កីឡាករប្រដាល់ល្បីឈ្មោះរបស់ថៃ Buakaw Banchamek បានដើរចេញពីសង្វៀនប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ K-1 World MAX Finals ប្រភេទទម្ងន់ ៧០គីឡូក្រាមយ៉ាងគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍កន្លងទៅ។ ការបាត់មុខទាំងមិនទាន់ចប់ការប្រកួតនេះ បានធ្វើឲ្យកីឡាករអាល្លឺម៉ង់ Enriko Kehl ក្លាយជាម្ចាស់ខ្សែក្រវាត់ដោយស្វ័យប្រវត្តិតែម្ដង។
តើមូលហេតុអ្វីបានបណ្ដាលឲ្យកីឡាករល្បីដូច Buakaw បោះបង់ការប្រកួតដ៏សំខាន់បែបនេះ?
Kehl ឈ្នះខ្សែក្រវាត់ K-1
នៅក្នុងការប្រកួតពេញ៣ទឹក កីឡាករទាំង២ ត្រូវបានចៅក្រមផ្ដល់ពិន្ទុឲ្យស្មើគ្នា ដូច្នេះតាមច្បាប់នៃការប្រកួត តម្រូវឲ្យមានការបន្ថែម១ទឹក ដើម្បីរកអ្នកឈ្នះអ្នកចាញ់ឲ្យឃើញ។ ប៉ុន្តែពេលដែលពិធីករកំពុងប្រកាសថាបន្ថែមទឹកនោះ ស្រាប់តែគេមិនឃើញមានវត្តមាន Bouakaw នោះទេ។
នៅមុនការប្រកួតមកដល់ មានការទស្សន៍ទាយជាច្រើនថា Boukaw នឹងអាចឈ្នះ Kehl បានដោយងាយ ត្បិតអីកាលពីឆ្នាំមុនរូបគេបានយកឈ្នះម្ដងរួចមកហើយ។ នៅពេលការប្រកួតចាប់ផ្ដើម គេឃើញ Kehl ហាក់ដូចជាផ្ដោតអារម្មណ៍បានល្អជាង ហើយបានវាយទៅលើ Boukaw ខណៈ Boukaw មានប្រៀបជាងបើគិតលើការប្រកួតទាំងមូល ប៉ុន្តែមិនមានការវាយអ្វីឲ្យត្រូវជាដុំកំភួននោះឡើយ។
ពេលមានការប្រកាសលទ្ធផលស្មើគ្នា ហើយត្រូវបន្ថែមទឹកនោះ ទាំង Buakaw, គ្រូបង្វឹករបស់គេ និងអ្នកចាត់ការ Yim បានចាកចេញពីសង្វៀនបាត់ទៅហើយ។ ដោយសារតែបែបនេះហើយ ទើបជ័យជម្នះត្រូវបានផ្ដល់ជូនទៅ Kehl តែម្ដង។ (បើមើលលើវីដេអូខាងក្រោម Buakaw បានបាត់មុខតាំងពីមុនការប្រកាសលទ្ធផលថាស្មើគ្នាទៅទៀត។ ប្រភពថ្មីចុងក្រោយបានបញ្ជាក់ថារូបគេបានដើរចេញក្រោយចប់ទឹកទី ៣ភ្លាមៗ រួចធ្វើដំណើរទៅចូលឡានទាំងគ្មាននិយាយរកអ្នកណាម្នាក់ឡើយ)។
នៅមិនទាន់មានការបញ្ជាក់ហេតុផលច្បាស់លាស់ពីការដើរចេញដ៏ កម្ររបស់កំពូលអ្នកប្រដាល់ពេញដោយបទពិសោធន៍រូបនេះឡើយ ប៉ុន្តែមានមតិខ្លះលើកឡើងថា K-1 អាចជាប់ទាក់ទងនឹងល្បែងភ្នាល់ខុសច្បាប់។
យ៉ាងណាក្ដី ទោះហេតុផលនៅពីក្រោយយ៉ាងណាក៏ដោយ ក៏ការដើរចេញរបស់ Buakaw ត្រូវបានគេចាត់ទុកថាជាអាកប្បកិរិយាមិនសមរម្យ និងមិនមានលក្ខណៈអាជីព។
Buakaw គឺជាកំពូលអ្នកប្រដាល់ថៃ ដែលធ្លាប់គ្រងខ្សែក្រវាត់ជាច្រើន ហើយក៏ជាជើងខ្លាំងក្នុងប្រដាល់ K-1 ផងដែរ។ ឆ្លងកាត់ការប្រកួត២៤៩ប្រកួត អ្នកប្រដាល់ដែលមានដើមកំណើតនៅខេត្តសុរិន្ទរូបនេះ ឈ្នះ២១៦ប្រកួត ស្មើ១២ និងចាញ់២១។
ការប្រកួត K-1 World MAX 2014 ផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅខេត្តប៉ាតាយ៉ា ប្រទេសថៃ។ មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Buakaw បានយកឈ្នះកីឡាករអេស្ប៉ាញ ចិន និងកូរ៉េខាងត្បូង ចំណែកឯ Kehl បានបំបាក់កីឡាករហុល្លង់ អេស្ប៉ាញ និងកាណាដា។
សូមមើលវីដេអូនៃការប្រកួតខាងក្រោម៖