នគរបាល ខេត្តក្រចេះ ប្រើពេលជាង១០ម៉ោង តាមចាប់ ជនដៃដល់ បាញ់សម្លាប់ អ្នកកាសែត នៅស្រុកស្នួល (មានវីដេអូ)

ក្រចេះ ៖ ជនសង្ស័យ២នាក់ ក្នុងនោះ មានអតីតយោធាខេត្តមណ្ឌលគិរី និងមន្រ្តីអាវុធហត្ថ រាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព បាញ់សម្លាប់ អ្នកកាសែត នៅសមាគមខ្មែរប្រជាធិបតេយ្យ ត្រូវបានកម្លាំង នគរបាលខេត្តក្រចេះ តាមចាប់ខ្លួន ជាបន្តបន្ទាប់ ក្រោយពីបើកប្រតិបត្តិការ ស្រាវជ្រាវ អស់រយះជាង១០ម៉ោង ។

ប្រតិបត្តិការ តាមចាប់ខ្លួន ជនសង្ស័យទាំងនេះបានធ្វើឡើង នៅវេលាម៉ោង ជាង៤រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅស្ពានព្រែកឆ្លូង ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីបានធ្វើសកម្មភាព កាលពីវេលា ម៉ោងជាង១ យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ទៅនោះ។

ស្នងការ នគរបាល ខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ដែលដឹកនាំកម្លាំង នគរបាលជំនាញ ធ្វើការស៊ើបអង្កេត ករណីឃាតកម្មខាងលើនេះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច របស់លោក បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤នេះ ដែលជាប់ពាក់ព័ន្ធ ការបាញ់សម្លាប់ លោក តាំង ទ្រី អាយុ៤៩ឆ្នាំ ជាអ្នក បម្រើការងារ ជាអ្នកកាសែត នៅសមាគមខ្មែរ ប្រជាធិបតេយ្យ ។

លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានបញ្ជាក់ថា ប្រតិបត្តិការតាមចាប់ ជនដៃដល់ និងអ្នកពាក់ព័ន្ធ ទាំង២នាក់ ខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំ និងសម្រប សម្រួល តាមផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ និងមានការចូលរួម ពីអភិបាលស្រុកស្នួល ព្រមទាំងមន្រ្តី នគរបាល ពាក់ព័ន្ធមួយចំនួនទៀត ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌខេត្តក្រចេះ បានបញ្ជាក់ថា ជនដៃដល់ដែលអ្នកបាញ់សម្លាប់ ជនរងគ្រោះមាន ឈ្មោះ ឡា ណារ៉ុង អាយុ៣២ឆ្នាំ ជាអតីតយោធា នៅខេត្តមណ្ឌលគិរី ទី២ ឈ្មោះ ខឹម ភក្តី អាយុ២៧ ជាមន្រ្តីអាវុធហត្ថ ផ្នែកអន្តរាគមន៍ រាជធានីភ្នំពេញ ដែលជាម្ចាស់កាំភ្លើង និងម្នាក់ឈ្មោះ ពិន ហៀង អាយុ៣១ឆ្នាំ ជាមន្រ្តីនគរបាលប៉ុស្តិ៍ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប៉ុន្តែមន្រ្តីនគរបាលរូប ជាអ្នកចូលមកបំភ្លឺ នៅចំពោះមុខសមត្ថកិច្ចដើម្បីតាមចាប់ជនដៃដល់។

មន្រ្តីនគរបាលដដែលបាន បញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ខឹម ភក្តី ដែលជា ម្ចាស់កាំភ្លើងបានមុនគេ ។

ក្រោយការបញ្ចប់ សួរនាំ ជនសង្ស័យរួចមក និងមានការចូលមកបំភ្លឺ របស់មន្រ្តីនគរបាល ឃុំស្រែឈូក កម្លាំងនគរបាល បានឈានទៅដល់ការចាប់ខ្លួន ជនដៃដល់ ឡា ណរ៉ុង តែម្តង។ បើតាមការបញ្ជាក់ របស់មន្រ្តីនគរបាលដដែល ក្រោយធ្វើសកម្មភាព ជនសង្ស័យទាំងនេះ បានបោះកាំភ្លើងហើយបច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បាននិងកំពុង ធ្វើការសួរនាំ និងស្រាវជ្រាវបន្តទៀត។

លោក ឧត្តមសេនីយ៍ ស្នងការខេត្តក្រចេះ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត អភិបាលស្រុកស្នួល ព្រមទាំងមន្រ្តីនគរបាលពាក់ព័ន្ធ ដែលរួមគ្នាចូលរួម សហការរហូតឈាន ដល់ការចាប់ខ្លួន ជនសង្ស័យទាំងនេះ យកមកផ្ទន្ទាទោស តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ជនរងគ្រោះតំាង ទ្រី រួមជាមួយអ្នកកាសែត មួយចំនួនទៀត កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ បានធ្វើដំណើរ ចូលទៅក្នុងព្រៃ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលបំណង យកព័ត៌មានពីបទ ល្មើសឈើ ស្រាប់តែត្រូវជនល្មើសខាងលើ បាញ់សម្លាប់តែម្តង ខណៈជនរងគ្រោះកំពុង តែជាប់ផុងរថយន្ត នៅក្រោយគេ៕

សូមទស្សនាវីដេអូខាងក្រោម៖

Pheak-00075

ជនដៃដល់ ដែលជាអ្នកបាញ់សម្លាប់អ្នកកាសែត ឡា ណារ៉ុង

Pheak-00076 Pheak-00077 (1)

ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author