សត្វដំរីឈ្មោលចុះប្រេង១ក្បាល ដែលបានសម្លាប់ម្ចាស់ខ្លួនឯង នឹងតែងដើអុកឡុកផ្ទះអ្នកភូមិ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានហើយ

ដោយ រស់ សុភា

មណ្ឌលគិរី ៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា សត្វដំរី១ក្បាល បានជាន់ម្ចាស់ខ្លួនឯង បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចអូររមីស ស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

រហូតមកដល់ម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ កម្លាំងប្រដាប់អាវុធមាន នគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី រួមទាំងអាជ្ញាធរមូលដ្ឋាន បានសហការជាមួយមន្ទីរបរិស្ថានខេត្ត និងប្រជាពលរដ្ឋ បានចាត់វិធានការទប់ស្កាត់ សកម្មភាព សត្វដំរីចុះប្រេង ១ក្បាលខាងលើនេះ ដែលបានដើរអុកឡុកផ្ទះអ្នកភូមិ ជនជាតិដើមភាគតិច នៅភូមិពូតាំងដោយការប្រើកាំជ្រួញបាញ់ឡើងលើ និងដុតភ្នក់ភ្លើង ដើម្បីបញ្ឆោត និងបង្ការកុំឲ្យចូលមកក្នុងភូមិវិញ។

ដើម្បីទប់ស្កាត់ សកម្មភាពសត្វដំរីឈ្មោល១ក្បាល ដែលចុះប្រេងនោះ អាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរីចំនួន២គ្រឿង ចូលទៅស្វែងរកសត្វដំរី ដើម្បីបញ្ឆោត និងបង្អាក់សកម្មភាពអុកឡុក ផ្ទះប្រជាពលរដ្ឋ ព្រមជាមួយនឹងការរង់ចាំមន្រ្តី ជំនាញមកបាញ់ថ្នាំសណ្ដំ។

ប៉ុន្តែការចូលទៅរុករកមិនបាន ប៉ុន្មាននាទីផង ក៏ត្រូវសត្វដំរីចេញពីក្នុងព្រៃ រត់សំដៅទៅឈ្មូស ដោយប្រើភ្លុករបស់វា បុករថយន្តពន្លត់អគ្គិភ័យ ពីខាងក្រោយបណ្ដាលឲ្យរងការខូចខាត ហេីយមន្ត្រីនគបាលដែលចូលរូមមានការភ័យស្លន់ស្លោផងដែរដោយឃេីញ សត្វមួួយនេះវា មិនខ្លាចអីសោះ ភ្លាមនោះ សមត្ថកិច្ចបានផ្ទុះអាវុធឡើងលើ ជាច្រើនគ្រាប់ ទើបសត្វដំរីនោះ រត់ចូលទៅក្នុងព្រៃវិញ។

ខណៈសត្វដំរីរត់ចូលទៅក្នុងព្រៃបាត់ អាជ្ញាធរបានជម្លៀស ប្រជាពលរដ្ឋចេញពីផ្ទះ ទៅទីធ្លាសាលារៀនដែលមានសុវត្ថិភាព និងមានការយាមកាម ពីកម្លាំងកងរាជអាវុធហត្ថខេត្ត។

មួយសន្ទុះក្រោយមក នៅវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ សត្វដំរីឈ្មោលដែលចុះប្រេង រួមជាមួយ នឹងដំរីញី១ក្បាលនេះបានចេញពីក្នុងព្រៃវិញ ក៏ត្រូវកម្លាំងនគរបាល បាញ់សំដៅជើងខាងមុខទាំង២ បណ្ដាលឲ្យរងរបួស ដើរទៅមុខលែងរួច ក៏នៅសំងំខាងមុខផ្ទះ ប្រជាពលរដ្ឋតែម្ដង៕

 

សូមជួយស៊ែរព័ត៌មាននេះផង: