភពដដែលបានបញ្ជាក់ថា អំពើពុករលួយ បានកើតមាន ស្ទើគ្រប់ជាន់ថ្នាក់ ចាប់ពីថ្នាក់ក្រោម រហូតដល់ថ្នាក់ខេត្ត គឺនាំឲ្យមាន បញ្ហាពិបាក ក្នុងការអនុវត្ត៍ច្បាប់ខ្លាំងណាស់ ធ្វើទៅប៉ះតែសាច់ឯង ធ្វើទៅប៉ះគ្នាឯង ធ្វើទៅប៉ះឆ្នាំងបាយឯង ចិងហើយមានតែធ្វើយ៉ាងណា ខំប្រឹងកើបប្រមូលលុយ ដាក់ហោប៉ៅ ទាន់មានឱកាស។

ពាក់ព័ន្ធការលើកឡើងខាងលើ អង្គភាព CSN មិនអាចធ្វើការសុំបំភ្លឺ ពីលោក គួយ សុឃុន នឹងលោក វង្ស សុក្រសេរី នាយសង្កាត់ រដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អស់លោក អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ធ្វើការកែសម្រួលបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

1490766547814

សូមជួយស៊ែរព័ត៌មាននេះផង: