ចេញផ្សាយដោយ ៖ អង្គភាព CSN
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
គម្រោងផ្លូវនេះ បានចំណាយថវិកាសរុប ៧០.២៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន រួមជាមួយថវិកា បដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលសាងសង់ ដោយក្រុមហ៊ុន សំណង់សៀងហៃគ្រុប (Shanghai Group) និង ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន របស់ប្រទេសចិន ដែលប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ គឺបានចាប់ផ្ដើមពីខែ មករា ឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៧។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលចិន ជាពិសេសលោក ប្រធានាធិបតីចិនស៊ី ជីនពីង (Xi Jinping) ដែលបានជួយដល់កម្ពុជា តាមរយៈការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
សម្តេចតេជោបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៦នេះ នឹងរួមចំណែកយ៉ាងធំធេង ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកាន់តែឆាប់រហ័ស ព្រមទាំងជួយសម្រួលចរាចរណ៍ មានភាពងាយស្រួលជាងមុន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងជួយបង្កើនការអភិវឌ្ឍរីកចម្រើន នៅតាមតំបន់អមសងខាងផ្លូវ ព្រមទាំងទាក់ទាញ ការវិនិយោគ និងទេសចរណ៍ផងដែរ។ធ្វើឲ្យគម្លាតពីទីក្រុង និងជនបទ គឺនៅមិនឆ្ងាយពីគ្នាទេ។
ភាពរីកចម្រើន និងការអភិវឌ្ឍន៍ ទាំងអស់នេះ អាចកើតមានឡើង ដោយសារប្រទេសយើង មានសុខសន្តិភាព ដែលវាមានការខុសគ្នាពីឆ្នាំ ១៩៧០-១៩៧៥ និង ១៩៧៩ ដែលពេលនោះ ប្រទេសយើងស្ថិតនៅក្នុងភ្លើងសង្គ្រាម ប្រជាពលរដ្ឋពេលនោះ រស់នៅក្នុងភាពភ័យខ្លាចគ្រប់ពេលវេលា ដូចច្នោះសូមបងប្អូនប្រជាពល
រដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សានូវសន្តិភាពនេះទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវចូលរួមថែរក្សាផ្លូវនេះ អោយបានគង់វង្សយូរអង្វែង។
ហើយក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស សូមបានសប្បាយរីករាយ និងជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់មេដាយគ្រឿងឥស្សរិយយស ដល់មន្ត្រីដែលមានស្នាដៃល្អ ក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធអោយប្រើប្រាស់ផ្លូវជាតិលេខ៦ ចាប់ពីពេលនេះតទៅ៕